ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ចោទប្រកាន់ចៅក្រមតុលាការខេត្តរតនគិរី ថាបង្ខំឲ្យគាត់រុះរើផ្ទះចេញពីដីកំពុងរស់នៅ។ ចៅក្រមរូបនោះគំរាមទៀតថា បើម្ចាស់ផ្ទះមិនអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការនោះទេ គេនឹងចាត់វិធានការរុះរើដោយគ្មានការទទួលខុសត្រូវ។
ចំណែកមន្ត្រីសិទ្ធិមនុស្សវិញអះអាងថា ការបង្ខំឲ្យរុះរើផ្ទះនេះ គឺជាការអនុវត្តសាលក្រមតុលាការ ស្ដីពីការរឹបអូសដីពីម្ចាស់ដីដែលបានជំពាក់ប្រាក់ម្ចាស់បំណុល។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីចៅក្រមតុលាការសាលាដំបូងខេត្តរតនគិរី លោក សួស ឡា ពន្យារពេល ១៥ថ្ងៃសម្រាប់ការរុះរើផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋឈ្មោះ មាស សុភាព ខណៈក្រុមសមត្ថកិច្ចបានអនុវត្តសាលដីការុះរើដោយបង្ខំទៅលើផ្ទះមួយខ្នងផ្សេងទៀត នៅលើទីតាំងដីជាមួយគ្នាលើផ្ទៃដីទំហំជាង ៨អា ឋិតក្នុងភូមិភ្នំស្វាយ។
ប្រជាពលរដ្ឋដែលអះអាងថាជាជនរងគ្រោះ គឺលោក មាស សុភាព បញ្ជាក់ឲ្យដឹងថា លោកបានទិញដីទំហំ ១០០ម៉ែត្រក្រឡាពីទំហំដីជាង ៨អា របស់ឈ្មោះ អ៊ុន សារិត្យ និងប្រពន្ធឈ្មោះ ទូច ណៃអេង តាំងពីឆ្នាំ២០០៩ ដោយមានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីដែលទិញនោះ ក៏ប៉ុន្តែមិនទាន់បានធ្វើប័ណ្ណសម្គាល់កាន់កាប់អចលនៈបំបែកចេញពីប្លង់ដីម្ចាស់ដើមនៅឡើយ។
លោកបន្តថា នៅឆ្នាំ២០១២ ម្ចាស់ដីខាងលើជំពាក់ប្រាក់ឈ្មោះ ស្រេង សុខហួរ និងម្តាយឈ្មោះ យ៉ែម លីឡា ហើយតុលាការបានចេញដីការឹបអូសដីរបស់ឈ្មោះ អ៊ុន សារិត្យ លក់ឡាយឡុង ដើម្បីយកប្រាក់សងម្ចាស់បំណុល ក៏ប៉ុន្តែអ្វីដែលជាភាពអយុត្តិធម៌ចំពោះលោក គឺតុលាការបានរឹបអូសយកទាំងដីដែលលោកបានទិញពីឈ្មោះ អ៊ុន សារិត្យ មុនពេលកើតមានរឿងក្តីជំពាក់ប្រាក់នោះទៅទៀត៖ «រំលោភសិទ្ធិខ្ញុំទាំងស្រុង ព្រោះខ្ញុំធ្វើផ្ទះលើដីរបស់ខ្ញុំ ដាក់ខ្ញុំជាកូនបំណុល ខ្ញុំអត់ព្រម ព្រោះខ្ញុំមិនមែនជំពាក់បំណុល»។
កាលពីថ្ងៃទី២៨ ខែតុលា កងរាជអាវុធហត្ថប្រមាណ ២០នាក់ ដឹកនាំដោយប្រធានតុលាការខេត្តរតនគិរី បានបង្ខំរុះរើផ្ទះទាំងពីរកន្លែងរបស់ លោក អ៊ុន សារិត្យ និងលោក មាស សុភាព ដោយសំអាងថា ជាការអនុវត្តសាលក្រមស្ថាពររបស់ចៅក្រមតុលាការខេត្តរតនគិរី បើទោះបី លោក មាស សុភាព បានប្ដឹងជំទាស់ទៅនឹងសាលក្រមនេះក្នុងនាមជាជនទីបី ដែលមានលិខិតស្នាមទិញដីនោះពី លោក អ៊ុន សារិត្យ យ៉ាងណាក្តី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីចៅក្រមតុលាការខេត្តរតនគិរី គឺលោក សួស ឡា ជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៩ ខែតុលា។
ទាក់ទិនរឿងក្តីនេះដែរ អតីតចៅក្រមជំនុំជម្រះរឿងក្តីខាងលើ គឺលោក អ៊ី សុវណ្ណ កត់សម្គាល់ថា លោកបានចាត់ការរឿងក្តីនេះពីរជំហាន បន្ទាប់ពីបើកសវនាការសម្រេចឲ្យលក់ដីទំហំជាង ៨អា របស់កូនបំណុលកាលពីឆ្នាំ២០១៣។ លោកក៏បានចេញសេចក្តីប្រកាសជូនដំណឹងពីការលក់ឡាយឡុងដីនោះ ជូនដល់ភាគីពាក់ព័ន្ធធ្វើការតវ៉ា និងបានចុះវាស់វែងដីនោះត្រឹមត្រូវ។ លោកកត់សម្គាល់ទៀតថា ភាគីពាក់ព័ន្ធធ្វេសប្រហែសមិនបានប្ដឹងតវ៉ាក្នុងអំឡុងពេលកំណត់ប្ដឹងទាស់នឹងសាលក្រមតុលាការ ទើបសាលក្រមចូលជាស្ថាពរ ហេតុនេះសិទ្ធិប្ដឹងទាស់របស់ភាគីពាក់ព័ន្ធ ត្រូវចាត់ទុកជាមោឃៈ៖ «មានន័យថា បើរឿងហ្នឹងកើតឡើងគាត់ដាក់ប្ដឹងមក យើងទាមទារចំណែកដែលឈ្មោះហ្នឹងបានកាត់ប្លង់ដីផ្ទះមួយចំណែកណាមួយនោះ។ ខ្ញុំបានធ្វើពីរជំហាន តែគាត់ព្រងើយកន្តើយ គាត់ថាគាត់ទិញរួចហើយ គ្មានអ្នកណាយកដីគាត់បានទេ គាត់សួរអ្នកច្បាប់»។
មន្ត្រីផ្នែកច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក គឹត ទូច ថ្លែងបញ្ជាក់ថា ភាគី លោក មាស សុភាព អាចស្នើសុំឲ្យតុលាការសាលាដំបូងខេត្តរតនគិរី ផ្អាកការអនុវត្តសាលក្រមបង្ខំរុះរើផ្ទះជាបណ្ដោះអាសន្ន ដើម្បីស្វែងរកលទ្ធភាពតវ៉ាផ្លូវច្បាប់បង្ហាញថា ដីនោះលោកពិតជាបានទិញពីម្ចាស់ដីដែលជំពាក់បំណុលគេ និងមានលិខិតសំអាងសិទ្ធិកាន់កាប់ដី មានមន្ត្រីអាជ្ញាធរមូលដ្ឋានទទួលស្គាល់។ ករណីបែបនេះ ភាគី លោក មាស សុភាព អាចដាក់ពាក្យស្នើសុំផ្អាកអនុវត្តដីកាដូចគ្នានេះទៅស្ថាប័នតុលាការសាលាឧទ្ធរណ៍ និងតុលាការសាលាកំពូល បន្តទៀត ប្រសិនចៅក្រមសាលាដំបូងមិនយល់ព្រម៖ «ហេតុផលផ្លូវច្បាប់ យើងនៅមានជម្រើសផ្សេងទៀត គឺប្ដឹងទៅខាងជំនាញសុរិយោដី ឬប្ដឹងទៅតុលាការដដែល ក្នុងដំណើរការធ្វើប័ណ្ណកម្មសិទ្ធិដែលអនុវត្តធ្វើឲ្យបាត់សិទ្ធិគាត់»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ដែលបានចុះអង្កេតករណីនេះ រកឃើញថា មានភាពមិនប្រក្រតីមួយចំនួន ដែលបង្កឲ្យមានភាពអយុត្តិធម៌ពីរផ្នែកចំពោះម្ចាស់ដី គឺលោក អ៊ុន សារិត្យ និងលោក មាស សុភាព ក្នុងរឿងក្តីនេះ គឺតុលាការមិនបានផ្តល់ព័ត៌មានទូលំទូលាយពីសាលដីការឹបអូសដីជាង ៨អា ដែលពាក់ព័ន្ធម្ចាស់កាន់កាប់ពីរនាក់។ ចំណែកដីដែលប្រកាសលក់ឡាយឡុង ត្រូវបានលក់ទៅឲ្យឈ្មោះ លី សុវណ្ណារ៉ា ជាកូនប្រសាដើមបណ្ដឹង ដែលច្បាប់ចាត់ទុកជាសហព័ទ្ធនៃភាគីជម្លោះ គឺមិនអនុញ្ញាតឲ្យទិញដីនោះបានទេ ជាពិសេសទៀត គឺតម្លៃដេញថ្លៃលក់ដីដែលរឹបអូសទាបត្រឹម ៧៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃទីផ្សារលក់ដីបច្ចុប្បន្នជាង ១៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែតុលាការសម្រេចឲ្យរឹបអូសសងប្រាក់បំណុលត្រឹម ៥ម៉ឺនដុល្លារ។
លោកអំពាវនាវសុំឲ្យក្រសួងយុត្តិធម៌ សើរើរឿងក្តីនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
