ជនជាប់ចោទ ៤នាក់ ចោទពីបទកាន់កាប់ដីសាធារណៈខុសច្បាប់នៅខេត្តប៉ៃលិន ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ នៅល្ងាចថ្ងៃទី១០ កក្កដា តាមសាលដីកាសាលាឧទ្ធរណ៍។
មេធាវីការពារជនជាប់ចោទ អ្នកស្រី គា សុផល អះអាងថ្ងៃទី១០ កក្កដា ថា ការដោះលែងជនទាំង ៤នាក់ ឲ្យនៅក្រៅឃុំនោះ តាមអំណាចសាលដីកាសាលាឧទ្ធរណ៍ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លោក ហ៊ាន រិទ្ធ បន្ទាប់ពីអ្នកស្រីបានដាក់ពាក្យបណ្ដឹងសុំឲ្យសាលាឧទ្ធរណ៍ដោះលែងកូនក្ដីអ្នកស្រី កាលពីដើមខែកក្កដា រួចមក។ អ្នកស្រីឲ្យដឹងថា ជនជាប់ចោទទាំង ៤នាក់នោះ មានស្រីពីរ ប្រុសពីរ គឺឈ្មោះ ទួត ម៉ាក់ និង ពេជ្រ សុធា ភេទប្រុស ឈ្មោះ អោម សំអុល និង អោម សំអាត ភេទស្រី។
អ្នកស្រីបន្តថា អ្នកទាំងបួនជាប់ចោទពីបទកាន់កាប់ដីសាធារណៈ តែតាមការអះអាងរបស់ជនជាប់ចោទ ខុសពីការចោទប្រកាន់ គឺពួកគាត់ជាជនរងគ្រោះ ដោយដីរបស់ពួកគាត់ត្រូវបានឈ្មោះ បាន សុខ និងឈ្មោះ បាន ទូច ដែលត្រូវជាបងប្អូនប្រពន្ធចៅហ្វាយខេត្តប៉ៃលិន លោក អ៊ី ឈាន រំលោភយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
