ចៅក្រមសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋ ៤នាក់ទៀត ដែលតុលាការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុន អេស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២៧ តុលា ទោះបីជាតំណាងអយ្យការស្នើសុំដាក់ករណីនេះក្រោមការត្រួតពិនិត្យរបស់តុលាការ។
តំណាងពលរដ្ឋរូបនោះមានឈ្មោះ ផន ណុល អាយុ ៤៨ឆ្នាំ ភេទប្រុស ជាជនពិការដៃម្ខាង រស់នៅក្នុងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានចៅក្រមលោក ខាំ សុផារី សម្រេចឃុំខ្លួន តែត្រូវបានសង្គមស៊ីវិលចាត់ទុកថា នេះជាការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋដែលតវ៉ាជម្លោះដីជាមួយក្រុមហ៊ុនមានអំណាច។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកោះកុង លោក នាង បូរ៉ាទីណូ បានឲ្យដឹងថា ក្រុមពលរដ្ឋដែលតុលាការចោទប្រកាន់នោះ គ្រាន់តែរក្សាទុកសម្ភារៈសំណង់របស់ក្រុមហ៊ុន ដែលសង់របងលើដីរបស់ពលរដ្ឋដែលបានលក់ឲ្យក្រុមហ៊ុន ដោយបានបិទផ្លូវទៅស្រែចម្ការរបស់ពលរដ្ឋកាលពីដើមឆ្នាំ២០១៣ ហើយពលរដ្ឋបានចេញលិខិតបញ្ជាក់ថា នឹងមិនមានការបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារៈនោះទេ ល្គឹកណាមានការព្រមព្រៀងគ្នាជាមុនសិន។
លោក នាង បូរ៉ាទីណូ បន្តថា លោកបានតស៊ូមតិនឹងចៅក្រម ប៉ុន្តែត្រូវចៅក្រមឆ្លើយតបថាការឃុំខ្លួននេះ ដោយសារកន្លងទៅពេលតុលាការកោះហៅតំណាងពលរដ្ឋមកសាកសួរ ក្រុមប្រជាពលរដ្ឋនោះតែងតែស្រែកច្រៀងឡូឡាក្រៅរបងតុលាការ និងចាំរកយុត្តិធម៌ជូនលោក ផន ណុល នៅពេលក្រោយ « វាមែនជារឿងមួយដែលត្រូវដាក់គាត់ក្នុងពន្ធនាគារ អ៊ីចឹងរូបភាពបែបនេះ ការឃុំគាត់នេះ ដូចជាដាក់គំនាប បំបាក់ស្មារតីតំណាងប្រជាពលរដ្ឋដែលតវ៉ាក្នុងរឿងដីធ្លី កុំឲ្យគាត់មានការតវ៉ាតទៅទៀត »។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយបំភ្លឺពីលោកចៅក្រម ខាំ សុផារី នៅថ្ងៃទី២៧ តុលានេះ។
ក្រៅពីតំណាងពលរដ្ឋដែលត្រូវចៅក្រមសម្រេចឃុំខ្លួនរូបនេះ ចៅក្រមសាលាដំបូងខេត្តកោះកុង នឹងបន្តកោះហៅតំណាងពលរដ្ឋម្នាក់ម្ដងៗ ៣រូបទៀតមកឆ្លើយបំភ្លឺនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។