តំណាងរាស្ត្រ​បក្ស​ប្រជាជន​​ជួប​​អ្នក​ភូមិ​ឡពាង​​នៅ​ភ្នំពេញ

0:00 / 0:00

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង អ្នកស្រី កែ ច័ន្ទមុនី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ចុះ​សួរ​សុខទុក្ខ​អ្នក​ភូមិ​ឡ​ពាង ចំនួន​ជាង ៧០​នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​តំបន់​បឹងកក់។ អ្នកស្រី​បាន​បដិសេធ​ញត្តិ​ស្នើសុំ​ដំណោះស្រាយ​រឿង​ដីធ្លី​របស់​អ្នកភូមិ ​ប៉ុន្តែ​បាន​សន្យា​ថា នឹង​ទទួល​យក​សំណូមពរ​នោះ​នៅ​ពេល​អ្នក​ភូមិ​វិល​ត្រឡប់​ទៅ​ភូមិ​វិញ។

​តំណាង​អ្នកភូមិ​ឡពាង ហៅ​ការ​ចុះ​សួរ​សុខទុក្ខ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ឆ្នាំង​នេះ ថា​ជា​ល្បែង​ពន្លត់​កំហឹង​អ្នក​ភូមិ​ដែល​ដើរ​ពី​ខេត្ត​នោះ​មក​ដល់​ភ្នំពេញ ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។

ក្រុម​អ្នក​ភូមិ​ឡពាង ដែល​កំពុង​ស្នាក់នៅ​តំបន់​បឹងកក់ ប្រកាន់​ជំហរ​មិន​ត្រឡប់​ទៅ​ភូមិ​វិញ​ឡើយ គឺ​នៅ​តែ​តស៊ូ​ទាមទារ​រក​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី និង​ដោះលែង​អ្នកភូមិ ៥​នាក់​ដែល​កំពុង​ជាប់​ឃុំ។

តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ុំ សុភី ថ្លែង​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រញាប់​ប្រញាល់​មក​លួងលោម​អ្នកភូមិ​ឡពាង ឲ្យ​ត្រឡប់​ទៅ​ខេត្ត​កំពង់ឆ្នាំង​វិញ ព្រោះ​ខ្លាច​ធ្លាក់​តំណែង​​បើ​យោង​តាម​ប្រសាសន៍​នាយករដ្ឋមន្ត្រី កាល​ពី​ដើម​សប្ដាហ៍​នេះ។

អ្នកស្រី​ថា​អ្នកភូមិ​មិន​ចាញ់​កល​នេះ​ទេ បើ​ពិតជា​ចង់​ដោះស្រាយ គឺ​ដោះ​បញ្ហា​តាំង​ពី​មុន​អ្នក​ភូមិ​មិន​ទាន់​ចាកចេញ​ពី​ភូមិ​ឡពាង មក​ភ្នំពេញ​ម្ល៉េះ៖ «ព្រោះ​ថា ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ អ្នកស្រែ​ចំការ ត្រូវការ​ដី បើ​អស់​ដី ក៏​អស់​ឆ្នាំ​បាយ និង​​អស់​ជីវិត​ខ្លួន​ឯង​ដែរ។ សម្រាប់​ខ្ញុំ ប្រហែល​ជា​គ្មាន​ទំនុក​ចិត្ត​លើ​គាត់​ទេ ព្រោះ​ថា ពួក​ខ្ញុំ​មិន​ជឿជាក់​ក្នុង​ការ​ដោះស្រាយ​របស់​គាត់​ទេ បើ​គាត់​ដោះស្រាយ​គឺ​ដោះស្រាយ​បាន​យូរ​ណាស់​ហើយ មិន​អូស​បន្លាយ​រយៈពេល​ជិត ១០​ឆ្នាំ​ទេ ដែល​ឲ្យ​ពួក​ខ្ញុំ​តស៊ូ​យ៉ាង​វេទនា ត្រូវ​គេ​វ៉ៃ ធ្វើ​បាប ចាប់​ម្ដាយ​ក្មេក​ខ្ញុំ​​ដាក់​គុក ឥឡូវនេះ​ចាប់​ទាំង​ប្តី​ខ្ញុំ​ដាក់​គុក​ទៀត»

​អ្នកស្រី អ៊ុំ សុភី បន្ត​ថា បើ​ទោះ​ជា​ប្រកាន់​ជំហរ​ដូច្នេះ​ក្តី ក៏​ពួកគាត់​បាន​ស្នើ​អោយ​តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង អ្នកស្រី កែ ច័ន្ទមុនី ដែល​ចុះ​សួរ​សុខ​ទុក្ខ​អ្នក​មក​ពី​​ភូមិ​ឡពាង សុំ​ដោះស្រាយ​សំណើ​ចំនួន ៣​ចំណុច៖ «ទី​១ ដោះលែង​សកម្មជន​ដីធ្លី​ទាំង ៥​នាក់​មក​វិញ ឲ្យ​មាន​សុវត្ថិភាព​ដោយ​គ្មាន​លក្ខខណ្ឌ។ ទី​២ សុំ​ឲ្យ​​ដោះស្រាយ​រឿង​ដីធ្លី​របស់​ពួក​ខ្ញុំ​មក​វិញ​ជា​បន្ទាន់។ ទី​៣ បញ្ឈប់​ក្រុមហ៊ុន​នោះ ធ្វើ​របង​ជាបន្ទាន់ ហើយ​ដោះស្រាយ​ប្រគល់​ដី​ឲ្យ​ពួក​ខ្ញុំ​វិញ​មក»

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី កែ ច័ន្ទមុនី ថ្លែង​ថា អាជ្ញាធរ​ដឹង​ពី​សុខទុក្ខ និង​ការ​លំបាក​របស់​អ្នកភូមិ​ឡពាង ទើប​អ្នកស្រី​មក​ស្នើសុំ​ឲ្យ​អ្នក​ភូមិ​ត្រឡប់​ទៅ​វិញ ហើយ​ចាប់​ផ្ដើម​ដោះស្រាយ​បញ្ហា អ្នក​ជាប់​ពន្ធនាគារ ៥​នាក់​សិន។ អ្នកស្រី​ក៏​បាន​សុំ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ឡើង​មក​ភ្នំពេញ សរសេរ​ឈ្មោះ​ក្នុង​ញត្តិ​សុំ​ដោះស្រាយ​បញ្ហា​នៅ​ភូមិ​ឡពាង​នោះ ងាយស្រួល​ដឹង​ចំនួន​អ្នក​តវ៉ា​ពិត​ប្រាកដ៖ «ឥឡូវ​យើង​ដោះ​ម្ដង​ទាំង​អស់ គឺ​ដោះ​មិន​ចេញ​ទេ ឥឡូវ​គិត​សំណូមពរ​ធ្វើ​ម៉េច ដោះលែង​មនុស្ស ៥​នាក់​នោះ​សិន»

ចំពោះ​អ្នកស្រី ទេព វន្នី តំណាង​អ្នកភូមិ​បឹងកក់ ថ្លែង​កោត​សរសើរ​អ្នក​ភូមិ​ឡពាង ដើរ​មក​ភ្នំពេញ មិន​បាន​១​សប្ដាហ៍​ផង ធ្វើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួប​ផ្ទាល់​ដល់​កន្លែង​​ស្នាក់នៅ​បណ្ដោះអាសន្ន។ ផ្ទុយ​ពី​អ្នកភូមិ​បឹងកក់ មិន​ដែល​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា មក​សាកសួរ​ម្ដង​ណា​ទេ ព្រោះ​ការ​តវ៉ា​នៅ​ភ្នំពេញ ជិត​ផ្ទះ​តំណាងរាស្ត្រ​ទាំង​នោះ​ពេក៖ «តំណាងរាស្ត្រ​ពេញ​មួយ​ភ្នំពេញ នៅ​ក្បែរៗ​ហ្នឹង​ទាំង​អស់។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​​ច្រើន​ណាស់ អត់​ដែល​ឃើញ​ចុះ​មក​សួរ​សុខ​ទុក្ខ​ពួក​ខ្ញុំ​ទេ បើ​ថា ចុះ​មក​ដាក់​កងកម្លាំង​មក ដំបង​ឆក់ ខែល កាំភ្លើង វ៉ៃ​យកៗ​តែម្ដង ហើយ​និង​ចាប់​ដាក់គុក។ នេះ​ខ្ញុំ​ជូន​ព័ត៌មាន​ឲ្យ​បងប្អូន​ឲ្យ​ដឹង​ទេ ទោះ​បី​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ជា​ផ្លូវការ​ថា គាត់​ដោះស្រាយ​ជូន​បងប្អូន​ក៏ដោយ ក៏​ជា​និមិត្តសញ្ញា​​មួយ​ថា បងប្អូន​មាន​តម្លៃ មាន​ក្តី​សង្ឃឹម​ខ្លះ​ហើយ ទោះ​មិន​មាន​ច្រើន​ក៏​តិចៗ​ដែរ ដោយសារ​គាត់​ទទួល​ស្គាល់​ថា បងប្អូន​ជា​អ្នក​ឡពាង»

​តំណាង​អ្នកភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សុភី បញ្ជាក់​ថា ផ្ទៃ​ដី ១៨២​ហិកតារ ដែល​អ្នក​ភូមិ​ឡ​ពាង ៨២​គ្រួសារ រង់ចាំ​ការ​ដោះស្រាយ​ទាមទារ​ដី​នោះ​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។