គណៈកម្មការចម្រុះដោះស្រាយបញ្ហាវិវាទដីធ្លីនៅភូមិឡពាង បានកើតចេញជារូបរាងហើយ ប៉ុន្តែនៅក្នុងជួរគណៈកម្មការនោះ ពុំមានសមាសភាពចេញពីតំណាងប្រជាពលរដ្ឋនោះទេ។ ក្រុមអ្នកភូមិ និងមន្ត្រីសមាគមអាដហុក (Adhoc) បានប្រតិកម្មចំពោះគណៈកម្មការនេះ និងទាមទារឲ្យដកសមាជិកនៃគណៈកម្មការមួយចំនួនចេញ ដោយខ្លួនអះអាងថា អ្នកទាំងនោះមានជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ក្នុងរឿងដីធ្លីនេះ។
សមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមីនា បានធ្វើសំណើទៅកាន់អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សុំដកសមាជិកនៃគណៈកម្មការដែលបានបង្កើតឡើងចំនួន ៤រូប គឺមានទី១ លោក ថៃ ហ៊ី ទី២ លោក ឡំ ឡី ទី៣ លោក ដង គ្រីយ៉ា និងទី៤ លោក ជួប ច័ន្ទធឿន បន្ទាប់ពីដឹងថា អ្នកទាំងនោះមានការជាប់ពាក់ព័ន្ធច្រើនក្នុងរឿងដីធ្លីអ្នកភូមិឡពាង។
គណៈកម្មការចម្រុះដែលមានសមាសភាពចំនួន ១៥រូប ក្នុងនោះមានអភិបាលរងខេត្តកំពង់ឆ្នាំង អ្នកស្រី ដោក សុធា ជាប្រធាន និងអនុប្រធានចំនួន ២រូប គឺទី១ អភិបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល ច័ន្ទថូ និងទី២ លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ព្រមទាំងសមាជិកចំនួន ១២រូបផ្សេងទៀត។ សមាសភាពនេះត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះហត្ថលេខាសម្រេចបង្កើតឡើងនៅថ្ងៃទី៣ ខែមីនា ដើម្បីដោះស្រាយវិបត្តិដីធ្លីរបស់អ្នកភូមិឡពាង និងភូមិបឹងកក់ ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង ភរិយារបស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា មានប្រសាសន៍ថា ក្នុងករណីតំណាងប្រជាពលរដ្ឋមិនបានចូលក្នុងជួរគណៈកម្មការចម្រុះនេះ ភាគីពលរដ្ឋគប្បីមានជំនួយការមេធាវីដើម្បីអមពួកគាត់។ លោកបន្តថា ការបង្កើតគណៈកម្មការរបស់រដ្ឋាភិបាល ឬអាជ្ញាធរកន្លងមក មិនសូវបានគិតគូរពីជំនាញអ្វីឡើយ គឺបង្កើតឡើងឲ្យតែមានចំនួននៃសមាជិកគណៈកម្មការច្រើនប៉ុណ្ណោះ៖ «ឥឡូវនេះ យើងកំពុងធ្វើពាក្យស្នើសុំទៅឯកឧត្ដមអភិបាលខេត្ត ឲ្យផ្លាស់ប្ដូរអ្នកហ្នឹងចេញ បើសិនជាអភិបាលខេត្តលោកមិនធ្វើការផ្លាស់ប្ដូរអ្នកហ្នឹងចេញទេ យើងអត់អាចចូលទៅបានទេ ពីព្រោះវាអត់ប្រយោជន៍។ វាអត់ដែលមានគណៈកម្មការណាដែលធ្វើការដេញដោលសមាជិកខ្លួនទេ ប្រសិនជាស្វែងរកការពិត ត្រូវតែធ្វើការដេញដោលនៅលើមនុស្ស ៤នាក់នេះ ពាក់ព័ន្ធនឹងរឿងជម្លោះហ្នឹង»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងអភិបាលរងខេត្ត អ្នកស្រី ដោក សុធា ដែលជាប្រធានគណៈកម្មការចម្រុះនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ក៏ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាននៅថ្ងៃទី៧ ខែមីនា។
ទោះជាយ៉ាងណា មេឃុំតាជេស និងជាសមាជិកម្នាក់ក្នុងជួរគណៈកម្មការម្នាក់ លោក សួស ស៊ីផៃ ថ្លែងយ៉ាងខ្លីថា លោកទើបតែទទួលបានព័ត៌មានថា ក្រុមប្រជាពលរដ្ឋមិនពេញចិត្ដចំពោះគណៈកម្មការដែលបានបង្កើតឡើងនេះ ប៉ុន្តែអាជ្ញាធរ និងភាគីក្រុមហ៊ុន កំពុងសម្រួលលើបញ្ហានេះហើយ៖ «កំពុងតែគិតហ្នឹងហើយ តែវាមិនជាយ៉ាងម៉េច។ និយាយឲ្យចំ អ្វីដែលមិនទាន់ធ្វើ គឺអត់ទស្សន៍ទាយបានទេ។ គេមិនឲ្យវាមានផលលំបាកទេ អានេះព្រោះគាត់ដឹងមិនទាន់អស់ ហើយវាទើបថ្មីអ៊ីចឹង»។
តំណាងអ្នកភូមិឡពាង លោក រាជ សីម៉ា មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី៧ ខែមីនា ក្រុមប្រជាពលរដ្ឋចំនួន ២០នាក់ បានជួបជុំគ្នានៅក្នុងភូមិ ដើម្បីពិភាក្សាអំពីសមាសភាពនៃគណៈកម្មការដែលមានការសម្រេចពីអាជ្ញាធរខេត្ត តបតាមការស្នើសុំរបស់ភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី។ ក្រោយពីបានពិភាក្សាគ្នា ក្រុមអ្នកភូមិទាមទារដាច់ខាតឲ្យមានការដាក់បញ្ចូលសមាសភាពពីភាគីប្រជាពលរដ្ឋ ទើបពួកគាត់ទទួលស្គាល់គណៈកម្មការនេះ៖ «ពួកក្រុមខ្ញុំក៏បានជជែកគ្នាថា គាត់មិនអាចទទួលយកបានទេ ដោយសារតែអ្នកទាំងអស់ហ្នឹងសុទ្ធតែជាអ្នកដែលអារំលំផ្ទះរបស់ប្រជាជន ហើយយកមកធ្វើគណៈកម្មការក្នុងការដោះស្រាយវិវាទហ្នឹង ពួកខ្ញុំអត់ទទួលយកបានទេ»។
ជម្លោះដីធ្លីរវាងអ្នកភូមិឡពាង និងក្រុមហ៊ុន ខេ.ឌី.ស៊ី បានអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំហើយ។ បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋចំនួន ៥២គ្រួសារទៀតដែលអះអាងថា ខ្លួនកំពុងតែជាប់ពាក់ព័ន្ធបញ្ហាដីធ្លីជាមួយក្រុមហ៊ុន។ ការសម្រេចបង្កើតគណៈកម្មការចម្រុះនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានជំនួបក្រៅផ្លូវការរវាងប្រធានក្រុមហ៊ុន ខេ.ឌី.ស៊ី ជាមួយអាជ្ញាធរឃុំតាជេស និងមន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
