ព្រៃឈើ​ជាង​១០​ហិកតារ​ត្រូវ​ឈ្មួញ​ឈូស​ឆាយ​នៅ​រតនគិរី

នៅ​ខេត្ត​រតនគិរី ព្រៃឈើ​ត្រូវ​គេ​លក់​ដូរ ហើយ​អ្នក​ទិញ​ដី​នៅ​តែ​បន្ត​កាប់​រាន​ព្រៃឈើ​ដើម្បី​យក​ដី​ដដែល។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃឈើ អង្គការ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​ដូរ​ដី​ព្រៃឈើ​នេះ។

0:00 / 0:00

ព្រៃឈើ​ប្រមាណ​ជាង ១០​ហិកតារ​ថ្មី​ទៀត ត្រូវ​បាន​គេ​ឈូស​ឆាយ​ដើម្បី​យក​ដី នៅ​ឃុំ​តាលាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។

សេចក្តី​រាយការណ៍​របស់​សហគមន៍​ភូមិ​កាណាតធំ ឃុំ​តាលាវ ឲ្យ​ដឹង​ថា ព្រៃឈើ​នេះ​ត្រូវ​គេ​ឈូស​ឆាយ​ប្រមាណ​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ។ អ្នក​ជួល​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃឈើ​នោះ​មាន​ឈ្មោះ សេង ពិសិដ្ឋ រស់នៅ​សង្កាត់​បឹងកន្សែង ក្រុង​បានលុង ដោយ​សម្អាង​ថា ដី​ព្រៃ​នោះ​គេ​បាន​ទិញ​ពី​សហគមន៍​ជនជាតិ​ដើម​ភូមិ​កាណាតធំ។

អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារឹទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ការងារ​នៃ​អាជ្ញាធរ​ស្រុក ខេត្ត បាន​ចាត់​វិធាន​ការ​បញ្ឈប់​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ព្រៃ​នោះ​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ ស៊ីអរឌី (CRV) ប្ដឹង​ពី​ករណី​ឈូស​ឆាយ​ព្រៃ​ស្ថិត​ក្នុង​ផ្ទៃដី​ក្រុមហ៊ុន។ លោក​បន្ត​ថា ដី​ព្រៃ​នេះ​ត្រូវ​គេ​លក់​ដូរ​តាំង​ពី​ឆ្នាំ​២០០៧ មុន​ពេល​លោក​ចូល​កាន់​តំណែង​នៅ​មូលដ្ឋាន​នេះ។ បច្ចុប្បន្ន ដី​ព្រៃ​នោះ​រដ្ឋ​បាន​ប្រគល់​ជា​ដី​សម្បទាន៖ «យើង​ត្រឡប់​មក​វិញ គាត់​បន្ត​ការ​ឈូស​ឆាយ​ត​ទៅ​ទៀត។ ឥឡូវ យើង​ផ្អាក​ម្សិលមិញ​ទៀត​ហើយ កំណត់​ហេតុ​យើង​ធ្វើ​ថ្ងៃ​នេះ បញ្ជូន​ឲ្យ​ទៅ​ខេត្ត ដើម្បី​ឲ្យ​ខេត្ត​មាន​វិធាន​ការ»

ទាក់ទិន​ការ​ឈូស​ឆាយ​នេះ លោក សេង ពិសិដ្ឋ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​នេះ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ និង​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា លោក​យល់​ព្រម​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​សិន និង​រៀបចំ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​លើ​បញ្ហា​នេះ៖ «បញ្ហា​ត្រង់​ថា យើង​ជជែក​គ្នា​រវាង​ក្រុមហ៊ុន ហើយ​និង​ខ្ញុំៗ​មាន​ច្បាប់​ទម្លាប់​យ៉ាង​ម៉េច បាន​ខ្ញុំ​ឈូស​ឆាយ​ដាំដុះ​ឆ្នាំ​ហ្នឹង ហើយ​ក្រុមហ៊ុន​សម្អាង​អ្វី​បាន​ជា​គេ​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ឃាត់»

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​អ្នក​ភូមិ​លក់​នោះ មួយ​ចំណែក​ធំ​ជា​ដី​ព្រៃស្រោង និង​ពាក់​កណ្ដាល​ស្រោង និង​មួយ​ចំណែក​តូច​ជា​ដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍។ លោក​បន្ត​ថា មន្ត្រី​ព្រៃឈើ​បាន​ចុះ​ពិនិត្យ​ករណី​កាប់​រាន​ព្រៃឈើ​នេះ​រួច​ហើយ និង​បាន​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ៖ «កន្លែង​ដែល​គេ​ឈូស​ឆាយ​ហ្នឹង វា​មាន​ដី​កសិកម្ម​ពនេចរ ខ្លះ​តិចតួច រួច​ពី​ហ្នឹង​សុទ្ធ​តែ​ដី​ព្រៃ។ ហើយ​ការ​លក់​ទិញ​ដី​កសិកម្ម​ពនេចរ មាន​ស.ជ.ណ មួយ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​បាន​ហាម​មិន​ឲ្យ​លក់​ដី​ហ្នឹង​ទេ មិន​ស្រប​ច្បាប់​អ៊ីចឹង​ណា»

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រៃឈើ​ពាក់​កណ្ដាល​ស្រោង និង​ព្រៃ​ស្រោង​មិន​មែន​ជា​កម្មវត្ថុ​សម្រាប់​លក់​ដូរ ឬ​ផ្តល់​សម្បទាន​នោះ​ទេ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​វិធាន​ការ​អនុវត្តន៍​ច្បាប់​ព្រៃឈើ និង​គោលការណ៍​ផ្តល់​ដី​សម្បទាន ហើយ​ផ្ដន្ទាទោស​ជន​ពាក់ព័ន្ធ​លក់​ដី​ព្រៃឈើ អ្នក​កាប់​រាន​ព្រៃឈើ និង​អ្នក​ពាក់ព័ន្ធ​លក់​ដី​ចម្ការ​វិល​ជុំ​សហគមន៍៖ «ឃើញ​អា​រឿង​ហ្នឹង​ចេះ​តែ​បន្ត​ទៀត អត់​ឃើញ​ចំណាត់​ការ ទុក​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ។ នេះ​ជា​កំហុស​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ផ្លូវ​ច្បាប់​មិន​បាន​ផ្តល់​សិទ្ធិ​ឲ្យ​គាត់​ចុះ​ហត្ថលេខា​លក់​ទិញ​ដី​ព្រៃ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទេ»

ប្រធាន​សហគមន៍​ភូមិ​កាណាតធំ លោក សល់ ណើក មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អ្នក​ភូមិ និង​មន្ត្រី​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ចុះ​ហត្ថលេខា​លក់​កាល​ពី​ឆ្នាំ​២០០៧ ក្នុង​តម្លៃ ២៧០​ដុល្លារ​ក្នុង​ដី​មួយ​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។