កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ជិត​១៥០​គ្រួសារ​ក្នុង​សហគមន៍​អូដំរី

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​សកម្មភាព​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ​ខេត្ត​នេះ ថា​មាន​ភាព​មិន​ប្រក្រតី និង​មិន​បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដឹង​ជា​មុន​នោះ​ទេ។

បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៤ សង្កាត់​អូរត្រេះ ខណ្ឌ​ស្ទឹងហាវ នៃ​សហគមន៍​អូរដំរី បាន​អះអាង​ថា បាន​មក​តាំង​ទីលំនៅ​លើ​ដី​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ និង​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន។

មន្ត្រី​អង្គការ​លីកាដូ (Licadho) និង​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ចំពោះ​ការ​ចុះ​អនុវត្ត​សាលក្រម​របស់​តុលាការ​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ថា​ខុស​ទីតាំង​ដី​ទំនាស់​ដែល​ភាគី​ដើម​បណ្ដឹង ប្ដឹង​ប្រជាពលរដ្ឋ​ជា​ចុង​ចម្លើយ។

លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ ដែល​ចុះ​ទៅ​ដល់​ទីតាំង​អនុវត្ត​សាលក្រម មាន​ប្រសាសន៍​ថា ការ​ចុះ​អនុវត្ត​សាលក្រម​ដែល​មាន​ដើម​បណ្ដឹង​ឈ្មោះ លោកស្រី ហ៊ឹម សុវណ្ណរី និង​លោកស្រី ម៉ី ណាស្សា និង​ចុង​ចោទ​ឈ្មោះ ង៉ែត ចន្ធូ និង​ង៉ែត សុទិត ព្រម​ទាំង​តតិយជន គឺ​តុលាការ​មិន​បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដឹង​មុន​ទេ។ ជាង​នេះ ការ​អនុវត្ត​សាលក្រម​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ​អចិន្ត្រៃយ៍​នៅ​លើ​ដី​នេះ​មាន​ចំនួន ៤៥​ខ្នង នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា គឺ​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ចុះ​អនុវត្ត​ខុស​ទីតាំង​ទំនាស់។

លោក ប៊ួន ណារិទ្ធ បាន​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ជួយ​ពិនិត្យ ឬ​ចុះ​អង្កេត​ទៅ​លើ​សំណុំ​រឿង​ដីធ្លី​នៅ​សហគមន៍​អូរដំរី ឋិត​នៅ​ភូមិ​៤ សង្កាត់​អូរត្រេះ ខណ្ឌ​ស្ទឹងហាវ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជិត ១៤៩​គ្រួសារ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ។ លោក​បន្ត​ថា ក្នុង​ចំណោម​ពលរដ្ឋ​រស់នៅ​សហគមន៍​អូរដំរី ក្នុង​ភូមិ​៤ សង្កាត់​អូរត្រេះ ដែល​តុលាការ​ខេត្ត​ព្រះសីហនុ ចុះ​មក​អនុវត្ត​សាលក្រម​ស្ថាពរ​នេះ គឺ​មាន​ចំនួន ៣​លើក​រួច​ហើយ។ ការ​អនុវត្ត​លើក​ទី​១ នៅ​ឆ្នាំ​២០០៩ រុះរើ​ផ្ទះ​ពលរដ្ឋ ៧៨​ខ្នង និង​លើក​ទី​២ នៅ​ឆ្នាំ​២០១០ រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន ២៦​ខ្នង និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា នេះ រុះ​ផ្ទះ​អស់​ចំនួន ៤៥​ខ្នង មាន​ផ្ទៃដី​សរុប​ជាង ២៣​ហិកតារ។ ប៉ុន្តែ​ការ​ចុះ​អនុវត្ត​សាលក្រម​ជា​លើក​ទី​៣ នេះ ដែល​មាន​ដើម​បណ្ដឹង​ឈ្មោះ លោកស្រី ហ៊ឹម សុវណ្ណរី និង​លោកស្រី ម៉ី ណាស្សា គឺ​បាន​បែង​ចែក​ដី​ជូន​ពលរដ្ឋ​ដែល​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ភូមិ​៤ សង្កាត់​អូរត្រេះ ក្នុង​មួយ​គ្រួសារ​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ។ ហើយ​មាន​ពលរដ្ឋ​មួយ​ចំនួន ក៏​បាន​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ​ជា​ថ្នូរ​មិន​បន្ត​ការ​តវ៉ា​នា​ថ្ងៃ​អនាគត។

ចំណែក អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​អង្កេត​ចំពោះ​ការ​អនុវត្ត​សាលក្រម​តុលាការ​ខេត្ត​នេះ​ដល់​ទីតាំង​កើត​មាន​ទំនាស់ ក៏​បាន​អះអាង​ថា សំណុំ​រឿង​ក្តី​នេះ​មាន​ភាព​មិន​ប្រក្រតី ដោយសារ​តែ​ទីតាំង​ចុះ​អនុវត្ត​សាលក្រម​ខុស​ភូមិ ឬ​សង្កាត់​ជាដើម។ ជាង​នេះ អ្នកស្រី​បញ្ជាក់​ថា សំណុំ​រឿង​ក្តី​នេះ តុលាការ​ខេត្ត​ព្រះសីហនុ បាន​កាត់​ក្តី​កំបាំង​មុខ​ដោយ​មិន​បាន​អញ្ជើញ​ភាគី​ចុង​ចោទ​ទៅ​បំភ្លឺ ឬ​ត​តាំង​នៅ​ចំពោះ​មុខ​តុលាការ​ម្តង​ណា​ទេ។ បន្ថែម​លើ​នេះ នៅ​ពេល​ដែល​តុលាការ​បាន​មក​បិទ​សាលក្រម​ស្ថាពរ​នៅ​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ចុង​ចោទ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចុង​ចោទ​ដាក់​ពាក្យ​បណ្ដឹង​រក្សា​ការពារ​ទៅ​កាន់​តុលាការ ជំទាស់​ទៅ​នឹង​សាលក្រម​តុលាការ ប៉ុន្តែ​បែរ​ជា​តុលាការ​ខេត្ត​ព្រះសីហនុ មិន​ចាត់​ការ​ទៅ​វិញ។

ទាក់ទិន​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​អូរដំរី លោក ង៉ែត ចន្ធូ និង​ជា​ចុង​ចោទ​ម្នាក់ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​អង្កេត​លើ​ករណី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​បាន​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន ១៤៩​គ្រួសារ រស់នៅ​សង្កាត់​អូរត្រេះ ទៅ​ឲ្យ​បុគ្គល​មាន​អំណាច និង​ទ្រព្យ​ធន ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ។ លោក​បន្ត​ថា ដី​ទំនាស់​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​មក​តាំង​ទីលំនៅ​លើ​ដី​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់​ថែម​ទៀត។

ការ​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ ក៏​ឃើញ​មាន​វត្តមាន លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​បង្ហាញ​វត្តមាន​នៅ​ទីតាំង​កើត​មាន​ទំនាស់​នេះ​ដែរ ដើម្បី​សម្រប​សម្រួល​ខ្លាច​មាន​អំពើ​ហិង្សា។ ការ​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​នេះ ដឹក​នាំ​ដោយ​ចៅក្រម ញឹម ពិសាល ដោយ​មាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​រាប់​សិប​នាក់ បាន​ដាក់​ពង្រាយ​ជុំវិញ​ដី​ទំនាស់​នោះ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។