ស្ថានភាព​លំបាក​របស់​គ្រួសារ​មួយ​នៅ​ក្រចេះ​ក្រោយ​ក្រុមហ៊ុន​រំលោភ​យក​ដី

ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ខេត្ត​ក្រចេះ មិន​បាន​ទទួល​យុត្តិធម៌​ពី​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​មុន ស្ដីពី​ការ​វាស់​វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​របស់​គាត់​នោះ​ទេ។ ក្រុម​គ្រួសារ​គាត់​រង់ចាំ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​ការ​រំលោភ​យក​ដី​គាត់​ប្រមាណ ៣​ហិកតារ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ តាំង​ពី​ឆ្នាំ​២០១២ រហូត​មក ប៉ុន្តែ​មិន​ទាន់​បាន​លទ្ធផល។

0:00 / 0:00

ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ អ្នកស្រី ឈុត ឡាក់ កាល​ពី​អំឡុង​ខែ​កញ្ញា បាន​សម្រេច​កប់​សព​កូន​ប្រុស​អ្នកស្រី ដែល​ស្លាប់​ដោយសារ​ថ្នាំ​ពុល​នៅ​ក្បែរ​ផ្ទះ​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៤​អា នៅ​សេសសល់​ពី​ដី​ចម្ការ​របស់​គាត់​ប្រមាណ ៤​ហិកតារ ដែល​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ សំណាង អង្គរ បាន​ឈូស​ឆាយ​យក​ដី​វិនិយោគ​ដំណាំ​កៅស៊ូ។

មួយ​ថ្ងៃ​បន្ទាប់​នៃ​ការ​កប់​សព​កូន​ប្រុស​នោះ អ្នកស្រី និង​ប្ដី បាន​សម្រេច​ចិត្ត​គាស់​សព​នោះ​ចេញ​ពី​ផ្នូរ ដោយ​ក្តី​អាណោចអាធ័ម បន្ទាប់​ពី​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ព្រមាន​ថា ដី​ដែល​កប់​សព​នោះ ជា​ដី​ក្រុមហ៊ុន ហេតុ​នេះ​ក្រុមហ៊ុន​នឹង​ឈូស​ឆាយ​ផ្នូរ​នោះ​ចោល ប្រសិន​អ្នកស្រី​មិន​គាស់​សព​នោះ​ចេញ​វិញ៖ «ច្រើន​លើក​ច្រើន​សា​ហើយ កូន​ក៏​ស្លាប់​លើ​ដី​ហ្នឹង។ ងាប់​មួយ​ខែ​មុន​ហ្នឹង ងាប់​កន្លែង​ដី​ហ្នឹង។ ខ្ញុំ​រវល់​ដើរ​រក​ប្ដី គេ​ដេញ​ចាប់​ដើរ​រក​ប្ដី មក​កូន​ស្លាប់​នៅ​ឯ​ផ្ទះ»

អ្នកស្រី ឈុត ឡាក់ អាយុ ៥០​ឆ្នាំ នៅ​សល់​កូន​ម្នាក់ និង​ចៅ​កំព្រា​ម្នាក់​ក្នុង​បន្ទុក។ អ្នកស្រី​រស់​នៅ​ចំណុច​បង្គោល​គីឡូ​ម៉ែត្រ​លេខ​១០៩ តាម​ផ្លូវ​ជាតិ​លេខ​៧៦ ក្នុង​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ប្ដី​អ្នកស្រី​មាន​ឈ្មោះ ជីន ចះ បាន​ក្លាយ​ជា​មនុស្ស​បាក់​ស្មារតី​ភ័យ​ខ្លាច ខណៈ​ក្រុម​កង​រាជ​អាវុធហត្ថ​ការពារ​ក្រុមហ៊ុន បាន​ព្យាយាម​ដេញ​បាញ់​ដើម្បី​ចាប់​ខ្លួន​គាត់ ដោយសារ​តែ​គាត់​បាន​តវ៉ា​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដី​គាត់​កាល​ពី​ដើម​ឆ្នាំ​២០១៣។

អ្នកស្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ក្តី​ឈឺ​ចាប់​ដែល​គ្រួសារ​អ្នកស្រី​ទទួល​បាន​ពី​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​មុន បន្សល់​ឲ្យ​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពឹង​ផ្អែក​លើ​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត៖ «ខ្វះ​ស្អី​ដូង​ស្វាយ​មាន​ទាំងអស់​ហ្នឹង ប៉ុន្តែ​គេ​មិន​ឲ្យ​ខ្ញុំ​ដាំ ម្តង​ហើយ​ម្តង​ទៀតៗ រហូត​ទល់​នឹង​ឥឡូវ​ហ្នឹង ខ្ញុំ​លំបាក​វេទនា ឲ្យ​អភិបាល​ស្រុក​គាត់​ជួយ​ដោះស្រាយ គាត់​ចេះ​តែ​បន្លាយៗ​ទល់​មក​ឥឡូវ​ហ្នឹង»

ទុក្ខ​ត្រួត​លើ​ទុក្ខ ខណៈ​ប្ដី​ប្រពន្ធ​នេះ​បាន​យក​សព​កូន​ទៅ​បូជា ភ្លៀង​ធ្លាក់​ខ្លាំង​មិន​អាច​បូជា​សព​កូន​បាន​រួច​រាល់ គាត់​ក៏​សម្រេច​ប្រមូល​ចំណែក​សព​ដុត​មិន​ឆេះ​ទៅ​កប់​ជា​ថ្មី​ទៀត លើ​ដី​ក្បែរ​សសរ​ផ្ទះ​នោះ​វិញ។

រហូត​មក​ទល់​បច្ចុប្បន្ន អ្នកស្រី ឈុត ឡាក់ មិន​បាន​បោះ​បង់​បំណង​ទាមទារ​ដី​របស់​គាត់ ដែល​ក្រុមហ៊ុន​រំលោភ​យក​នៅ​ឡើយ។ ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ គាត់​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ជួយ​ស្វែង​រក​យុត្តិធម៌ ឲ្យ​ក្រុមហ៊ុន​កាត់​ដី​ប្រគល់​មក​គ្រួសារ​អ្នកស្រី​វិញ តាម​អ្វី​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​អះអាង​ថា ដី​ប្រជាពលរដ្ឋ​កាន់​កាប់​ជាក់ស្តែង​ស្ថិត​ក្នុង​បរិវេណ​ដី​សម្បទាន ត្រូវ​វាស់​វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ។

ក្រុមហ៊ុន សំណាង អង្គរ ទទួល​បាន​ដី​សម្បទាន​នៅ​ស្រុក​ស្នួល ជាង ១.២០០​ហិកតារ កាល​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​អ្នក​ភូមិ​ច្រើន​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ជាមួយ អ្នកស្រី ឈុត ឡាក់ អះអាង​ថា ក្រុមហ៊ុន​នេះ​មិន​បាន​វាស់​វែង​កាត់​ចេញ​ផល​ប៉ះពាល់​ដីធ្លី​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​ឡើយ។

អ្នកភូមិ​ឈ្មោះ អែល ម៉ាន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​ដោះស្រាយ​គោល​នយោបាយ​វាស់​វែង​កាត់​ដី​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​សម្បទាន ក៏ប៉ុន្តែ​ក្រុមហ៊ុន​យល់​ព្រម​កាត់​ចេញ​តែ​ដី​មួយ​ផ្នែក ក្នុង​ចំណោម​ដី​មួយ​ផ្នែក​ធំ​របស់​អ្នក​ភូមិ មក​ឲ្យ​អ្នក​ភូមិ​កាន់​កាប់ ហើយ​ដី​អ្នក​ភូមិ​មួយ​ផ្នែក​ត្រូវ​ក្រុមហ៊ុន​កាត់​យក។ ចំណែក​ដី អ្នកស្រី ឈុត ឡាក់ ត្រូវ​ក្រុមហ៊ុន​កាត់​យក បើ​ទោះ​បី​ដី​នោះ​អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន ទទួល​ស្គាល់​ថា អ្នកស្រី​បាន​ដាំ​ដុះ​តាំង​ពី​ឆ្នាំ​២០០៧ មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​នៅ​តំបន់​នោះ៖ «តាម​ចំណារ​នាយក​រដ្ឋមន្ត្រី ចេញ​ថ្ងៃ​ទី៧ ខែ​៥ ឆ្នាំ​២០១២ ថា​ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ហើយ​មាន​ផ្ទះ​សម្បែង​អ៊ីចឹង ត្រូវ​វាស់​ឲ្យ​គេ ហើយ​ខាង​ក្រុមហ៊ុន​មុន​បាន​ធ្វើ​តាម​ផង អាជ្ញាធរ​ស្អី​ខាង​មុខ​គេ​ឲ្យ តើ​គេ​ឲ្យ​តែ​ឲ្យ​មិន​គ្រប់​ប្រជាពលរដ្ឋ ក្នុង​មួយ​គ្រួសារ​គេ​ឲ្យ ២​ហិកតារ ទោះ​ដី​នោះ​ប៉ះពាល់​ដី​កៅស៊ូ​យ៉ាង​ណា គេ​ធ្វើ​ឲ្យ​គ្រប់​តែ ២​ហិកតារ។ គាត់​យក​អា​របស់​ច្រើន​រួច»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ អោយ​ដឹង​ថា ដំណាំ​ហូប​ផ្លែ​មាន​ខ្នុរ ស្វាយ​នៅ​លើ​ដី​របស់ អ្នកស្រី ឈុត ឡាក់ បាន​ផ្តល់​ផល។ ដូច្នេះ បង្ហាញ​ថា ដី​នេះ​ម្ចាស់​ដី​បាន​ដាំ​ដុះ​ច្រើន​ឆ្នាំ​មក​ហើយ។ ចំណែក​មន្ត្រី​ភូមិ​ឃុំ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​បញ្ជាក់​ថា ដី អ្នកស្រី ឈុត ឡាក់ កំពុង​កាន់​កាប់​ជាក់ស្តែង​មាន​ជិត ៥​អា និង​ដី​រង​ផល​ប៉ះពាល់​ដោយ​ក្រុមហ៊ុន​កាត់​យក​មាន​ជិត ៤​ហិកតារ។

មន្ត្រី​ផ្នែក​អង្កេត លោក ហេង ភារៈ កត់​សម្គាល់​ថា ដី​របស់​គ្រួសារ អ្នកស្រី ឈុត ឡាក់ បាន​រស់​នៅ និង​ធ្លាប់​បាន​ធ្វើ​កសិកម្ម​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក។ ហើយ​បច្ចុប្បន្ន ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ត្រឹម​ជើង​សសរ​ផ្ទះ​អ្នកស្រី។ លោក​បន្ត​ថា បាន​អន្តរាគមន៍​ដាក់​ពាក្យ​ប្ដឹង និង​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ​ករណី​នេះ​ហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ស្រុក​មិន​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ។ លោក​រំពឹង​ថា ក្នុង​អាណត្តិ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ថ្មី​នេះ អាជ្ញាធរ​មូលដ្ឋាន​នឹង​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​ដំណោះស្រាយ ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ជូន​គ្រួសារ​ក្រីក្រ​នេះ​វិញ៖ «យើង​បាន​ទៅ​ជួប​លោក​អភិបាល​ស្រុក គង់ គឹមនី រួច​ហើយ។ យើង​កំពុង​ត្រៀម​យុទ្ធសាស្ត្រ​នៅ​ពេល​រដ្ឋាភិបាល​ថ្មី​នេះ យើង​អាច​នឹង​បញ្ជូន​សំណុំ​រឿង​ហ្នឹង​មក​ខេត្ត ឬ​អាច​ទៅ​ថ្នាក់​ជាតិ​ទៀត។ ដោយសារ​លោក​អភិបាល​ស្រុក​គាត់​មាន​ទំនាក់​ទំនង​ល្អ​ដែរ គាត់​ថា​រង់ចាំ​គាត់​ដោះស្រាយ​សិន តែ​អ្វី​ដែល​ជា​ការ​រង់ចាំ​វា​យូរ​អ៊ីចឹង​ណា!»

ដូច​គ្នា​នេះ​ដែរ ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ស្នួល លោក អ៊ូ ដានី ទទួល​ស្គាល់​ដែរ​ថា គ្រួសារ អ្នកស្រី ឈុត ឡាក់ ពិត​ជា​អ្នក​ក្រីក្រ ហើយ​អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​កោះ​អញ្ជើញ​ភាគី​ទាំង​ពីរ​មក​ដោះស្រាយ​បញ្ហា​នេះ កាល​ពី​បី​ខែ​មុន ប៉ុន្តែ​មិន​បាន​សម្រេច។ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​មិន​បាន​បោះ​បង់​ចោល​ការ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ​ទេ៖ «មេ​ឃុំ​គាត់​បាន​បញ្ជាក់​អ៊ីចឹង​ដែរ អ៊ីចឹង​ឲ្យ​គាត់​ដាក់​ពាក្យ​បណ្ដឹង​មក យើង​សុខ​ចិត្ត​ដោះស្រាយ​តាម​នីតិវិធី។ ខាង​ក្រុមហ៊ុន​ខ្ញុំ​អញ្ជើញ​គាត់​ពីរ គាត់​អត់​មាន​ចូល​ខ្លួន​មកៗ​តែ​អី»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ បំណង​របស់ អ្នកស្រី ឈុត ឡាក់ គឺ​អង្វរ​ដោយ​ទទូច​សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ប្រមុខ​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ប្រញាប់​រួស​រាន់​ចាត់​វិធាន​ការ​រក​យុត្តិធម៌ គឺ​សុំ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​មក​វិញ ដើម្បី​គាត់​បាន​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​ត​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។