អតីត​យុទ្ធជន​ពិការ​និង​គ្រួសារ​យោធិន​ពលី​ដាក់​ញត្តិ​ឲ្យ​នាយករដ្ឋមន្ត្រី​រឿង​ដីធ្លី

0:00 / 0:00

អតីត​យុទ្ធជន​ដែល​ពិការ និង​គ្រួសារ​យោធិន​ដែល​ពលី​ជីវិត និង​រំសាយ​ចំនួន​ប្រមាណ ៥០​នាក់ តំណាង​ឱ្យ ២៣០​គ្រួសារ ក្នុង​ភូមិ​២ នៅ​ឃុំ​អូរសំព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​ដាក់​ញត្តិ​រឿង​ដីធ្លី​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ សីហា។

អតីត​យុទ្ធជន​ដែល​ពិការ គ្រួសារ​យោធិន​ពលី និង​យោធិន​រំសាយ​ចំនួន ៥០​នាក់ ដែល​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​ដើម្បី​ស្វែង​រក​ជំនួយ​អន្តរាគមន៍​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ដែល​ត្រូវ​ក្រុមហ៊ុន​ថៃ រឹប​អូស។

តំណាង​គ្រួសារ​ជន​ពិការ​នៅ​ភូមិ​បឹងជង្រុក ឃុំ​អូរសំព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ គឺ​លោក កែវ យ៉យ ថ្លែង​ថា ដី​របស់​ពួក​លោក​ចំនួន ២៣០​គ្រួសារ ដែល​មាន​បញ្ហា គឺ​ត្រូវ​បាន​ឈ្មួញ​លួច​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ថៃ ហើយ​ដេញ​ពួក​លោក​ចេញ៖ «ដី​ខាង​ខ្ញុំ​អត់​បាន​លក់​ទេ តែ​មេ​មួយ​ចំនួន​វា​ក្បត់​ពី​ឧត្ដម​គតិ​ប្រជាជន របស់​ជន​ពិការ វា​លួច​យក​ទៅ​លក់​មិន​ឱ្យ​បង្កបង្កើត​ផល​អី​ទេ តែ​ដី​ខ្ញុំ​ត្រូវ​ខ្ញុំ​នៅ។ គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សម្ដេច​តេជោ គាត់​ប្រគល់​ឱ្យ​ខ្ញុំ​ម្នាក់ ៥​ហិកតារ ត្រូវ​តែ​ខ្ញុំ​នៅ។ ខ្ញុំ​អត់​មាន​លក់​មាន​ដូរ​អី​ទេ តែ​ជន​មួយ​ចំនួន​លួច​លក់​របស់​ខ្ញុំ។ ពី​មុន​មិន​ទាន់​មាន​ទេ​បង្កាន់​ដៃ។ តែ​បច្ចុប្បន្ន កំពុង​តែ​សុំ​តេជោ​ឱ្យ​ជួយ​ប្លង់​រឹង ដែល​កាន់​កាប់​ទៅ​មុខ​ទៀត កុំ​ឱ្យ​គេ​ដេញ កុំ​ឱ្យ​គេ​លួច​លក់​ត​ទៅ​ទៀត កុំ​ឱ្យ​ស្រេច​តែ​គេ​ថា ព្រោះ​គេ​មាន​រដ្ឋ​អំណាច ខ្ញុំ​មាន​តែ​ជើង​ពិការ​ទៀត»

លោក​បញ្ជាក់​ថា ដី​ជាង ២​ពាន់​ហិកតារ គឺ​ជា​ដី​នាយក​រដ្ឋមន្ត្រី​ប្រកាស​ចែក​ឱ្យ​ជន​ពិការ ៥​ហិកតារ​មួយ​គ្រួសារ ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ក្រោយ​ពេល​ធ្វើ​សមាហរណកម្ម​អតីត​កងទ័ព​ខ្មែរ​ក្រហម នៅ​ឆ្នាំ​១៩៩៦។

តំណាង​ជន​ពិការ​មួយ​រូប​ទៀត​រស់នៅ​ភូមិ​ក្បាលទំនប់ ឃុំ​អូរសំព័រ ដដែល គឺ​លោក លី ខ្លី មាន​ប្រសាសន៍​ថា ដី​របស់​ពួក​លោក​ត្រូវ​បាន​អតីត​មេបញ្ជាការ​របស់​ពួក​លោក​ដែល​មាន​ឈ្មោះ ព្រាប សារុន មេបញ្ជាការ​កង​ពល​តូច​៥១ ម៉ៅ គិរី នាយ​សេនាធិការ​វរ​សេនា​ធំ​អឺ​៦៧ និង រស់ ធឿន ជា​មេបញ្ជាការ​រង លួច​លក់​ឱ្យ​ក្រុមហ៊ុន​ថៃ មួយ​ឈ្មោះ ហៃ សួ៖ «មេ​ដែល​លួច​លក់​ហ្នឹង គឺ​មេ លោក ម៉ៅ គីរី រស់ ធឿន និង​លោក ព្រាប សារុន ឃុបឃិត​ជាមួយ ទឹម ម៉ន ជា​មេ​ឃុំ។ គាត់​ចង្អុល​ថា នេះ​ដី​គាត់​មួយ​រយ​ហិកតារ មេ​ឃុំ​វាយ​ត្រា​ឃុបឃិត​គ្នា លួច​លក់​បាត់។ ម្នាក់​ទៀត​ឆ្លើយ​ថា នេះ​ដី​ខ្ញុំ​មួយ​ហិកតារ ឃុបឃិត​គ្នា​វាយ​ត្រា​លួច​លក់​បាត់ អត់​ឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដឹង​ទេ រហូត​ដល់​ខ្ញុំ​បាទ​ទាំងអស់​គ្នា​សហការ​គ្នា​រក​រឿង​ប្ដឹង​ផ្ដល់​លិច​កើត​មក ក្រុមហ៊ុន​គេ​បង្ហាញ​ថា នេះ​ដែល​មេ​ឯង​លក់។ អ៊ីចឹង​យើង​ចាប់​បាន​ក្រដាស​ហ្នឹង​មក ដាក់​ពាក្យ​បណ្ដឹង​កាន់​តែ​ធ្ងន់​ជាង​មុន​ទៀត។ កាន់​តែ​ខ្លាំង​រហូត​ដល់​ចូល​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី រហូត​ចូល​ភូមិគ្រឹះ​សម្ដេច យើង​យក​ក្រដាស​ហ្នឹង​មក​ដាក់​ទាំងអស់ ក្រដាស​ដែល​យើង​ចាប់​បាន​ពី​ក្រុមហ៊ុន បង្ហាញ​ថា​មេ​លក់​ហ្នឹង​ណ៎ា យើង​បន្សល់​ទុក​ទល់​សព្វថ្ងៃ​អត់​ទាន់​បាត់​បង់​ទេ»

លោក លី ខ្លី បញ្ជាក់​ថា នៅ​ពេល​នេះ ក្រុមហ៊ុន​ដែល​បាន​ទិញ​នោះ​បាន​ជួល​ទាហាន​ឱ្យ​យាម​ការពារ មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​បាន​ទេ។ លោក​ថា បញ្ហា​ដី​ធ្លី​របស់​ពួក​លោក បាន​អូស​បន្លាយ​ជាង ៧​ឆ្នាំ​ហើយ ហើយ​ក៏​ជា​លើក​ទី​ពីរ​ដែរ​ដែល​លោក​មក​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា មន្ត្រី​ខុទ្ទកាល័យ​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ជន​ពិការ​ទាំង​នោះ ហើយ​ប្រាប់​នឹង​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​តាម​ក្រោយ។

នៅ​ល្ងាច​ថ្ងៃ​ដដែល លោក លី ខ្លី ឱ្យ​ដឹង​ថា អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ គឺ​លោក អ៊ុង អឿន បាន​មក​សម្រប​សម្រួល​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​សន្យា​ថា នឹង​ពិនិត្យ​មើល​ឯកសារ​ពាក់ព័ន្ធ​ឡើង​វិញ ហើយ​ដោះស្រាយ​នៅ​ថ្នាក់​មូលដ្ឋាន​ជា​ថ្មី។

កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ក៏​ព្យាយាម​បណ្ដេញ​ពួក​គាត់​ចេញ​ពី​កន្លែង​ដើម​ពោធិ៍​មុខ​វត្ត​បទុម បន្ទាប់​ពី​ដាក់​ញត្តិ​ហើយ ដោយ​រង់ចាំ​ទទួល​ដំណឹង​នៅ​ពេល​ក្រោយ៖ «យើង​បាន​ដាក់​ញត្តិ​ដាក់​អី​រៀបចំ​ហើយ។ ខាង​ខុទ្ទកាល័យ​របស់​សម្ដេច លោក​បាន​ទទួល​ញត្តិ​របស់​បង​ប្អូន​ហើយ។ អ៊ីចឹង​សុំ​ឱ្យ​បង​ប្អូន​វិល​ត្រឡប់​ទៅ​វិញ ដើម្បី​ចាំ​ទទួល​ដំណឹង​ពី​ខុទ្ទកាល័យ។ ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​ទី​នេះ គឺ​មិន​អនុញ្ញាត​ទៀត​ទេ។ បើ​បង​ប្អូន​អស់​ភារកិច្ច​ដាក់​ញត្តិ​ហើយ សុំ​ឱ្យ​វិល​ត្រឡប់​ទៅ​វិញ ឬ​ក៏​មាន​ផ្ទះ​បង​ប្អូន​នៅ​ពេល​នេះ អាច​រំសាយ​នៅ​ពេល​នេះ»

ទោះ​ជា​ព្យាយាម​ក្រាញ​នៅ​ទី​នោះ​ក្ដី រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ សីហា ដដែល ពួក​គាត់​សម្រេច​រំសាយ​គ្នា​វិញ នៅ​ពេល​ដែល​កង​សន្តិសុខ​បង្ខំ​ពួក​គាត់​ចំនួន ១៣​នាក់ ឱ្យ​ឡើង​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ជាង ៣០​នាក់​ផ្សេង​ទៀត ទៅ​តាម​មធ្យោបាយ​ខ្លួន​ឯង។

លោក លី ខ្លី តំណាង​ជន​ពិការ​ទាំង​នោះ ថ្លែង​ថា មិន​បាន​លទ្ធផល​ល្អ​ទេ ព្រោះ​មិន​បាន​បង្កាន់​ដៃ​បញ្ជាក់​ការ​ទទួល​ញត្តិ​ពី​ខុទ្ទកាល័យ។ លោក​សន្យា​ថា ពួក​លោក​នឹង​មក​ភ្នំពេញ​ទៀត ប្រសិន​បើ​ការ​ដោះស្រាយ​នៅ​ថ្នាក់​ខេត្ត​មិន​បាន​លទ្ធផល​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។