យោធិន និវត្តជន និងយោធិនពិការប្រមាណជាង ៥០នាក់ ក្នុងចំណោម ២៥០គ្រួសារ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពីរដ្ឋាភិបាល តែពុំបានទទួលដីធ្លីសម្រាប់បង្កបង្កើនផលនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ កក្កដា ប្រមូលផ្ដុំគ្នានៅសួននាគខាងមុខសាលាខេត្តបាត់ដំបង ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយដីធ្លីឲ្យបានឆាប់។
មន្ត្រីចូលនិវត្ត និងយោធិនពិការ នៅឃុំបឹងប្រាំង មិនពេញចិត្តនឹងកាយវិការរបស់អាជ្ញាធរពាក់ព័ន្ធឡើយ ដែលបានចែកតែប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យប្រជាពលរដ្ឋហើយ ដោយពុំមានដីបង្កបង្កើនផលនោះ។
ក្រុមប្រជាពលរដ្ឋប្រុសស្រីដែលបានប្រមូលផ្ដុំគ្នា ខ្លះអង្គុយ ខ្លះឈរ ប្រមាណ ៥០នាក់ នៅខាងមុខសាលាខេត្តបាត់ដំបង អះអាងនៅថ្ងៃទី៨ កក្កដា ថា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យពួកគាត់ដែលជានិវត្តជន និងមន្ត្រីយោធិនពិការ ក្នុងមួយគ្រួសារទទួលបានដីមួយហិកតារ នៅចំណុចឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីឆ្នាំ២០១៣។
អ្នកភូមិដែលធ្លាប់មានប្រវត្តិជូរចត់ តស៊ូប្រយុទ្ធស្លាប់រស់ការពារព្រំដែនជាមួយមន្ត្រីយោធានោះ អះអាងថា រហូតមកទល់ពេលនេះ មានតែក្រដាសប័ណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែពុំមានដីសម្រាប់បង្កបង្កើនផលដោះស្រាយជីវភាពគ្រួសារសម្រាប់ជីវិតចុងក្រោយដែលរួចផុតពីសង្គ្រាមនោះទេ៖ «ដីនេះពួកខ្ញុំចំនួន ២៥០នាក់ក្នុងចំណោមជាង ៨០០នាក់ ចាប់ឆ្នោតបានដីនោះ ហើយបានទៅរស់នៅដាំដុះបានចំនួន ២ឆ្នាំមកហើយដែរ។ ពួកខ្ញុំជិតស្លាប់ទៅវិញហើយ នៅមិនទាន់បានដីដែលរដ្ឋាភិបាលចែកឲ្យជាកម្មសិទ្ធិនៅឡើយទេ។ ពួកខ្ញុំធ្វើការបម្រើជាតិមាតុភូមិតាំងឆ្នាំ១៩៧៩ មក គ្មានសង្ឃឹមអ្វីទៀតទេក្រៅពីដីមួយគ្រួសារ ១ហិកតារនោះ ដើម្បីដាំដុះដោះស្រាយជីវភាពគ្រួសារ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ បានបែងចែកដីធ្លីឲ្យទៅអតីតមន្ត្រីយោធិនដែលបានតវ៉ានោះតាមប័ណ្ណកម្មសិទ្ធិរៀងៗខ្លួនអស់ទៅហើយ ប៉ុន្តែលោកបញ្ជាក់ថា បញ្ហាដែលកើតឡើងនេះ ដោយសារប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ទៅរំលោភយកដីដែលបានចែកជូនពួកគាត់ទាំងនោះអស់ទៅវិញ៖ «គាត់មានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែក្រុមប្រជាពលរដ្ឋម្ខាងទៀតទៅគំរាមកំហែងពួកគាត់យកដី ធ្វើឲ្យមន្ត្រីយោធិនពិការទាំងនោះមិនហ៊ានទៅរស់នៅលើដី ដែលអាជ្ញាធរចែកឲ្យពួកគាត់នោះ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ពុំមែនប្រជាពលរដ្ឋដែលរស់នៅឃុំបឹងប្រាំ ទៅរំលោភយកដីដែលអាជ្ញាធរបែងចែកឲ្យមន្ត្រីយោធិនពិការនោះទេ។ លោកអះអាងថា បញ្ហានេះជាកំហុសរបស់អាជ្ញាធរមូលដ្ឋានទៅវិញទេ ដែលបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីមិនបានពិនិត្យឲ្យបានត្រឹមត្រូវនោះ៖ «ដីនោះប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ និងដាំដុះអាស្រ័យផលជាបន្តបន្ទាប់មក ហើយអាជ្ញាធរទៅធ្វើប្លង់ជាន់នៅលើដីនោះ ដោយខ្វះការត្រួតពិនិត្យឲ្យបានច្បាស់លាស់»។
បន្ទាប់ពីប្រជាពលរដ្ឋធ្វើការតវ៉ាដោយការប្រមូលផ្ដុំគ្នាប្រមាណជាង ២ម៉ោងរួចមក អាជ្ញាធរខេត្តបាត់ដំបង បានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន ៥នាក់ចូលប្រជុំពិភាក្សាដោះស្រាយនៅខាងក្នុងសាលាខេត្តបាត់ដំបង ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយទេ។ អាជ្ញាធរខេត្តបាត់ដំបង នឹងរៀបចំគណៈកម្មការចុះដោះស្រាយជុំវិញបញ្ហានេះបន្តទៀតនៅសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
