បុគ្គលិកពេទ្យរដ្ឋនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឬហៅថាមន្ទីរពេទ្យសម្ភពក្រុង ប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅមុខកន្លែងធ្វើការ ដើម្បីប្រឆាំងថ្នាក់ដឹកនាំរបស់ខ្លួន ដែលបានបង្ខំឲ្យរុះរើកន្លែងធ្វើការទៅកាន់ទីតាំងផ្សេងតូចចង្អៀតជាងមុន។
ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងក្នុងពេលប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅមុខកន្លែងធ្វើការព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ថា ពួកគាត់ប្រឆាំងដាច់ខាតនូវការដោះដូរទីតាំងមន្ទីរពេទ្យនេះទៅកាន់ទីតាំងផ្សេង ក្រោមរូបភាពដោះដូរឲ្យវិស័យឯកជនអភិវឌ្ឍន៍ ឬចោទថា អាគារបច្ចុប្បន្នមានសភាពទ្រុឌទ្រោម។
ក្រុមអ្នកតវ៉ាជាបុគ្គលិក និងកម្មករ ពេទ្យ បានសំណូមពរឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកពាក់ព័ន្ធ ជួយអន្តរាគមន៍រក្សាទីតាំងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលជាអតីតមន្ទីរពេទ្យសម្ភពក្រុងឲ្យនៅទីតាំងដើមវិញ។
ក្រុមគ្រូពេទ្យបានចោទលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថាមានបំណងយកទីតាំងមន្ទីរពេទ្យក្រុងលក់ទៅឲ្យឈ្មួញក្រោមរូបភាពដោះដូរ ឬចោទថា សំណង់ចាស់ទ្រុឌទ្រោមជាដើម៖ «បើធ្វើអាគារអត់បានសូមកុំលក់។ អាគារធ្វើក្រោយនេះថាអស់ ១លានដុល្លារ។ ប្រធានមន្ទីរសុខាភិបាលគាត់មកប្រជុំគាត់ថា នឹងធ្វើអាគារថ្មីរួចហើយចាំឲ្យរុះរើ។ ប៉ុន្តែក្រោយមួយម៉ោង គាត់បែរជាបញ្ជាឲ្យរុះរើជាបន្ទាន់។ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ មេត្តាជួយដល់មន្ត្រីរាជការខាងមន្ទីរបង្អែកក្រុងផង គឺអត់ចង់បានអីទេ គឺចង់តែបានអាគារថ្មីដែលផ្តល់សេវាសាធារណៈដល់ប្រជាជនជាសាធារណៈទេ។ ដូច្នេះប្រធានមន្ទីរសុខាភិបាលនិយាយបាតដៃជាខ្នងដៃ»។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលបានចុះទៅជួបក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានី បន្ទាប់ពីគ្រូពេទ្យផ្ទុះការតវ៉ាបានឲ្យដឹងថា ការតម្រូវឲ្យគ្រូពេទ្យរើសម្ភារៈទៅកាន់ទីតាំងផ្សេង ដោយសារតែអាគារពេទ្យបង្អែកសម្ភពក្រុងទ្រុឌទ្រោម និងបារម្ភខ្លាចបាក់សង្កត់មនុស្សស្លាប់នៅថ្ងៃអនាគត។
យ៉ាងនេះក្តី លោក សុខ សុគន្ធ បានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យបន្តធ្វើការងារជាធម្មតានៅទីតាំងចាស់បណ្ដោះអាសន្ន រង់ចាំការសាងសង់អាគារថ្មីរួចរាល់ នឹងដោះស្រាយបន្តទៀត៖ «ប៉ុន្តែអាគារនេះទុកសិន លុះត្រាតែអភិវឌ្ឍន៍រួចចាំយើងរៀបចំធ្វើ។ ប៉ុន្តែស្នើឲ្យអស់លោក កន្លែងណាធ្វើការស្រួលធ្វើសិនចុះ ទម្រាំអាគារយើងអភិវឌ្ឍន៍រួច។ សូមអធ្យាស្រ័យមានការយឺតយ៉ាវ»។
ក្រោយពីមានការសន្យារបស់លោកប្រធានមន្ទីរសុខាភិបាលរាជធានី បុគ្គលិកពេទ្យសម្ភពក្រុង ក៏រំសាយការតវ៉ានៅវេលាថ្ងៃត្រង់ និងព្រមចូលធ្វើការវិញ ទាំងមិនទាន់អស់ចិត្ត។
សកម្មភាពបង្ខំឲ្យបុគ្គលិកពេទ្យប្ដូរទីតាំងអាគារមន្ទីរពេទ្យសម្ភព នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នាំឲ្យស្ត្រីគ្រប់ខែដែលមករកសេវាសម្រាលកូន ឬឆ្លងទន្លេ នៅមន្ទីរពេទ្យនេះ មានការភ្ញាក់ផ្អើលនិងភ័យស្លន់ស្លោ។ ពួកគាត់បានរិះគន់ចំពោះគម្រោងដោះដូរអាគារមន្ទីរពេទ្យសម្ភពក្រុងរបស់រដ្ឋាភិបាល ឬផ្នែកពាក់ព័ន្ធ ថាមិនគួរឲ្យកើតមានទេ៖ «ខ្ញុំឈឺពោះ ឥឡូវគេលក់ពេទ្យទៅហើយ ខ្ញុំបានអីកើតកូនទៅ? ពេទ្យគេជ្រួលច្របល់អត់បានចូលពេទ្យកើតកូនទេ។ សំណូមពរឲ្យពេទ្យទទួលយកខ្ញុំផល កុំលក់ពេទ្យអី។ ឥឡូវលក់ពេទ្យនេះហើយឲ្យអ្នកក្រទៅចូលពេទ្យណាអស់លោក? ខ្ញុំសំណូមពរដល់សម្ដេច ហ៊ុន សែន តែម្តង ដែលគាត់លក់ៗៗៗ លក់អត់មានគិត។ ឥឡូវខ្ញុំសូមអង្វរពេទ្យមួយហ្នឹង លោកកុំលក់បានទេ?»។
មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឬជាមន្ទីរពេទ្យសម្ភពក្រុង មានទីតាំងស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា គឺនៅជាប់ខាងជើងវិទ្យាល័យបាក់ទូក និងខាងកើតសហគមន៍បុរីកឡា ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា មានសកម្មភាពលក់ដូរអាគារធ្វើការរបស់រដ្ឋក្រោមរូបភាពដោះដូរ ឬអភិវឌ្ឍន៍ ក្នុងនោះមានដូចជា៖ មណ្ឌលសុខភាព ៧មករា មានទីតាំងជាប់មន្ទីរពេទ្យសម្ភពក្រុង និងមន្ទីរពេទ្យបង្អែកចំការមន និងអាគាររដ្ឋជាច្រើនទៀត ក្រោមរូបភាពដោះដូរទៅកាន់ទីតាំងថ្មី ឬអាគារចាស់ទ្រុឌទ្រោម ដោយវិនិយោគទៅឲ្យវិស័យឯកជនអភិវឌ្ឍន៍។
ទាក់ទិនការទិញលក់ ឬដោះដូរអាគាររដ្ឋនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៧ បានណែនាំដល់ថ្នាក់ដឹកនាំតាមក្រសួង ឬស្ថាប័នពាក់ព័ន្ធរបស់ខ្លួន ឲ្យខិតខំរក្សាទីតាំងបច្ចុប្បន្ន មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ឬអាគាររដ្ឋផ្សេងៗ ទាំងក្នុងរាជធានីភ្នំពេញ និងតាមខេត្តក្រុងនានា ឲ្យបានគង់វង្ស ដោយពុំត្រូវឲ្យមានការដោះដូរទីតាំងទាំងនោះជាដាច់ខាត។ ប៉ុន្តែសេចក្ដីណែនាំរបស់ប្រមុខដឹកនាំ ត្រូវបុគ្គលិករដ្ឋ ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលសង្គម សង្កេតឃើញថា គ្មានប្រសិទ្ធភាព និងគ្មានអ្នកគោរពតាមទេមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
