ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិចំនួន៩ ក្នុងស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនចិន ចំនួនពីរ ដែលអ្នកភូមិចាត់ទុកថា ក្រុមហ៊ុននេះនឹងបង្កផលប៉ះពាល់ដល់ជំនឿប្រពៃណីអ្នកភូមិ ប្រសិនក្រុមហ៊ុននេះទទួលបានសិទ្ធិធ្វើអាជីវកម្មនៅក្នុងទន្លេតំបន់ប្រជាពលរដ្ឋរស់នៅ។
សេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនចិន ឈ្មោះ ឌីសខូវឺរី អិនវេសមែន (Discovery Investment) និងក្រុមហ៊ុន ទីង ឆាង (Tin Chhan) កាលពីខែតុលា បានចូលមកបោះទីតាំងនៅឃុំតាវែងក្រោម ហើយដំឡើងគ្រឿងចក្រគ្រោងបូមយករ៉ែពីបាតទន្លេ ដោយមិនបានជូនដំណឹង ឬពិភាក្សាផលប៉ះពាល់ជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាននៅឡើយ។
តំណាងអ្នកភូមិ អ្នកស្រី ទីង ចំរើន មានប្រសាសន៍ថា ប្រជាពលរដ្ឋជនជាតិដើមមានជនជាតិព្រៅ លន់ ទំពួន រស់នៅតាមដងទន្លេសេសាន មានជំនឿលើអារក្សអ្នកតាថែរក្សាទន្លេ។ ហេតុនេះ ពួកគាត់មិនចង់ឲ្យក្រុមហ៊ុនទាំងពីរធ្វើសកម្មភាពណាមួយពាក់ព័ន្ធទៅនឹងទន្លេ ដែលអ្នកភូមិគោរពបូជានោះឡើយ។ អ្នកស្រីសម្ដែងក្តីបារម្ភពីផលប៉ះពាល់គុណភាពទឹកទន្លេ និងជាពិសេស ការប្រើប្រាស់ទន្លេនេះ ដើម្បីធ្វើអាជីវកម្មរ៉ែមាស។
អ្នកស្រី ទីង ចំរើន៖ «ក្នុងអាជ្ញាប័ណ្ណរបស់គេៗប្រាប់ថា បូមខ្សាច់ ប៉ុន្តែគេប្រាប់មេឃុំគេថារ៉ែងមាស គេថាបើសិនគេទទួលផល គេសំណងឲ្យសហគមន៍ពួកខ្ញុំ។ ខាងសហគមន៍ពួកខ្ញុំមិនឲ្យក្រុមហ៊ុនធ្វើតែម្តង ព្រោះអ្វីពួកយើងមានផលប៉ះពាល់តាមដងទន្លេ ដែលយើងប្រើប្រាស់ទឹកទន្លេ ហើយការព្រួយបារម្ភរបស់សហគមន៍នៅក្នុងឃុំតាវែង ស្រុកតាវែង ហ្នឹង ប្រពៃណីជំនឿការសែនព្រេនរបស់សហគមន៍យើងខ្ញុំហ្នឹង គឺជំនឿទៅលើព្រះសែន អ៊ីចឹងបើក្រុមហ៊ុនហ្នឹងធ្វើពួកខ្ញុំគិតថា នឹងអាចបាត់បង់ប្រពៃណី និងជំនឿធ្លាប់សែនព្រេន ធ្លាប់ហៅអារក្សអ្នកតានៅតាមដងទន្លេអន្លង់ជ្រៅៗវាហ្នឹងបាត់»។
កាលពីដើមខែធ្នូ កន្លងទៅ នៅក្នុងវេទិកាសាធារណៈរៀបចំឡើងដោយអាជ្ញាធរស្រុកតាវែង ប្រជាពលរដ្ឋនៅឃុំតាវែងក្រោម ជាច្រើននាក់ បានស្នើសុំឲ្យអាជ្ញាធរខេត្តផ្អាកសកម្មភាពដំឡើងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយអ្នកភូមិចោទថា ក្រុមហ៊ុនគ្រោងធ្វើសកម្មភាពបូមរ៉ែងយកមាសពីបាតទន្លេ។
ចំណែកមេឃុំតាវែងក្រោម លោក មឿង សួន យល់ស្របថា ការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងឃុំ គឺជារឿងត្រឹមត្រូវ ពីព្រោះក្រុមហ៊ុននេះមិនបានពិភាក្សា ឬជូនដំណឹងអ្វីមកសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុននោះឡើយ។ លោកថ្លែងថា សូម្បីអាជ្ញាធរស្រុក ក៏មិនបានដឹងពីសកម្មភាពរបស់ក្រុមហ៊ុនដូចគ្នា។ ហេតុនេះ ក្រុមអាជ្ញាធរពាក់ព័ន្ធបានសម្រេចឲ្យក្រុមហ៊ុនផ្អាកសកម្មភាពជាបណ្ដោះអាសន្នរួចហើយ៖ «ពីព្រោះគេសិក្សាគេអត់សួរអ្នកភូមិៗគេអត់យល់ព្រមទេ។ ថាឲ្យខ្ញុំប្រាប់ប្រជាជនឲ្យធ្វើ ប៉ុន្តែខ្ញុំមិនទៅតាមគេទេ ខ្ញុំប្រាប់ប្រជាជន អាហ្នឹងសិទ្ធិលើប្រជាជន ឲ្យធ្វើសិទ្ធិលើប្រជាជនអ៊ីចេះ។ មាសក្នុងខ្សាច់ៗក្នុងមាស បើគេបូមខ្សាច់គេរកមាសហ្នឹងហើយវាអ៊ីចេះ»។
យោងឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានពីសហគមន៍ ឲ្យដឹងថា ក្រុមហ៊ុន ឌីសខូវឺរី អិនវេសមែន បានធ្វើកិច្ចសន្យាធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង ៥៩ហិកតារ នៅតំបន់ព្រំប្រទល់ឃុំតាវែង និងឃុំកោះប៉ង់ សម្រាប់រយៈពេលមួយឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៣ និងអាចបន្តបានរហូតរយៈពេល ៦ឆ្នាំ ប៉ុន្តែក្រុមហ៊ុនត្រូវធ្វើពាក្យស្នើសុំបន្តអាជ្ញាប័ណ្ណជាថ្មី។ ក្នុងការធ្វើអាជីវកម្មនេះ ក្រុមហ៊ុនអាចធ្វើការផ្គត់ផ្គង់ខ្សាច់មួយថ្ងៃ ៥០០ម៉ែត្រគូប សម្រាប់តម្រូវការប្រើប្រាស់ក្នុងទីផ្សារ និងអាចកើនឡើងដល់ ១ពាន់ម៉ែត្រគូប ប្រសិនមានតម្រូវការសាងសង់សំណង់ខ្នាតធំ ដូចជាទំនប់វារីអគ្គិសនីជាដើម។
ប្រធានមន្ទីរឧស្សាហកម្មខេត្តរតនគិរី លោក ហែម វណ្ណថន ចាត់ទុកការព្រួយបារម្ភរបស់ពលរដ្ឋថា ជាការត្រឹមត្រូវ ដោយសារតែអ្នកភូមិខ្លាចក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស។ លោកអះអាងថា ក្រុមការងារក្រសួងឧស្សាហកម្ម បានសម្រេចផ្អាកសកម្មភាពក្រុមហ៊ុនរួចហើយ ដើម្បីឲ្យតំណាងក្រុមហ៊ុនធ្វើបទបង្ហាញពីគ្រឿងចក្ររបស់ក្រុមហ៊ុន ទាក់ទិនការធ្វើអាជីវកម្មនេះ៖ «រឿងផ្អាកហ្នឹង ខ្ញុំរាយការណ៍ទៅក្រសួងឲ្យក្រសួងគេចុះមកពិនិត្យវាយតម្លៃថា គ្រឿងចក្រដែលគេដំឡើងជាគ្រឿងចក្រធ្វើអាជីវកម្មរ៉ែ ឬក៏ធ្វើអាជីវកម្មបូមខ្សាច់។ ការបារម្ភរបស់គាត់ហ្នឹងត្រឹមត្រូវហើយ ប៉ុន្តែបើបូមខ្សាច់អត់ទៅប៉ះពាល់ទឹកដល់ការប្រើប្រាស់ទឹកស្អីទេ ហើយបូមក៏យើងមិនមែនឲ្យគាត់បូមតាមចិត្តគាត់ចង់ទេ។ អន្តរក្រសួង គេចុះមកពិនិត្យវាយតម្លៃផលប៉ះពាល់ គេមានកូអរដោណេរបស់គេសម្រាប់ឲ្យបូម»។
ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន កត់សម្គាល់ថា អ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភ គឺជារឿងសមហេតុផល ពីព្រោះឯកសារ និងលិខិតបទដ្ឋានទាក់ទិនអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរមិនទាន់មានការទទួលស្គាល់ពីស្ថាប័នជំនាញពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន និងក្រសួងកសិកម្មនៅឡើយ។ លោកអះអាងថា តំបន់ដែលក្រុមហ៊ុនគ្រោងធ្វើអាជីវកម្ម គឺប៉ះពាល់តំបន់អន្លង់ពងកូនរបស់ត្រីចំនួនបី ដែលត្រូវមានការអនុញ្ញាតពីផ្នែកបរិស្ថាន និងផ្នែកជលផល៖ «សហគមន៍គាត់មានសិទ្ធិក្នុងការតវ៉ាទាមទារឲ្យក្រុមហ៊ុនហ្នឹងបញ្ឈប់បាន។ នៅក្នុងអាជីវកម្មរបស់គេហ្នឹង គឺគាត់ទទួលបានតែការអនុញ្ញាតពីក្រសួងឧស្សាហកម្ម ទេ ឯក្រសួងកសិកម្មអត់មាន ហើយក្រសួងបរិស្ថាន អត់មាន ខាងអាជ្ញាធរដែនដីក៏អត់មាន»។
ទោះជាយ៉ាងនេះក្តី តំណាងសហគមន៍ដដែលមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងជំនាញ គួរសិក្សាផ្តល់ទីតាំងថ្មីសម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ ហើយរក្សាទុកទីតាំងចាស់ទុកជាតំបន់ជំនឿប្រពៃណី វប្បធម៌របស់ជនជាតិដើមរស់នៅសុខសាន្ដអាស្រ័យទន្លេតាំងពីបុរាណតរៀងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
