ពលរដ្ឋ​៥០​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត​ទាមទារ​សំណង

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ តំណាង​ឲ្យ ៥០​គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​ដែក​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ប៉ះពាល់​ឲ្យ​បាន​សមរម្យ។ អ្នក​ភូមិ​ បញ្ជាក់​ថា​ កន្លង​មក​អាជ្ញាធរ​​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ​​តិចតួច​ពេក​ មិន​សម​ស្រប​ទៅ​នឹង​តម្លៃ​នៃ​ទំហំ​ដែល​រង​ផល​ប៉ះពាល់​ឡើយ។

​​​​​ប្រជាពលរដ្ឋ​ដែល​ទៅ​តវ៉ា​នៅ​សាលា​ក្រុង​ប៉ោយប៉ែត អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ប៉ះពាល់​ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​​ដល់​​ពួកគាត់​ឲ្យ​បាន​ឆាប់។

តំណាង​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ពី​គម្រោង​សង់​​ផ្លូវ​ដែក​ម្នាក់ គឺ​លោក ឆេង ប៊ុនហាក់ រស់​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​នៅ​ថ្ងៃ​ទី​១៦ កក្កដា ថា​ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រមាណ ៥០​គ្រួសារ​រស់​​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​​គ្រួសារ​ខ្លះ​ទទួល​បាន​សំណង​ពី​រដ្ឋាភិបាល​ជាង ១០​ដុល្លារ​ ៣០​ដុល្លារ និង​ខ្លះ​ទៀត ៥០០​​ដុល្លារ​អាមេរិក​​ជាដើម។

លោក​អះអាង​ថា​ ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​នោះ​ រួម​​មាន​ដី​ ​ផលដំណាំ​ និង​​ផ្ទះ​សម្បែង​ ចំណែក​ឯ​សំណង​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​ពួកគាត់​វិញ​តិចតួច មិន​សមស្រប​​ទៅ​នឹង​តម្លៃ​ដែល​ខូចខាត​ឡើយ៖ «រដ្ឋាភិបាល​មិន​គោរព​ទៅ​តាម​គោលនយោបាយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នោះ​ទេ។ ពួក​យើង​ខ្ញុំ​ទាមទារ​នេះ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ដី​ និង​សំណង​ផ្សេង​ទៀត​ដែល​រង​ផល​ប៉ះពាល់​ជូន​ពួក​យើង​ខ្ញុំ​ ទៅ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​រង​ក្រុង​ប៉ោយប៉ែត​ លោក​ ម៉ែន សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ផែន​ការ​របស់​រដ្ឋាភិបាល​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ប៉ះពាល់​ពី​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ចំនួន ៧​ម៉ែត្រ​ និង​ផ្ដល់​សំណង​តាម​ភាព​ជាក់​ស្ដែង។

ចំណែក​​ឯ​គ្រួសារ​ដែល​ប៉ះពាល់​តិចតួច គឺ​ផ្ដល់​សំណង​ជា​ប្រាក់​បន្តិចបន្តួច​ ប៉ុន្តែ​ពួកគាត់​អាច​រស់​នៅ​លើ​ដី​នោះ​បណ្ដោះអាសន្ន​បាន​ ដោយ​​​គ្រាន់តែ​​ជៀស​ឲ្យ​ផុត​ពី​ចំណុច​ផ្លូវ​រថភ្លើង​ចំនួន ៧​ម៉ែត្រ​នោះ​ចេញ។

លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​នោះ​ភាគ​ច្រើន​ប៉ះពាល់​បន្តិចបន្តួច​ និង​គ្រួសារ​ខ្លះ​រស់​នៅ​តំបន់​នោះ​ដែរ​ តែ​ពុំ​មាន​ផល​ប៉ះពាល់​​ទេ៖ «ប្រជាពលរដ្ឋ​គាត់​អត់​ចង់​នៅ​ទីតាំង​ចាស់​ដែល​ធ្លាប់​រស់​នៅ​ទេ គាត់​ចង់​ចាក​ចេញ​ទៅ​នៅ​ទីតាំង​ថ្មី​វិញ។ បញ្ហា​នេះ​ ខាង​សាលា​ក្រុង​យើង​អត់​មាន​លទ្ធភាព​ដោះស្រាយ​​​ឲ្យ​​ពួកគាត់​បាន​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​នេះ​ទៅ​ យើង​នឹង​នាំ​បញ្ហា​នេះ​ដាក់​ទៅ​ថ្នាក់​លើ​ដើម្បី​ដោះស្រាយ​បន្ត»

ទោះ​ជាង​យ៉ាង​នេះ​ក្ដី​ ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ស្របច្បាប់​ ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគាត់​រស់​នៅ​លើ​ដី​នោះ​បន្ត​ទៀត ជៀសវាង​ការ​បណ្ដេញ​ចេញ។ ប៉ុន្តែ​អាជ្ញាធរ​ពុំ​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ​ លោក​ ភុន ឈិន ​​មាន​ប្រសាសន៍​ថា ករណី​​​ដោះស្រាយ​សំណង​ពី​ផល​ប៉ះពាល់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​​ក្រុង​ប៉ោយប៉ែត​ កន្លង​ទៅ​ អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មាន​អំពើ​ពុក​រលួយ​​នៅ​ក្នុង​នោះ។

លោក​ស្នើ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​​នេះ​ សិក្សា​ស្រាវជ្រាវ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​លាស់​ និង​មាន​ភាព​សុក្រឹត​យុត្តិធម៌៖ «ព្រោះ​កន្លង​មក​ យើង​ទទួល​ដំណឹង​ថា ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពិតប្រាកដ​មិន​ទទួល​បាន​ការ​ដោះ​ស្រាយ​នោះ​ទេ។ ចំណែក​ឯ​អ្នក​ដែល​មិន​មាន​ការ​ប៉ះពាល់​សោះ​ បែរ​ជា​ទទួល​បាន​សំណង​ទៅ​វិញ»

កន្លង​ទៅ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​ដែក​ប្រមាណ ៥០​គ្រួសារ​​នោះ​ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ផ្ដល់​សំណង​ប៉ះពាល់​​​ឲ្យ​សមស្រប​តាម​ភាព​ជាក់​ស្ដែង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ រហូត​មក​ទប់​ពេល​នេះ ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។អ្នក​ភូមិ​ទាំង​នោះ​ ព្រមាន​ថា​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​សមស្រប​ទេ​ នោះ​ពួកគេ​នឹង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។