ប្រជាកសិករនៅភូមិចំនួន៤ នៃឃុំស្រែខ្វាវ និងឃុំគោល ស្រុកអង្គរជុំ គ្មានដីធ្វើស្រែគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតរយៈពេល ២-៣ឆ្នាំមកហើយ។ កង្វល់នេះនៅតែអូសបន្លាយ ដោយសារតែអាជ្ញាធរស្រុក និងខេត្តសៀមរាប មិនបានដោះស្រាយអ្វីសោះ។
តើប្រជាកសិករបានសម្ដែងកង្វល់យ៉ាងណាអំពីអនាគតអ្នកជំនាន់ក្រោយ ដោយសារតែរឿងខ្វះដីស្រែនេះ?
ប្រជាពលរដ្ឋប្រមាណ ៩០នាក់ នៅក្នុងភូមិរវៀង ភូមិគោកចាស់ នៃឃុំស្រែខ្វាវ និងភូមិព្រៃអារ ភូមិអំពិលធ្នង់ ឃុំគោល បានប្រឈមមុខដាក់គ្នាជាមួយនគរបាល និងអាជ្ញាធរពាក់ព័ន្ធទីនោះរយៈពេលមួយសប្ដាហ៍មកហើយ នៅពេលដែលអ្នកភូមិប្រដាប់ដោយកាំបិត ពូថៅ នាំគ្នាសម្រុកចូលទៅកាប់ព្រៃក្នុងតំបន់ការពាររបស់សហគមន៍ដើម្បីពង្រីកធ្វើស្រែថែមទៀត។
ក្រុមអ្នកភូមិខ្លះបានចោទប្រកាន់មន្ត្រីឃុំ និងស្រុកអង្គរជុំ ថា បានដកហូតយកដីកេរដូនតារបស់គេទៅធ្វើជាដីសហគមន៍ការពារព្រៃឈើ នៅពេលដែលកសិករខ្លះមិនបានយល់ព្រមទាល់តែសោះ។
បុរសម្នាក់ជាអ្នកភូមិរវៀង ឃុំស្រែខ្វាវ ដែលសុំមិនបញ្ចេញឈ្មោះ គាត់បានមានប្រសាសន៍ថា បច្ចុប្បន្ន គ្រួសាររបស់គាត់មានដីស្រែទំហំតែ ១,៥០ហិកតារ។ កាលពីមុន គាត់មានដីកេរដូនតាខ្លះទៀតសម្រាប់ទុកពង្រីកធ្វើស្រែ ក៏ប៉ុន្តែកាលពី ៤-៥ឆ្នាំមុន អាជ្ញាធរបានដកយកដីកេរទាំងនោះទៅធ្វើជាតំបន់សហគមន៍ការពារព្រៃឈើ។
បុរសដដែលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្រួសារកសិករដែលមានកូនច្រើន ដូចជារូបគាត់ជាដើម បានចាប់ផ្ដើមខ្វះដីធ្វើកសិកម្ម ក៏បាននាំគ្នាធ្វើពាក្យស្នើសុំទៅអាជ្ញាធរ ក៏ប៉ុន្តែមិនមានការឆ្លើយតប ក៏នាំគ្នាចូលទៅក្នុងតំបន់សហគមន៍ការពារព្រៃដែលជាអតីតដីរបស់ពួកគេ ហើយកាប់ឆ្ការព្រៃយកដីធ្វើស្រែវិញ៖ «ខ្វះខាតខ្ចីគេ ខ្ចីអង្គការ ខ្ចីអីទៅ ហូបទៅ បានតែ ១រដូវប្រាំង ដល់រដូវវស្សាក៏អស់ដើររកខ្ចីគេខ្ចីឯង ខ្ចីលុយបុលគេ។ ប្រជាជនខ្លះដែលគ្នាអត់ស្រែអត់ភ្លឺ ស្នើសុំហើយមិនបានអី មិនបានទៀតក៏ចេះទៅកាប់យកដីទៀត ដើម្បីចិញ្ចឹមក្រុមគ្រួសារ។ បើគេមកឃាត់ក៏ប្រជាជនអត់ឈប់ដែរ»។
បុរសម្នាក់ទៀតជាកសិករនៅភូមិអំពិលធ្នង់ ឃុំគោល បានមានប្រសាសន៍ថា កន្លងទៅអាជ្ញាធរបានដកហូតដីកសិករដែលត្រួសត្រាយស្រឡះរួចហើយ យកទៅដាក់ជាសហគមន៍ការពារព្រៃឈើដែលធ្វើឱ្យកសិករជាច្រើនខ្វះដីស្រែ ហើយនៅពេលដែលគ្មានដីធ្វើស្រែ គឺមានតែនាំគ្នាទៅកាប់ព្រៃនៅក្នុងតំបន់សហគមន៍ការពារព្រៃឈើនោះ៖ «ប៉ូលិសគេចុះទៅ គេភ្ជង់ដកយកកាំបិត ពូថៅអីអស់ ក៏នៅតែកាប់បន្តអីចេះ ព្រោះគ្នាមិនមានស្រែធ្វើ។ កូនចៅ ៤-៥ មានស្រែកន្លះហិកតារ ស្រែ១ហិកតារ។ ខ្ញុំធ្វើពាក្យសុំស្នើច្រើនដងច្រើនសារទៅហើយ ដល់ទៅឯកឧត្តម ម៉ៅ វុឌ្ឍី ខ្ញុំធ្វើឡើងទៅដល់ខេត្ត នៅមិនទាន់ចេញលទ្ធផលអ្វីបន្តិចឡើង ៣ខែទៅហើយ»។
ចាប់តាំងពីថ្ងៃទី២៧ ខែមេសា កន្លងមក ក្រុមប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាចុះទៅកាប់ឆ្ការព្រៃនៅក្នុងតំបន់ដែលអាជ្ញាធរដកហូតទុកជាសហគមន៍ព្រៃឈើនោះ ដើម្បីយកដីធ្វើស្រែ ហើយសមត្ថកិច្ចប្រដាប់អាវុធ និងអ្នកភូមិជាច្រើនបានប្រឈមមុខដាក់គ្នាជាច្រើនថ្ងៃមកនេះ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដោយសារការប្រឈមមុខដាក់គ្នាជាច្រើនថ្ងៃ គឺសមត្ថកិច្ចបានស្នើសុំដីកាពីព្រះរាជអាជ្ញាអមសាលាដំបូង ដែលអាចនឹងឈានទៅដល់ការចាប់ខ្លួនប្រជាពលរដ្ឋមួយចំនួន។
អង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការងារសិទ្ធិមនុស្សនៅក្នុងខេត្តសៀមរាប បានសម្ដែងការព្រួយបារម្ភខ្លាចក្រែងមានអំពើហិង្សាកើតឡើងនៅក្នុងរឿងប្រឈមមុខដាក់គ្នា ដោយសារតែបញ្ហាដីធ្លីនេះ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប លោក សួស ណារិន បានមានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់លោក គឺរកឃើញថា ប្រជាពលរដ្ឋមួយចំនួនធ្លាប់កាន់កាប់ដីស្រែជាច្រើនហិកតារនៅមុនពេលដែលអាជ្ញាធរដកហូតយកដីទាំងនោះទៅធ្វើជាសហគមន៍ការពារព្រៃឈើ។ លោកមានការព្រួយបារម្ភខ្លាចក្រែងកើតមានអំពើហិង្សានៅមុនពេលរដូវវស្សាមកដល់ ដោយសារតែប្រជាពលរដ្ឋគ្មានដីធ្វើស្រែ៖ «ការព្រួយបារម្ភរបស់យើងថា ពួកគាត់ហ្នឹងមិនព្រមដកថយទេ ដោយសារគាត់ខ្វះខាតដីស្រែធ្វើ។ អីចឹងហើយ បានយើងខំដាក់អន្តរាគមន៍ឱ្យខេត្តប្រញាប់ដោះស្រាយ កុំឱ្យមានការប្រឈមមុខការហិង្សាដាក់គ្នាលើរឿងដីធ្លីហ្នឹង»។
ចំណែកលោក ចៅ ល័ក្ខវណ្ណា ជាអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានមានប្រសាសន៍ថា កសិករជាច្រើនគ្រួសារដែលនាំគ្នាចូលទៅកាប់ព្រៃនៅក្នុងតំបន់សហគមន៍ការពារព្រៃឈើ ដើម្បីយកដីធ្វើស្រែនោះ គឺជាការបង្ខំចិត្ត ដោយសារតែពួកគាត់គ្មានដីស្រែ ចំណែកឯអាជ្ញាធរក៏មិនបានដោះស្រាយលើការស្នើសុំដីស្រែថ្មីជាច្រើនលើកមកហើយនោះ៖ «សង្គមស៊ីវិលបានត្រឹមតែស្នើសុំទៅខាងអាជ្ញាធរ សមត្ថកិច្ច ឱ្យមានការដោះស្រាយ ជៀសវាងការប្រឈមមុខដាក់គ្នាទៅទៀត រវាងប្រជាជន និងសមត្ថកិច្ច។ មិនទាន់ដឹងថា មានប្រសិទ្ធភាពប៉ុណ្ណាទេ គឺរង់ចាំមើលចំណាត់ការរបស់ខាងអាជ្ញាធរស្រុកសិន»។
កាលពីអំឡុងខែតុលា ឆ្នាំ២០១២ កន្លងទៅ ប្រជាកសិករជាង ១២០គ្រួសារ ដែលរស់នៅក្នុងភូមិគោកចាស់ ឃុំស្រែខ្វាវ និងភូមិព្រៃអារ ភូមិអំពិលធ្នង់ នៃឃុំគោល នៃស្រុកអង្គរជុំ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប ធ្លាប់ទាមទារឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ផ្តល់ដីស្រែមកឱ្យពួកគេបានធ្វើដើម្បីចិញ្ចឹមជីវិតវិញ។
ការទាមទារនោះ បន្ទាប់ពីពួកគេអះអាងថា រយៈពេល ២ឆ្នាំមកហើយ អាជ្ញាធរបានហាមឃាត់យ៉ាងតឹងតែងមិនឱ្យចូលទៅធ្វើស្រែបានទេ។
អភិបាលស្រុកអង្គរជុំ លោក រ័ត្ន ជុំ មិនបានពន្យល់អំពីដំណោះស្រាយយ៉ាងណាចំពោះរឿងនោះទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ៖ «ពីដើមអត់ដែលចូលកាប់ ឥឡូវគាត់ចូលកាប់ទ្រង់ទ្រាយធំ យើងរាយការណ៍ទៅខេត្ត ទៅលើអីអស់ហើយ។ ខាងជំនាញរដ្ឋបាលព្រៃឈើគេបិទព្រៃសហគមន៍។ អីចេះ សុំទោស ចាំមួយម៉ោងទៀត ព្រោះខ្ញុំជាប់ប្រជុំ»។
កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ លោកអភិបាលស្រុកអង្គរជុំ ធ្លាប់បានពន្យល់ថាមេឃុំស្រែខ្វាវ បានផ្តល់ដីនៅប៉ែកខាងលិចព្រៃសហគមន៍ ជាប់នឹងព្រំប្រទល់ស្រុកស្រីស្នំ ដោយមានក្បាលទំហំ ១០០ម៉ែត្រ គុណនឹងបណ្តោយជាច្រើនគីឡូម៉ែត្រ ទៅឱ្យអ្នកភូមិគោកចាស់ និងឃុំគោល ដែលមានដីស្រែក្នុងប្លង់ព្រៃសហគមន៍ បានដីថ្មីធ្វើស្រែវិញរួចអស់ហើយ។ ក៏ប៉ុន្តែ ដីទាំងនោះត្រូវអ្នកភូមិព្រៃអារ និងភូមិអំពិលធ្នង់ ទៅរុករានដណ្ដើមយកអស់ បណ្ដាលឱ្យអ្នកភូមិគោកចាស់ បានតែ ២គ្រួសារប៉ុណ្ណោះ។
ដោយសារគ្មានដីធ្វើស្រែគ្រប់គ្រាន់ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើននៃស្រុកអង្គរជុំ ចាកចេញពីផ្ទះទៅស្វែងរកការងារធ្វើ។ អតីតអភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានបញ្ជាក់កាលពីពេលថ្មីៗថា ក្នុងចំណោមប្រជាពលរដ្ឋនៅស្រុកអង្គរជុំ ១ម៉ឺននាក់ គឺ ៧ពាន់នាក់ កំពុងស្នាក់នៅឯប្រទេសថៃ នៅឡើយ រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
