កសិករ​នៅ​បន្ទាយមានជ័យ​ស្នើសុំ​សំណង​លើ​ដី​ស្រែ​ដែល​ប៉ះពាល់​ពី​គម្រោង​ជីក​ប្រឡាយ

0:00 / 0:00

ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​មេ​រំដោះ​ទឹក​ជំនន់ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ ក្រុម​អ្នក​ភូមិ​ទាំង​នោះ​បញ្ជាក់​ថា មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​កំពុង​ជីក​កកាយ​ដី​ស្រែ​របស់​ពួក​គាត់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​សំណង​នៃ​ផល​ប៉ះពាល់​នោះ​ឡើយ​រហូត​មក​ទល់​ពេល​នេះ។

កសិករ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ គិតគូរ​ដោះស្រាយ​សំណង​លើ​ផល​ប៉ះពាល់​ដី​ស្រែ​ជូន​ពួក​គាត់។ ដី​ស្រែ​ជា​ច្រើន​កន្លែង ត្រូវ​បាន​គេ​ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ជីក​កកាយ​សាងសង់​ប្រព័ន្ធ​ប្រឡាយ​មេ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​មេ​នេះ បាន​ប៉ះពាល់​លើ​ដី​ស្រែ​កសិករ​ចំនួន​ពីរ​ភូមិ ក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​ថ្លែង​ថា ប្រព័ន្ធ​ប្រឡាយ​មេ​នោះ​មាន​ទំហំ​ធំ ដែល​មាន​ទទឹង​ជាង ៤០​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​គ្រឿងចក្រ​ជីក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។

អ្នក​ភូមិ​ឈ្មោះ អ៊ុក កុសល បញ្ជាក់​ថា ដី​ស្រែ​ពួក​គាត់​ត្រូវ​បាន​គេ​ដាក់​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ធ្វើ​ប្រឡាយ ប៉ុន្តែ​អ្នក​ភូមិ​ជា​ម្ចាស់​ដី​ស្រែ​ទាំង​នោះ​ពុំ​បាន​ដឹង​នោះ​ឡើយ។

លោកស្រី​ថា អ្នក​ភូមិ​ខ្លះ​ពុំ​មាន​ដី​ស្រែ​ច្រើន​នោះ​ទេ។ ជា​រៀង​រាល់​ឆ្នាំ ពួក​គាត់​បាន​ពឹង​ផ្អែក​លើ​មុខ​របរ​ធ្វើ​ស្រែ​តែ​ប៉ុណ្ណោះ៖ «ដី​ខ្ញុំ​ប៉ះ​ប្រហែល​បី​ទៅ​បួន​រ៉ៃ​ដែរ គេ​ធ្វើ​ហើយ ប៉ុន្តែ​គេ​ធ្វើ​គេ​អត់​ប្រាប់​យើង ហើយ​សំណង​ក៏​អត់​មាន​ដែរ។ ខ្ញុំ​អស់​ដី​ស្រែ ចង់​ឲ្យ​គេ​ជួយ​សំណង​ខ្លះ​អ៊ីចឹង ព្រោះ​អី​ខ្ញុំ​អត់​មាន​អី​ទេ មាន​តែ​ស្រែ​បន្តិចបន្តួច ពេល​គេ​ធ្វើ​អស់​ខ្ញុំ​អត់​មាន​ដី​ស្រែ​ធ្វើ»

អ្នក​ភូមិ​ឈ្មោះ សេន ស្រី បញ្ជាក់​ថា សកម្មភាព​គ្រឿងចក្រ​កំពុង​ជីក​ប្រឡាយ​បន្ត​ទៅ​ប៉ះពាល់​លើ​ដី​ស្រែ និង​ដី​ភូមិ​របស់​អ្នក​ស្រុក​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​ក្នុង​ភូមិ៖ «ដី​ហ្នឹង​ដី​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ស្រែ​ប្រាំង។ អ៊ីចឹង​ខ្ញុំ​ជីក​ប្រឡាយ​ដាក់​លូ​អស់​ប្រហែល​ជិត ២​ពាន់​ដុល្លារ។ ដល់​ពេល ​អ៊ីចឹង​ទៅ ឃើញ​គេ​គូស​ចំណុច​សូន្យ​កន្លែង​ហ្នឹង ហើយ​ប៉ះពាល់​លូ​មួយ​កន្លែង ហើយ​ប៉ះពាល់​ដី​ភូមិ​នេះ​មួយ​កន្លែង​ទៀត»

ទោះ​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់ ពី​ទំហំ​នៃ​ផល​ប៉ះពាល់​លើ​ដី​ស្រែ​របស់​អ្នក​ភូមិ​ទាំង​នោះ​ជាក់​លាក់​នៅ​ឡើយ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បញ្ជាក់​ថា នៅ​ខេត្ត​បន្ទាយមានជ័យ បាន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា។

ក្រោយ​ពី​មាន​គ្រោះ​ទឹក​ជំនន់​ជា​បន្តបន្ទាប់​មក​នេះ ក្រសួង​ធនធាន​ទឹក​បាន​លើក​គម្រោង​ស្ថាបនា​ប្រឡាយ​មេ​រំដោះ​ទឹក​នេះ​ឡើង ប៉ុន្តែ​សកម្មភាព​គ្រឿងចក្រ​សព្វថ្ងៃ​នេះ គឺ​បន្ត​មក​ពី​គម្រោង​ចាស់​ពង្រីក​ប្រឡាយ​មេ​មួយ​ខ្សែ ចេញ​ពី​ស្រុក​បវេល ខេត្ត​បាត់ដំបង ឆ្លង​កាត់​ស្រុក​មង្គលបុរី ឆ្ពោះ​ទៅ​ក្រុង​សិរីសោភ័ណ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ភូមិ លោក​បញ្ជាក់​ថា កន្លង​មក​នៅ​ពេល​មាន​ការ​លើក​គម្រោង​សាងសង់​អ្វី​មួយ អាជ្ញាធរ​តែង​តែ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ផល​ប៉ះពាល់៖ «ផល​ប៉ះពាល់​ហ្នឹង ខាង​ក្រសួង​គាត់​ចាត់​ចែង វា​មិន​ដែល​អត់​ទេ កន្លង​មក​ដូច​ជា​ប្រឡាយ​ដែល​ត្រូវ​ពង្រីក យើង​ខ្ញុំ​បាន​ចុះ​សិក្សា​ផល​ប៉ះពាល់​ជាមួយ​ពួក​គាត់។ យើង​ខ្ញុំ​តែង​តែ​ពិភាក្សា​លើ​សំណូមពរ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ។ យើង​ធ្វើ​បាន​រហូត​ប្រឡាយ​៤ ទៅ ១០​គីឡូ​ម៉ែត្រ។ យើង​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​មិន​ដឹង​ថា គម្រោង​បន្ត​នេះ​ស្រុក​មង្គលបុរី នេះ​មិន​ដឹង​ថា អាជ្ញាធរ​ជាមួយ​ធនធាន​ទឹក។ ខ្ញុំ​នឹង​ស្រាវជ្រាវ​បន្ត​ទៀត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​ករណី​នេះ​បាន​ទេ។

ប៉ុន្តែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ថ្លែង​ថា ការ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​មេ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នេះ ជា​គម្រោង​ថ្នាក់​ជាតិ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ។ គម្រោង​នេះ​ចាប់​ផ្ដើម​អនុវត្ត​ក្នុង​១​ឆ្នាំ ៨​គីឡូម៉ែត្រ ចាប់​ពី​ឃុំ​បត់ត្រង់ ទៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ ការ​ដោះស្រាយ​ផល​ប៉ះពាល់ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​មាន​របាយការណ៍​ជុំវិញ​ផល​ប៉ះពាល់​នេះ​ពី​ថ្នាក់​មូលដ្ឋាន​មក​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រង​ផល​ប៉ះពាល់ ហើយ​សហគមន៍​នៅ​មូលដ្ឋាន​បាន​ដោះ​ដូរ​ដី​ស្រែ​ជូន​ពលរដ្ឋ​មួយ​គ្រួសារ​នោះ​រួច​រាល់​ហើយ៖ «ខាង​ស្រុក​គេ​រាយការណ៍​មក គឺ​មាន​តែ​មួយ​គ្រួសារ​ប៉ះពាល់​ដី​ធំ​ជាង​គេ ហើយ​ខាង​ឃុំ​គាត់​បាន​ស្រុះស្រួល​គ្នា​កាត់​ដី​ភូមិ​ឲ្យ ដល់​បង​ប្អូន​មាន​បញ្ហា​ទៀត ខ្ញុំ​អត់​ដឹង​ដែរ មិន​ទាន់​មាន​អ្នក​ណា​រាយការណ៍​មក​ផ្សេង​ទៀត។ ខ្ញុំ​អត់​ទាន់​ដឹង​ទេ ចាំ​មើល​ឆែក​ត្រួត​ពិនិត្យ​មើល ហើយ​មាន​មធ្យោបាយ​អី​សម្របសម្រួល​គ្នា​ឲ្យ​ស្រួល ឲ្យ​បាន​ផល​ប្រយោជន៍​រួម​ទាំងអស់​គ្នា ចាំ​មើល​ខ្ញុំ​ឲ្យ​ក្រុម​ការងារ​របស់​ខេត្ត​ចុះ​ទៅ​ជួយ​ពិនិត្យ​មើល ព្រោះ​យើង​ធ្វើ​ជួយ​បង​ប្អូន​កាត់​បន្ថយ​ភាព​ក្រីក្រ»

ទន្ទឹម​គ្នា​នេះ លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ក្រសួង​ធនធាន​ទឹក​មាន​គម្រោង​ពង្រីក​ប្រឡាយ​មេ​មួយ​ខ្សែ​ទៀត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​រំដោះ​ទឹក​ជំនន់​ដែល​ហូរ​ចាក់​ពី​ប្រទេស​ថៃ កាត់​ក្រុង​ប៉ោយប៉ែត ជន់​លិច​ខេត្ត​បន្ទាយមានជ័យ។ រយៈពេល​កន្លង​មក លោក​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ក្រោយ​ពី​ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​រួច បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​មាន​វិធាន​ការ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​ចាស់ៗ ទាំង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​រំដោះ​ទឹក​ចូល​ទៅ​ក្នុង​បឹង​ទន្លេ​សាប។ យ៉ាង​ណា​ក៏ដោយ គម្រោង​នេះ​នៅ​ពុំ​ទាន់​មាន​ការ​អនុម័ត​នៅ​ឡើយ។

ទោះ​យ៉ាង​ណា គេ​សង្កេតឃើញ​ថា របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន ដែល​មាន​កិច្ច​សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បន្ទាយមានជ័យ នេះ គឺ​បាន​ធ្វើ​ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​ភូមិ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទាំង​ភូត​កុហក​ថា ពួក​គេ​ពុំ​បាន​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ថែម​ទៀត។

ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ការ​សាងសង់​ប្រឡាយ​មេ​នេះ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​ដី​ស្រែ​របស់​អ្នក​ភូមិ។ ដី​ស្រែ​ខ្លះ​ប៉ះ​ទាំង​ស្រុង និង​ដី​ស្រែ​អ្នក​ភូមិ​ខ្លះ ត្រូវ​គ្រឿងចក្រ​កាយ​អស់​ពាក់​កណ្ដាល៖ «ការ​អភិវឌ្ឍ​មួយ​នៅ​ឃុំ​រហាត់ទឹក កំពុង​ធ្វើ​ប្រឡាយ​នៅ​លើ​ដី​ស្រែ​របស់​កសិករ ប៉ុន្តែ​ប្រជាជន​អត់​បាន​ដឹង​ព័ត៌មាន​នៃ​ការ​អភិវឌ្ឍ មេ​ភូមិ​មេ​ឃុំ​ក៏​អត់​ដឹង ប្រជាជន​ខ្លះ​គាត់​បាន​សួរ​អ្នក​ឈូស​ឆាយ​ថា ខាង​រដ្ឋ​គេ​ធ្វើ ប៉ុន្តែ​ខាង​ភូមិ​ឃុំ​នៅ​តែ​អត់​ដឹង​ដដែល បើ​គិត​ទៅ​វា​ប៉ះ​ឡើង​ពីរ​ភូមិ ភូមិ​កាមុល ឆ្លង​ទៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ប៉ះពាល់​ខ្លះ​អស់​រលីង​ទៅ​ខ្លះ​ទៀត​អស់​ពាក់​កណ្ដាល»

ប្រជាពលរដ្ឋ​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ដែល​មាន​ដី​ស្រែ​ប៉ះពាល់​នោះ ក្រៅ​ពី​ការ​អំពាវនាវ​សុំ​រដ្ឋាភិបាល​គិតគូរ​សំណង​ជូន​ពួក​គាត់​នោះ ពួក​គាត់​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ស្រែ​ជាក់ស្ដែង​ដែល​កំពុង​បាត់​បង់ ដោយសារ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​មេ​នៅ​ក្នុង​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។