ជារឿយៗ គេតែងសង្កេតឃើញជនជាតិវៀតណាម ចូលមកជួលដីរបស់ប្រជាកសិករខ្មែរដែលរស់នៅតាមជាយដែន យកទៅធ្វើស្រែជាបន្តបន្ទាប់។ ជាក់ស្ដែង ដីស្រែរបស់ភូមិមួយចំនួននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រាប់រយហិកតារ បានជួលទៅឲ្យជនជាតិវៀតណាម ធ្វើស្រែរហូតមកទល់សព្វថ្ងៃ។ ប្រជាកសិករបញ្ជាក់ថា មូលហេតុដែលជួលដីឲ្យវៀតណាម នោះ ដោយសារពួកគាត់ធ្វើស្រែខ្លួនឯងពុំបានផលចំណេញ។
ដីស្រែរបស់ប្រជាកសិករខ្មែររាប់រយហិកតារ ដែលជួលទៅឲ្យជនជាតិវៀតណាម នោះ មានចម្ងាយប្រមាណជា ២គីឡូម៉ែត្រពីជាយដែនកម្ពុជា-វៀតណាម ប៉ុណ្ណោះ។ ហើយដីទាំងនោះ ជនជាតិវៀតណាម សម្រុកមកជួលយកទៅធ្វើស្រែប្រាំងមួយឆ្នាំ ២ដង គឺលើកទី១ ផ្ដើមធ្វើពីខែសីហា ដល់ខែធ្នូ និងធ្វើម្ដងទៀតពីចុងខែមីនា ដល់ចុងខែមិថុនា ជារៀងរាល់ឆ្នាំ។
ប្រជាកសិករវ័យ ៥០ឆ្នាំប្លាយ ដែលជាម្ចាស់ស្រែជួលដីឲ្យជនជាតិវៀតណាម រស់នៅភូមិភ្លោះ នៃឃុំគ្រួស ស្រុកស្វាយជ្រំ លោក មុំ សុក ថ្លែងថា លោកមានដីស្រែ ៣ហិកតារ ជួលទៅឲ្យវៀតណាម ធ្វើជាង ៣ឆ្នាំមកហើយ។ ដោយដីមួយហិកតារ លោកជួលទៅឲ្យគេធ្វើក្នុងតម្លៃ ២៥០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោក មុំ សុក បញ្ជាក់ថា តម្លៃឈ្នួលដីថោកថ្លៃ ឬយ៉ាងណានោះ អាស្រ័យទៅលើប្រភពទឹកនៅជិត ឬឆ្ងាយ។ លោកថា បើដីស្រែណានៅជិតប្រភពទឹក ប្រជាកសិករជួលក្នុងតម្លៃប្រមាណពី ៤៥០ ទៅ ៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោក មុំ សុក៖ «ជួលគេបាន ៣ឆ្នាំហើយបង! មូលហេតុអីបានជាជួលស្រែឲ្យគេ? មូលហេតុមកពី យើងកាលពីមុនធ្វើស្រែខ្វះខាត គ្មានហាងឆេងទិញស្រូវ។ យើងយកស្រូវទៅវៀតណាម អ៊ីចឹងយើងទូទាត់ឲ្យគេទៅល្មមមិនរួចជួលឲ្យគេតអ៊ីចឹងទៅ។ ឥឡូវឈប់មើលគោម្ដង ហើយយើងបានកម្រៃហ្នឹងទៅដោះដូរទិញគោទិញអីចិញ្ចឹមវិញម្ដង។ ជួលស្រែហ្នឹងមានគិតខ្លាចគេយកស្រែយើងទេ? មិនខ្លាចទេ គេធ្វើប៉ុន្មានឆ្នាំហើយ វាចេះតែស្ងាត់ៗអ៊ីចឹងទៅទាំងអស់គ្នា អ៊ីចឹងចេះតែប្រឹងតាមគេតាមឯងទៅ!»។
ស្រដៀងគ្នានេះដែរ ប្រជាកសិករម្ចាស់ស្រែម្នាក់ទៀតរស់នៅភូមិភ្លោះ លោក មឿង ពុត មានប្រសាសន៍ថា លោកជួលដីស្រែឲ្យជនជាតិវៀតណាម ចំនួន ២ហិកតារ ដោយសារទូទាត់តម្លៃជីដាក់ស្រូវ ថ្នាំបាញ់ និងតម្លៃផ្សេងៗខ្ពស់ រីឯតម្លៃស្រូវទាប ពេលប្រមូលផលស្រូវលក់មិនបានផលចំណេញ។ ហើយម្យ៉ាង ជនជាតិវៀតណាម គេហ៊ានជួលស្រែឲ្យតម្លៃខ្ពស់ ទើបសម្រេចចិត្តជួលដីស្រែនោះទៅឲ្យជនជាតិវៀតណាម ធ្វើវិញម្ដង។
លោកបន្តថា មូលហេតុដែលវៀតណាម ជួលស្រែរបស់អ្នកភូមិឲ្យតម្លៃខ្ពស់ ដោយសារតម្លៃជី ប្រេងសាំង និងថ្នាំបាញ់ស្រូវនៅប្រទេសគេថោក រីឯតម្លៃស្រូវដែលប្រជាពលរដ្ឋគេធ្វើបានយកទៅលក់នៅប្រទេសរបស់គេខ្ពស់ជាងនៅកម្ពុជា។ បញ្ហាទាំងនេះហើយ ទើបបានជាជនជាតិវៀតណាម នាំគ្នាសម្រុកមកជួលដីស្រែរបស់អ្នកភូមិ យកទៅធ្វើស្រែ ព្រោះគេធ្វើស្រែទទួលបានផលចំណេញ៖ «ធ្វើទៅវាកាន់តែថយទៅៗ វាកាន់តែខ្សោយទៅ ដល់ពិបាកទៅស្ដុក ដល់ស្ដុកទៅម្យ៉ាងពិបាក ទី១ អត់មានទីផ្សារ ដល់អត់មានទីផ្សារទៅ មិនដឹងទៅណា មានទៅវៀតណាម ដដែល។ ម្យ៉ាងជីវាថ្លៃ ប្រេងក៏ថ្លៃ ស្អីក៏ថ្លៃ ម្យ៉ាងសព្វគ្រប់ទាំងអស់។ ដល់ផាត់ទៅផាត់មក អត់មានចំណេញ ដល់អត់មានចំណេញទៅ ហ្នឹងយើងវាទៅស្ដុកដល់វាត្រូវស្ដុក វាត្រូវផ្អាកដំណើរការផ្នែកកសិកម្ម ផលពិបាកយើងបញ្ហាហ្នឹង»។
រីឯប្រជាកសិករជាម្ចាស់ស្រែនៅភូមិកណ្ដាល ឃុំគ្រួស លោក វ៉េន យុន ឲ្យដឹងថា លោកជួលស្រែឲ្យជនជាតិវៀតណាម ចំនួន ២ហិកតារ ដោយសារធ្វើស្រែមិនបានផលចំណេញ។ ម្យ៉ាងទៀត ជំពាក់ថ្លៃជីវៀតណាម ដែលគេយកមកបណ្ដាក់ឲ្យនៅពេលធ្វើស្រែ ប៉ុន្តែគ្មានប្រាក់បង់ឲ្យគេ ទើបនាំគ្នាជួលដីស្រែឲ្យទៅវៀតណាម ធ្វើតែម្ដង៖ «យើងធ្វើទៅ យកជីគេទៅ វាខ្វះខាត គេទុកឲ្យគេធ្វើទៅ។ គេដើមទុនគេរបស់តម្លៃវាធូរជាងយើង ដល់យើងមានធូរអី គេ រដ្ឋគេអាចយកបានធូរ គេធ្វើបាន។ នៅគេហ្នឹងវាថោកមែនទែន ជីថ្នាំអីអ៊ីចឹង ដល់មកយើងលក់ឲ្យយើងទៅទិញគេហ្នឹងទាំងអស់។ ដល់មកស្រូវនាំទៅគេដដែលទៀត ដូចរកស៊ីចិញ្ចឹមគេហ្នឹង បានសម្រេចចិត្តជួលទៅ»។
មេឃុំគ្រួស លោក នេត សានិន មានប្រសាសន៍ថា ដីស្រែដែលអ្នកភូមិជួលទៅជនជាតិវៀតណាម មានចំនួនតិចតួច គឺប្រមាណ ៣០០ហិកតារ។ ហើយដីដែលជួលនោះ ពុំមានធ្វើលិខិតជួលដីឲ្យបានច្បាស់លាស់នោះទេ គឺប្រជាកសិករជួលដោយព្រមព្រៀងគ្នារវាងម្ចាស់ស្រែ និងអ្នកជួលដីជនជាតិវៀតណាម ដោយមានការទំនាក់ទំនងជាមួយអាជ្ញាធរភូមិបន្តិចបន្តួច។ លោក នេត សានិន បន្តថា អ្នកភូមិទើបតែជួលដីស្រែឲ្យទៅវៀតណាម រយៈពេលប្រមាណជា ២ឆ្នាំកន្លងទៅប៉ុណ្ណោះ។ ហើយមូលហេតុចម្បងដែលប្រជាកសិករជួលដីទៅឲ្យជនជាតិវៀតណាម ដោយសារពួកគាត់ធ្វើស្រែខាតជាបន្តបន្ទាប់ ពុំមានលទ្ធភាពធ្វើស្រែដោយខ្លួនឯង ទើបពួកគាត់សម្រេចចិត្តជួលដីស្រែទៅឲ្យគេ៖ «ទីមួយជាប់លុយ ហើយកាត់តាមរយៈជួលហ្នឹងទៅ។ ទី២ គាត់គ្មានលទ្ធភាពធ្វើបន្តទៀត គាត់ជួលយកកម្រៃ ដើម្បីដោះដូរ ហើយនិងចំណាកស្រុក។ នៅហ្នឹងបញ្ហាប្រឈមតែប៉ុណ្ណឹងទេ ហ្នឹងរឿងគាត់ដែលអ្នកគេធ្វើនៅតែធ្វើ ជំពាក់លុយថ្លៃជីថ្លៃទឹកអ៊ីចឹង ធ្វើបានមួយវគ្គដោះមិនរួចជាប់មួយវគ្គ ដល់ស្រូវប្រាំងជាប់មួយវគ្គជាប់ ២វគ្គបីរកមធ្យោបាយហ្នឹងដោះបញ្ហា»។
ទាក់ទងនឹងបញ្ហាជួលដីស្រែតាមជាយដែននេះ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍បញ្ជាក់ថា កម្ពុជា ពុំបានអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាជាយដែនជួលដីស្រែចម្ការរបស់ខ្លួន ទៅឲ្យពលរដ្ឋប្រទេសជិតខាងនោះទេ។ លោកបន្តថា ការជួលដីនេះជាសិទ្ធិអំណាចរបស់អាជ្ញាធរមូលដ្ឋាន ព្រោះពួកគាត់នៅកៀក និងដឹងសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋ៖ «ទេអត់មានមធ្យោបាយឲ្យជួលទេ សូមបញ្ជាក់ បើលើកទឹកចិត្តឲ្យជួលបញ្ហាហ្នឹង ហ្នឹងមានបញ្ហាព្រំដែនថ្ងៃក្រោយ។ មិនដឹងគេជួលដីយើងប៉ុន្មានឆ្នាំ ជួនកាលជួលយូរៗវាទៅគេថាគេធ្វើនៅលើហ្នឹងយូរហើយអ៊ីចឹង បានយើងហាមឃាត់មិនឲ្យជួល»។
ប្រជាកសិករខ្មែរដែលជួលដីស្រែទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាងនោះ ភាគច្រើនជាប្រជាកសិករដែលរស់នៅតាមបណ្ដាខេត្តមួយចំនួនជាប់ជាយដែន ដូចជាខេត្តស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកំពង់ចាម ជាដើម។ ក្រុមប្រជាកសិករបញ្ជាក់ថា ពួកគាត់ពុំមានចេតនាជួលដីស្រែរបស់ខ្លួនទៅប្រជាពលរដ្ឋប្រទេសជិតខាងធ្វើនោះទេ ប៉ុន្តែដោយសារធ្វើស្រែពុំទទួលបានផលកម្រៃ ទើបបង្ខំចិត្តជួលស្រែរបស់ខ្លួនឲ្យទៅគេ ក្នុងនោះមានអ្នកភូមិខ្លះបន្ទាប់ពីជួលដីស្រែរួច ក៏ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅឯក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
