គណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុងកំពង់ឆ្នាំង ប្រកាសថា ការអនុវត្តការងារផ្លាស់ទីផ្ទះអ្នកភូមិបណ្ដែតទឹកជិត ១.៥០០ខ្នង ជិតបញ្ចប់ហើយ ប៉ុន្តែមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ដែលជាថ្ងៃអវសានវាទនៃការផ្លាស់ទី មានផ្ទះបណ្ដែតទឹកជាង ១០គ្រួសារទៀត មិនទាន់អូសផ្ទះទៅរស់នៅទីតាំងថ្មីតាមការតម្រូវរបស់អាជ្ញាធរនៅឡើយទេ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើកិច្ចសន្យាពន្យារពេលជាង ២០ថ្ងៃទៀត សម្រាប់ពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកដែលនៅសេសសល់ ដើម្បីអូសផ្ទះទៅរស់នៅទីតាំងលើទឹកថ្មី ឬអូសឡើងលើដីដែលខ្លួនមាន។ អាជ្ញាធរព្រមានចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីដែលម្ចាស់ផ្ទះរំលោភលើកិច្ចសន្យា ឬមួយដល់ពេលកំណត់ត្រូវចាកចេញហើយ តែមិនព្រមអូស ឬរុះរើផ្ទះសម្បែងចេញពីតំបន់ដែលត្រូវអភិវឌ្ឍនោះ។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចុះពិនិត្យផ្ទះបណ្ដែតទឹកនៅសេសសល់ កាលពីថ្ងៃទី២៥ ខែតុលា ថា ក្រុមពលរដ្ឋបានបង្ហាញពីការលំបាកផ្លាស់ទី ដោយបែរត្រី ឬផ្ទះរបស់ពួកគាត់ចាស់ ហើយមានផ្ទះខ្លះកំពុងជួលជាងអូសឡើងទៅតាមដីដែលពួកគាត់មានស្រាប់៖ «ដូចថ្ងៃនេះជាថ្ងៃចុងក្រោយ អ៊ីចឹងក្រុមការងារក៏បានពន្យល់ដល់ប្រជាពលរដ្ឋដែលនៅសល់តិចតួចនេះ ឲ្យយល់ពីគោលបំណង និងចូលរួម។ អ៊ីចឹងបងប្អូននៅប៉ុន្មានផ្ទះនេះ ក៏ចូលរួមយូរហើយ គាត់គ្រាន់តែត្រូវការជាង។ ដោយឡែកអ្នកទៅរកទីតាំងថ្មីដែលមានបញ្ហាអគ្គិសនីនោះ ខាងអគ្គិសនីខេត្ត កំពុងតភ្ជាប់ហើយ ហើយផ្លូវនៅពេលទឹកស្រក អាជ្ញាធរខេត្តកំពុងពិនិត្យលទ្ធភាពរបស់ខេត្ត»។

ក្រុមពលរដ្ឋខ្មែរ និងជនជាតិចាម ដែលមិនទាន់ឡើងគោក ឬប្ដូរទៅរស់នៅទីតាំងលើទឹកថ្មីតាមការតម្រូវរបស់អាជ្ញាធរនោះ មិនហ៊ានបញ្ចេញពីទុក្ខកង្វល់របស់ខ្លួន តាមរយៈសារព័ត៌មានឡើយ ដោយពួកគាត់ខ្លាចអាជ្ញាធរចាប់ទោសអូសដំណើរ។ ពួកគាត់ខ្លះបង្ហើបថា ការផ្លាស់ទីទៅរស់នៅលើទឹកដដែលនេះ ពួកគាត់មិនសូវពេញចិត្តឡើយ ព្រោះបញ្ហាបំពុលទឹកនៅតែបន្តកើតមាន។
ចំណែកក្រុមអាជីវករលក់ឈើ ស្លឹកកណ្ដប និងដើមឫស្សីពីងពង់នៅមាត់ទន្លេផ្សារក្រោមប៉ែកខាងលិច ចំនួន ២២នាក់ ស្នើសុំពន្យារពេលរុះរើតូប និងឲ្យអាជ្ញាធរអភិវឌ្ឍផ្លូវឆ្ពោះទៅទីតាំងថ្មី ដែលអ្នកភូមិបណ្ដែតទឹករស់នៅឋិតនៅចម្ងាយពីកន្លែងចាស់ប្រមាណ ៣គីឡូម៉ែត្រ ដើម្បីងាយស្រួលដឹកជញ្ជូនសម្ភារៈលក់ដូរទៅកន្លែងថ្មី។
អាជ្ញាធរខេត្តកំពង់ឆ្នាំង មានគម្រោងស្ថាបនាសួនច្បារ កន្លែងហាត់ប្រាណ និងវេទិកា នៅអែបមាត់ទន្លេផ្សារក្រោមប្រវែងជិត ៣គីឡូម៉ែត្រ ចាប់ពីមុខវត្តលោកយាយទេព រហូតដល់ស្ថានីយទឹកស្អាតអានកូ (Anco) ក្នុងសង្កាត់ផ្សារឆ្នាំង។ ការអនុវត្តផ្លាស់ទីផ្ទះបណ្ដែតទឹក ដែលភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម នេះ គឺផ្អែកលើសេចក្ដីសម្រេចលេខ១៨៧ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ស្ដីពីការដាក់ឲ្យអនុវត្តផែនការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍតំបន់មាត់ទន្លេផ្សារក្រោម ដោយប្រើរយៈពេល ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
