សហគមន៍ពោធិ៍មាស នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទាហានកងពលថ្មើរជើងលេខ៧០ និងមន្ត្រីមន្ទីរបរិស្ថាន នៅថ្ងៃទី២០ ខែមិថុនា ព្រមព្រៀងគ្នាលើការផ្លាស់ប្ដូរទីតាំងដីព្រៃទំហំជាង ៧០ហិកតារដែលផ្ដល់ឲ្យយោធិនចំនួន ១២គ្រួសារ បន្ទាប់ពីប្រជាសហគមន៍តវ៉ាអស់ជាច្រើនថ្ងៃមកហើយ។
មន្ត្រីជំនាញនៃមន្ទីរបរិស្ថានបានសម្របសម្រួលការចរចារវាងប្រជាសហគមន៍ និងទាហាននៅក្នុងទីតាំងជម្លោះដីព្រៃទំហំ ៧៧,៩៥ហិកតារ។
ភាគីជម្លោះបានយល់ព្រមឲ្យមន្ត្រីមន្ទីរបរិស្ថាន វាស់ដីព្រៃកាត់ជូនយោធិនសាជាថ្មីដើម្បីបញ្ចៀសការកាប់បំផ្លាញព្រៃឈើក្នុងព្រៃសហគមន៍ បន្ទាប់ពីមានភាពចម្រូងចម្រាស។
ប្រជាសហគមន៍ស្នើឲ្យវាស់ដីព្រៃចាប់ពីអូរមួយទៅទិសខាងជើង ពីទីតាំងដែលទាហានកំពុងឈូសឆាយ។ ទាហានយល់ព្រមនឹងសំណើនេះ។ ក៏ប៉ុន្តែមានបុរសពីរនាក់ ដែលអះអាងថា តំណាងពលរដ្ឋមានជម្លោះដីធ្លីចំនួន ២៨គ្រួសារផ្សេងទៀត ដែលថា ត្រូវបានអាជ្ញាធរឃុំព្រមផ្ដល់សំណងដីធ្លីនៅក្នុងដីព្រៃក្បែរអូរ ចេញមុខបដិសេធការព្រមព្រៀងរវាងទាហាន និងប្រជាសហគមន៍។
ក្រោយពេលចរចាជាថ្មីម្ដងទៀត ភាគីពាក់ព័ន្ធព្រមព្រៀងរំកិលយកទីកំណត់ក្បាលដីនៅពាក់កណ្ដាលពីអូរ និងពាក់កណ្ដាលពីទីតាំងដីព្រៃដែលទាហានកំពុងឈូសឆាយ។

មន្ត្រីជំនាញបរិស្ថានបានប្រើជី.ភី.អេស (GPS) និងបច្ចេកទេស យូ.ធី.អឹម (UTM) ដើម្បីកំណត់វាស់វែងទីតាំងដីព្រៃសម្រាប់ធ្វើផែនទីផ្ទៃដីទំហំ ៧៧,៩៥ហិកតារ។ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធបានដើរចូលព្រៃឃ្លាំមើលដំណើរការកំណត់ទីតាំងនេះ។
អនុប្រធានមន្ទីរបរិស្ថាន លោក នៅ ណាក់ ថ្លែងក្រោយពេលដើរកំណត់ទីតាំងដីព្រៃកាត់ជូនទាហានថា ការកំណត់ព្រមព្រៀងគ្នាបានបញ្ចប់ជម្លោះរវាងប្រជាសហគមន៍ និងក្រុមទាហាន។ លោកជឿជាក់ថា ក្រុមទាហាននឹងមិនឈូសឆាយរំលោភយកដីព្រៃសហគមន៍ទៀតទេ៖ « យើងមានមន្ត្រីដែនជម្រកនៅទីនេះស្រាប់ កាលណាគាត់ ( ទាហាន ) មកឈូសឆាយ ឬបោះបង្គោលព្រំ គឺគាត់ ( មន្ត្រី ) មកតាមដាននៅទីនេះ » ។
លោក ងុយ អេងកាណាវុធ តំណាងក្រុមគ្រួសារទាហានទាំង ១២គ្រួសារ និងជាជំនួយការនៅក្រសួងការពារជាតិ សន្យាថា នឹងមិនឈូសឆាយចូលដីព្រៃសហគមន៍ឡើយ៖ « ឥឡូវសម្រេចទទួលយកតាមការសម្របសម្រួលរបស់មន្ត្រីបរិស្ថាន ហើយដោយសាររដ្ឋមន្ត្រីគាត់ឯកភាពឲ្យប៉ុណ្ណឹងហើយ។ យើងក៏យល់ព្រមនឹងទីតាំងដែលវាស់វែងថ្មីនេះដែរ អត់មានអីជំទាស់ទេ » ។
ចំណែកតំណាងប្រជាសហគមន៍ឧត្តមស្រែពស់ លោក ឈន ធា ស្នើឲ្យអាជ្ញាធរជួយការពារដីព្រៃសហគមន៍ដែលនៅសេសសល់ កុំឲ្យអ្នកណាមកឈ្លានពានយកទៀត៖ « ការវាស់វែងទាំងអស់នេះដែលបានឯកភាពព្រមព្រៀងជាមួយសហគមន៍ សហគមន៍យើងខ្ញុំនឹងឃ្លាំមើលគ្រប់ជំហាន និងស្នើសុំកម្លាំងដែនជម្រក ស្ថាប័នពាក់ព័ន្ធ ឬអង្គការនានា ចូលសង្កេតមើលក្នុងការធ្វើវាស់វែងព្រំដែលប្រគល់ជូនដីទាហានទាំង ៧៧ , ៩៥ហិកតារ » ។
លោក សាំង សំណាង មន្ត្រីជំនាញផ្នែកសហគមន៍ព្រៃឈើនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលចូលរួមសម្របសម្រួលការចរចានេះវាយតម្លៃថា យន្តការដោះស្រាយនេះជួយឲ្យភាគីជម្លោះឈ្នះទាំងអស់គ្នា៖ « ថ្ងៃនេះយើងមានការព្រមព្រៀងគ្នារវាងយោធា និងសហគមន៍ ដោយសាររឿងនេះយើងមានបញ្ហាយូរហើយ ដែលយើងឈានដល់ការស្រេចបាច់នៅថ្ងៃនេះ ហើយប្រហែលជាយើងត្រូវការទៀត ត្រូវការរៀបចំក្បាលម៉ាស៊ីនដឹកនាំសហគមន៍ឡើងវិញ ដោយសារសហគមន៍ហួសសុពលភាព ដែលធម្មតាត្រឹមប្រាំឆ្នាំ ឥឡូវឡើងដល់ ១០ឆ្នាំហើយ។ ហើយទីពីរ យើងត្រូវធ្វើកំណត់ព្រំប្រទល់ដីដែលនៅសល់ប៉ុន្មានហ្នឹងឡើងជាផែនទីមួយ ដោយសុំការទទួលស្គាល់ពីអាជ្ញាធរ និងស្ថាប័នជំនាញបរិស្ថាន » ។
ក្រុមទាហានកងពលថ្មើរជើងលេខ៧០ ថា ដីព្រៃដែលពួកគេបានឈូសឆាយកន្លងមកស្ថិតនៅទីតាំងដែលរដ្ឋាភិបាលបានធ្វើសម្បទានដល់គ្រួសារកងទ័ព។ ក៏ប៉ុន្តែប្រជាសហគមន៍អះអាងថា ដីព្រៃដែលកងទ័ពឈូសឆាយនេះ ជាដីព្រៃអភិរក្សការពារដោយព្រះរាជក្រឹត្យ។
ក្រុមកងទ័ពឲ្យអាស៊ីសេរី ដឹងថា ពួកគេនឹងចាប់ផ្ដើមឈូសឆាយដីព្រៃឡើងវិញតាមផែនទីដែលកំណត់ដោយមន្ទីរបរិស្ថាន ហើយនឹងយកដីនេះទៅដាំដំណាំដូចជាស្វាយ និងចេក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
