អតីតពលរដ្ឋសហគមន៍បុរីកីឡា មកពីតំបន់ភ្នំបាត ជាង ៥០នាក់ នាំគ្នាទៅដាក់លិខិតទាមទារប្រាក់សំណងបន្ថែមពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា បន្ទាប់ពីខកខានមិនបានដាក់នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា។
តំណាងសហគមន៍បុរីស្រះពោធិ៍ គឺលោកស្រី ខៀវ ឡៃ ថ្លែងថា សន្តិសុខសាលារាជធានីភ្នំពេញ បានរារាំងមិនទទួលលិខិតពីពួកគាត់នោះទេ ដោយសំអាងថា សាលារាជធានីមានពិធីសម្ពោធអគារដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី។ លោកស្រីបន្តថា មាន ២ចំណុចដែលអ្នករស់នៅភ្នំបាត ទាមទារនៅពេលនេះ គឺទាមទារឲ្យពួកគាត់បានទៅរស់នៅភូមិអណ្ដូង ដូចអ្នកបុរីកីឡា មួយចំនួនដែលទទួលបានសំណងកាលពីពេលថ្មីៗ រួមមានបានផ្ទះ ឬលុយ ៥.០០០ដុល្លារ បើពុំនោះទេ ពួកគេទាមទារសំណង ១ម៉ឺនដុល្លារក្នុងមួយគ្រួសារ ជាថ្នូរនឹងការបន្តរស់នៅតំបន់ភ្នំបាត ដដែល។
លោកស្រី ខៀវ ឡៃ៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលគាត់មានឆន្ទៈគាត់យល់ពួកខ្ញុំ ត្រូវតែជួយដោះស្រាយពួកខ្ញុំដោយសារពីមុខក្រុមហ៊ុនផានអ៊ីម៉ិចថា បើសិនជាពួកខ្ញុំអត់ចេញគេឈូសឆាយពួកខ្ញុំហើយ ដូចគេគិតមែន។ ពួកខ្ញុំទៅនេះ ដោយសារយកកន្លែងនៅសិន ឱកាសល្អខ្ញុំនឹងទាមទារសំណងបន្ថែម ចាំមើលរចនាសម្ព័ន្ធរបស់គាត់យូរកាន់តែអត់ទៅៗ។ រដ្ឋាភិបាលបានឃើញពួកខ្ញុំមានទុក្ខលំបាកខ្លាំងបានជាដាច់ចិត្តមកទារប្រាក់សំណងបន្ថែម»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំពី២០១២ ពលរដ្ឋរស់នៅតំបន់បុរីកីឡា មួយចំនួនត្រូវអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច បណ្ដេញចេញពីលំនៅឋានដើម្បីយកទីតាំងធ្វើការអភិវឌ្ឍ។ អតីតអ្នកបុរីកីឡា ចំនួន ១៤០គ្រួសារ ត្រូវបានអាជ្ញាធរបញ្ជូនទៅនៅតំបន់ភ្នំបាត ត្រង់ចំណុចភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងខ្លះត្រូវយកទៅដាក់នៅឯទួលសំបូរ ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានចាត់ថា ការលំបាករបស់ពួកគាត់រាល់ថ្ងៃគឺផ្ដើមចេញពីការអភិវឌ្ឍដែលគ្មានយុត្តិធម៌ មិនមានតម្លាភាព និងការអភិវឌ្ឍដែលគ្មានការទទួលខុសត្រូវពីរដ្ឋាភិបាល គ្មានហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើអោយពួកគាត់បាត់បង់ផ្ទះសម្បែង គ្រួសារ និងមុខរបរ។
ទោះជាយ៉ាងណា អតីតពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ គ្រោងនឹងជួបជុំគ្នាម្ដងទៀតនៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
