ពលរដ្ឋ​នៅ​សង្កាត់​បឹងកក់១​អំពាវនាវ​អាជ្ញាធរ​ដោះស្រាយ​រឿង​ក្មេងៗ​អុកឡុក

ពលរដ្ឋ​ចំនួន ៣​គ្រួសារ ដែល​មាន​វិបត្តិ​ដីធ្លី​រស់នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ចាត់​វិធាន​ការ​ដោះស្រាយ​រឿងរ៉ាវ​ដែល​ក្មេងៗ​ប្រមាណ ១០​នាក់ ធ្វើ​ទុក្ខបុកម្នេញ​ពួក​គាត់​មិន​បាន​ដេក​ពួន និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ថែម​ទៀត។

0:00 / 0:00

តំណាង​ពលរដ្ឋ​ដែល​រង​ការ​រំខាន​ពី​ក្រុម​ក្មេងៗ កញ្ញា លី សៀវមិញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ថា ក្មេងៗ​ប្រមាណ​ចំនួន ១០​នាក់ ដែល​បាន​ចូល​មក​ស្នាក់​នៅ​លើ​ដី​នៃ​ក្រុមហ៊ុន ឃុនសៀ អភិវឌ្ឍន៍ កាល​ពី​យប់​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​អុកឡុក និង​វាយ​កម្ទេច​ឥវ៉ាន់​របស់​ពលរដ្ឋ​ចំនួន​បី​គ្រួសារ ព្រម​ទាំង​បាន​យក​លាមក​ជះ​ដាក់​ផ្ទះ​ទាំង​បី​នោះ​ថែម​ទៀត។

កញ្ញា លី សៀវមិញ ឲ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ទាំង​ប៉ុន្មាន កញ្ញា​បាន​ផ្ដល់​ដំណឹង​ជូន​នគរបាល​ប្រចាំ​តំបន់ និង​ចៅ​សង្កាត់​រួច​រាល់​ហើយ ប៉ុន្តែ​គេ​ហាក់​ពុំ​ចាប់​អារម្មណ៍​នឹង​ទុក្ខ​លំបាក​ពលរដ្ឋ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ កញ្ញា លី សៀវមិញ បញ្ជាក់​បន្ថែម​ថា ប្រហែល​ជា​រឿងរ៉ាវ​នេះ​អាច​កើត​ឡើង​ដោយ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ ៣​គ្រួសារ មិន​ព្រម​ទទួល​យក​តម្លៃ​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​តម្លៃ​ប្រមាណ ១៥.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​សុំ​ឲ្យ​ពលរដ្ឋ​ចំនួន ៧​គ្រួសារ ចាក​ចេញ​ពី​តំបន់​នោះ។ កញ្ញា​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ចំនួន ៧​គ្រួសារ គឺ ៤​គ្រួសារ ព្រម​ទទួល​យក​តម្លៃ​នោះ​ហើយ។ ដោយ​ឡែក ពលរដ្ឋ​ចំនួន ៣​គ្រួសារ បដិសេធ។

ពលរដ្ឋ​ចំនួន ៧​គ្រួសារ មាន​ផ្ទៃដី​ជាប់​នឹង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក ក្រោយ​មក​ដី​សង្កាត់​ត្រូវ​គេ​លក់​ឲ្យ​ក្រុមហ៊ុន ឃុនសៀ បូក​រួម​នឹង​ដី​ពលរដ្ឋ​ចំនួន ៧​គ្រួសារ​ទៀត។

កញ្ញា លី សៀវមិញ ឲ្យ​ដឹង​ថា ការ​លក់ដូរ​ដី​របស់​ពលរដ្ឋ ៧​គ្រួសារ​នោះ ពុំ​មាន​អ្នក​ណា​ម្នាក់​ទទួល​ដំណឹង​នោះ​ទេ លុះ​ពេល​ក្រុមហ៊ុន​ចុះ​មក​វាស់វែង និង​ធ្វើ​របង​ព័ទ្ធ​ដី​នោះ ទើប​ពលរដ្ឋ​ដឹង។ កញ្ញា លី សៀវមិញ ឲ្យ​ដឹង​បន្ថែម​ថា ទំហំ​ដី​សរុប​ទាំង​ដី​សង្កាត់​ផង មាន​ទំហំ​ប្រមាណ ១.១១១​ម៉ែត្រ​ការ៉េ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ចំពោះ​បញ្ហា​នេះ​បាន​ទេ នា​ថ្ងៃ​ទី៣ មិថុនា ពី​នគរបាល​ប្រចាំ​តំបន់​នោះ និង​ចៅ​សង្កាត់។

ទាក់ទង​នឹង​បញ្ហា​នៃ​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​នេះ អនុប្រធាន​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ផ្នែក​ច្បាប់​នៃ​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​រួសរាន់​ចាត់​វិធាន​ការ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ ពុំ​នោះ​រឿងរ៉ាវ​នេះ​រីក​រាល​ដាល​កាន់​តែ​ធំ និង​ឈាន​ដល់​បង្ក​អំពើ​ហិង្សា​រវាង​ពលរដ្ឋ​ចំនួន ៣​គ្រួសារ និង​ក្មេងៗ​ទាំង​នោះ។

លោក ណៃ វ៉ង់ដា ផ្ដល់​អនុសាសន៍​ថា ពលរដ្ឋ​ទាំង​នោះ​មិន​រឹង​ទទឹង​មិន​ចង់​ចាក​ចេញ​ពី​ទី​នោះ​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ថា តម្លៃ​ដែល​គេ​ផ្ដល់​ឲ្យ​ពួក​គាត់​នោះ ហាក់​ខុស​តម្លៃ​ទីផ្សារ​ឆ្ងាយ​ពេក។

លោក​បញ្ជាក់​បន្ថែម​ថា តាម​ការ​សាកសួរ​របស់​លោក​ជាមួយ​ពលរដ្ឋ លោក​ជឿ​ថា ភាគី​ដែល​ចង់​បាន​ដី​នោះ​អាច​នឹង​ទទួល​បាន​ដី​នៅ​តំបន់​នោះ បើ​សិន​គេ​ផ្ដល់​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។