នៅទីបំផុតសាលាក្រុងយល់ព្រមផ្ដល់ផ្ទះ ដល់ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បុរីកីឡាចំនួន ៩គ្រួសារ ដែលអ្នកនោះជាក្រុមពលរដ្ឋមិនមានឯកសារគ្រប់គ្រាន់។ ផ្ទះដែលសាលាក្រុងផ្ដល់ឲ្យនោះឋិតនៅក្នុង ភូមិអណ្តូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ មិនមែនផ្ទះនៅតំបន់បុរីកីឡាទេ។
តំណាងពលរដ្ឋបុរីកីឡាលោកស្រី ស ស៊ន ឲ្យអាស៊ីសេរីដឹង កាលពីថ្ងៃទី៦ ខែមករា ថា នៅពេលទទួលបានដំណឹងនេះភ្លាម ក្រុមពលរដ្ឋបុរីកីឡា ទាំង៩គ្រួសារនោះ នាំគ្នាទៅសំអាតផ្ទះទាំងនោះដើម្បីចូលរស់នៅ។ លោកស្រីថា នេះជាដំណឹងដ៏ល្អសម្រាប់សហគមន៍បុរីកីឡា។
លោកស្រី ស ស៊ន បញ្ជាក់ថា ក្រុមពលរដ្ឋបុរីកីឡាដែលទទួលបានផ្ទះពីសាលាក្រុងនៅពេលនេះ មិនមែនជាក្រុមពលរដ្ឋទាំង១១គ្រួសារ ដែលជាក្រុមពលរដ្ឋមានឯកសារគ្រប់គ្រាន់នោះទេ។ លោកស្រីបន្តថា ក្នុងការទាមទារកន្លងមក ក្រុមពលរដ្ឋដែលគ្មានឯកសារទាំងនេះ មិនសូវចេញទាមទារខ្លាំងដូចក្រុមពលរដ្ឋ១១គ្រួសារទេ។ តំណាងពលរដ្ឋបុរីកីឡារូបនេះ សង្ឃឹមសាលាក្រុងនឹងផ្ដល់សំណងសមរម្យមួយដល់ក្រុមពលរដ្ឋបុរីកីឡាចំនួន ១១គ្រួសារដែលមានឯកសារគ្រប់គ្រាន់ ខណៈពលរដ្ឋបុរីកីឡាដែលគ្មានឯកសារគ្រប់គ្រាន់បានទទួលផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។