ក្រុមអ្នកឃ្លាំមើលបរិស្ថានអន្តរជាតិ បានជំរុញឲ្យធនាគារពិភពលោក (World Bank) និងក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) ដោះស្រាយបណ្ដឹងរបស់ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ចំនួន ១៧សហគមន៍ ដែលមិនសុខចិត្តអំពីករណីរំលោភដីស្រែចម្ការ ដីផ្នូរកប់សពដូនតា និងសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋធ្ងន់ធ្ងរ។
ចំណែកក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ក៏បានទាមទារឲ្យធនាគារពិភពលោក ចាត់វិធានការហ្មត់ចត់ និងយុត្តិធម៌ ក្នុងការដោះស្រាយវិបត្តិដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីថ្ងៃច័ន្ទ បានគាំទ្របណ្ដឹងរបស់សហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ចំនួន១៧ និងក្រុមអង្គការសង្គមស៊ីវិល ដែលប្ដឹងទៅធនាគារពិភពលោក អំពីករណីក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ អំពីករណីរំលោភដីស្រែចម្ការ ដីផ្នូរកប់សពដូនតា ដីព្រៃសហគមន៍ កាប់បំផ្លាញព្រៃឈើ និងរំលោភលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីទីក្រុងឡុង (London) ប្រទេសអង់គ្លេស ថា ធនាគារពិភពលោក ត្រូវតែចាត់វិធានការដោះស្រាយវិបត្តិដីធ្លីក្នុងខេត្តរតនគិរី ដែលខ្លួនបានវិនិយោគជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ ប្រកបដោយភាពយុត្តិធម៌ និងការទទួលខុសត្រូវជូនពលរដ្ឋនោះ។
អ្នកស្រីបន្តថា ដីសម្បទានដែលក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ កំពុងវិនិយោគដាំកៅស៊ូនៅកម្ពុជា បានរំលោភលើដីរបស់សហគមន៍ជនជាតិដើមភាគតិច និងរំលោភច្បាប់ក្នុងស្រុករបស់កម្ពុជា៖ «យើងជំរុញឲ្យក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គោរពច្បាប់របស់កម្ពុជា។ ហើយអ្វីដែលអង្គការឃ្លាំមើលពិភពលោក ជំរុញឲ្យមានការចរចាជាមួយសហគមន៍កាលពីប៉ុន្មានខែកន្លងមកនេះ យើងក៏មិនឃើញមានការវិវឌ្ឍជាដុំកំភួនជាក់លាក់អ្វីនោះដែរ។ ដូច្នេះ យើងស្វាគមន៍ពាក្យបណ្ដឹងរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ដែលធ្វើឡើងដោយឯករាជ្យ។ ហើយយើងសង្ឃឹមថា ពាក្យបណ្ដឹងនេះនឹងអាចនាំឲ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក ចាប់ផ្ដើមដំណើរការសម្របសម្រួលដោះស្រាយវិបត្តិដីធ្លីរវាងសហគមន៍ និងក្រុមហ៊ុន ហើយឲ្យប្រាកដថា ពលរដ្ឋនឹងទទួលបានដីស្រែចម្ការរបស់ពួកគេវិញ»។
ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៤ម៉ឺន ៧ពាន់ហិកតារ ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរជុំ ខេត្តរតនគិរី។ ក្រុមហ៊ុនបានបំបែកចេញជាក្រុមហ៊ុនតូចៗចំនួនបួនផ្សេងទៀត រួមមាន ក្រុមហ៊ុន ហេង ប្រាឌើ (Heng Brother) ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ (Hoang Anh Oyadav) ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) និងក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស (Hoang Anch Andung Meas)។
សហគមន៍ជនជាតិដើមភាគតិចនៅទីនោះ ឲ្យដឹងថា ក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម មួយបានរំលោភលើដីកប់សពដូនតា ដីស្រែចម្ការ និងដីព្រៃរបស់ពួកគេដែលការពារដោយច្បាប់។
មាត្រា៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ របស់កម្ពុជា ចែងថា សម្បទានដីអាចមានទំហំច្រើនបំផុតត្រឹមតែ ១ម៉ឺនហិកតារ។ ហើយហាមឃាត់ការចេញលិខិតសម្បទានដីច្រើនកន្លែង ឲ្យបុគ្គលតែម្នាក់ ឬឲ្យក្រុមហ៊ុនច្រើនដែលគ្រប់គ្រងដោយម្ចាស់តែម្នាក់ ឬក្រុមហ៊ុនដដែលៗ ដែលមានទំហំសរុបលើសពីការកំណត់របស់ច្បាប់ គឺតែត្រឹម ១ម៉ឺនហិកតារនោះ។
ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ជាក្រុមហ៊ុនដាំកៅស៊ូដ៏ធំបំផុតរបស់វៀតណាម គ្រប់គ្រងលើផ្ទៃដីប្រមាណ ៥% នៃផ្ទៃដីខេត្តរតនគិរី ទាំងមូលក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះមិនត្រឹមតែបានគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ តែក៏បានគ្រប់គ្រងដីសម្បទានដ៏ធំក្នុងប្រទេសឡាវ។ ក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម មួយនេះបានទទួលប្រាក់កម្ចីពីធនាគារអន្តរជាតិ និងភាគហ៊ុនអន្តរជាតិជាច្រើន រួមមានធនាគារវៀតណាម ឈ្មោះ ដ្រាហ្គ័ន ខេបភីថល (Dragon Capital) ធនាគាររបស់អាល្លឺម៉ង់ ឈ្មោះ Dutch Bank ធនាគារនៃប្រទេសស្វីស ឈ្មោះ Swiss Bank និងសាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារពិភពលោក អាយ.អែហ្វ.ស៊ី (IFC)។
សហគមន៍ជនជាតិដើមភាគតិចទាំង១៧ ដែលមានមនុស្សជិត ២ពាន់គ្រួសារ ក្នុងខេត្តរតនគិរី រួមមាន ចារាយ ទំពួន ចាម គ្រឹង ព្នង និងជនជាតិដើមមួយចំនួនទៀតអះអាងថា កាលពីឆ្នាំ២០១១ ក្រុមសមត្ថកិច្ចប្រដាប់ដោយកាំភ្លើង បានបាញ់គំរាមអ្នកណាដែលហ៊ានងើបតវ៉ាជាមួយក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ។ រហូតមកទល់ពេលនេះ ពួកគេបានត្អូញត្អែរថា ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានកាប់បំផ្លាញដើមជ័រទឹក ឈើបេង នាងនួន កកោះ ស្រឡៅ ផ្ចឹក និងអនុផលព្រៃឈើជាច្រើនទៀត ដែលពួកគេតែងអាស្រ័យផលដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
អង្គការឃ្លាំមើលពិភពលោក ធ្លាប់បានរាយការណ៍ថា លោកឧកញ៉ា ទ្រី ភាព បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ហេង ប្រាឌើ ជាសាខារបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ក្នុងការកាប់បំផ្លាញឈើប្រណីតក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី លើផ្ទៃដីចំនួនជាង ២ពាន់ហិកតារ។ របាយការណ៍បង្ហាញថា លោក ទ្រី ភាព បានចុះសូកប៉ាន់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះ ដើម្បីអារឈើក្នុងគម្រោងដីសម្បទាន ហើយដឹកជញ្ជូនតាមរថយន្តដឹកឈើធំៗដែលអាចផ្ទុករហូត ៣៥ម៉ែត្រគូបជារៀងរាល់ថ្ងៃ។
លោក អៀង វុទ្ធី ដែលជាអ្នកផ្ដួចផ្ដើមក្នុងការប្ដឹងទៅធនាគារពិភពលោក នោះ ថ្លែងថា ដោយសារគោលនយោបាយសម្បទានដីសេដ្ឋកិច្ចដែលគ្មានការសិក្សាជាមុនអំពីផលប៉ះពាល់លើដីរបស់ពលរដ្ឋនេះហើយ បាននាំឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងមូលដ្ឋាន។ ហើយថា រដ្ឋាភិបាលកម្ពុជា គួរពិចារណា និងពិនិត្យឡើងវិញ ដើម្បីការពារសិទ្ធិជនជាតិដើមភាគតិច និងបរិស្ថានរបស់ប្រទេស ស្របតាមរដ្ឋធម្មនុញ្ញ និងបញ្ញត្តិនៃច្បាប់ភូមិបាល។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ពលរដ្ឋសហគមន៍ខេត្តរតនគិរី ទាំងនោះ គួរនាំគ្នាប្ដឹងទៅតុលាការកម្ពុជា ដើម្បីឲ្យតុលាការមានលទ្ធភាពក្នុងការស្វែងរកយុត្តិធម៌ជូនពួកគេ។ លោកចាត់ទុកថា បណ្ដឹងទៅធនាគារពិភពលោក នេះជាបណ្ដឹងមួយដែលមានលក្ខណៈវាយប្រហារខាងផ្នែកនយោបាយមួយប៉ុណ្ណោះ។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ឲ្យដឹងថា ពាក្យបណ្ដឹងរបស់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងស្របទៅតាមគោលការណ៍របស់សាជីវកម្មហិរញ្ញវត្ថុនៃធនាគារពិភពលោក ដែលការពារបរិស្ថាន និងសិទ្ធិជនជាតិដើមភាគតិច។ លោកបន្តថា សង្គមស៊ីវិលនៅបន្តតាមដាន និងរង់ចាំមើលការឆ្លើយតបក្រោយពីបានជួបពិភាក្សាលើបណ្ដឹងរបស់ក្រុមសហគមន៍ ជាមួយក្រុមមន្ត្រីធនាគារពិភពលោក ប្រចាំនៅកម្ពុជា រួចមក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាមទារឲ្យក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ឬក្រុមធនាគារ ដែលមានភាគហ៊ុនរកស៊ីជាមួយក្រុមហ៊ុនវៀតណាម មួយនេះ សងដីធ្លីទាំងឡាយដែលក្រុមហ៊ុនរឹបអូសនោះ មកឲ្យប្រជាពលរដ្ឋវិញ។ ពួកគេចាត់ទុកថា ការខ្វះតម្លាភាពក្នុងទីផ្សារវិនិយោគហិរញ្ញវត្ថុ វាអាចមានន័យសឹងស្មើគ្នាទៅនឹងផ្តល់លុយរបស់ធនាគារ ដើម្បីរឹបអូសដីធ្លីពីពលរដ្ឋក្រីក្រនៅជុំវិញពិភពលោកដោយអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
