តំណាងប្រជាពលរដ្ឋមានរឿងទំនាស់ដីមួយគ្រួសារ នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី២៦ តុលា បានអំពាវនាវដល់អាជ្ញាធរខេត្ត ឲ្យពិនិត្យមើលឡើងវិញ ចំពោះការអនុវត្តសាលដីកាតុលាការកំពូល ដែលធ្វើឲ្យភាគីឈ្នះក្ដីម្ខាងទៀតបិទផ្លូវចូលផ្ទះអ្នកចាញ់ក្ដី។
លោក ប៉ឹង សំអឿន អាយុ ៦០ ឆ្នាំ តំណាងឲ្យគ្រួសារលោក ប៉ឹង ប៉ាល់ ឲ្យដឹងថាគ្រួសារលោក ប៉ឹង ប៉ាល់ បានចាញ់ក្ដីរឿងទំនាស់ដីនៅតុលាការកំពូល ជាមួយគ្រួសារអ្នកស្រី តូច សម្បត្តិ ហើយគ្រួសារអ្នកស្រី តូច សម្បត្តិ បានបិទផ្លូវចូលផ្ទះគាត់ ដែលផ្លូវនោះមានទំហំដីទទឹង ៣ ម៉ែត្រកន្លះ បណ្ដោយ៨០ម៉ែត្រ ៖ « យើងមិនប្រឆាំងតុលាការកំពូលទេ ព្រោះវាជាច្បាប់។ ក៏ប៉ុន្តែ សុំឲ្យអ្នកដែលអនុវត្តសាលដីកាហ្នឹង អនុវត្តឲ្យបានត្រឹមត្រូវ។ បានន័យ ថាបើ ប្លង់ហ្នឹងដី ២០ ម៉ែត្របណ្ដោយ៨០ សុំឲ្យទៅគាត់២០ ម៉ែត្របណ្ដោយ ៨០ ចុះនៅសល់ប៉ុន្មានទុកដីឲ្យអ្នកខាងក្រោយដើរផង ។ រស់នៅខាងក្រោយផ្ទះគេអត់មានផ្លូវដើរអញ្ចឹង តើរស់នៅយ៉ាងម៉េច រស់នៅដូចជាប់ទង់ជ្រូក។ ហើយសំណូមពរទី២ បើមិនព្រម ទេសុំ ឲ្យវាស់វែងសារថ្មី ឲ្យឃើញថាដីណាជាដីរបស់ តូច សម្បត្តិ ដីណាជាដីផ្លូវ »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកស្រី តូច សម្បត្តិ បានភ្លាមៗនៅថ្ងៃទី ដើម្បីសួរបញ្ជាក់ព័ត៌មានបន្ថែម។
ចំណែកមេឃុំជុំគ្រៀល លោក ហៃ សេង ដែលបានចូលរួមអនុវត្តសាលដីកាតុលាការកំពូល បញ្ជាក់ថា សាលដីការបស់តុលាការកំពូលត្រឹមត្រូវ។ ចំណែកគ្រួសារចាញ់ក្ដី ក៏មានផ្លូវចេញចូលមួយទៀតដែរ គឺនៅទិសខាងលិចផ្ទះ។ ក៏ប៉ុន្តែលោក ប៉ឹង សំអឿន ឆ្លើយថាផ្លូវនោះគឺជាអូរ មិនអាចធ្វើដំណើរបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។