មូលហេតុ​ទំនាស់​ដីធ្លី​រវាង​អង្គការ​និង​ពលរដ្ឋ​នៅ​ព្រះវិហារ

គណៈកម្មការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល និង​ក្រុម​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​សហការ​គ្នា​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ រួម​ទាំង​អន្តរាគមន៍​ផង ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ជាមួយ​ប្រធាន​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ កាល​ពី​ពេល​ថ្មីៗ។

0:00 / 0:00

ជម្លោះ​ដីធ្លី​ដែល​មាន​ទាំង​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នោះ បាន​ជាប់​គាំង​រយៈពេល​ជិត ៥​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ។

តើ​មូលហេតុ​អ្វី បាន​ជា​ទំនាស់​ដីធ្លី​នោះ​នៅ​តែ​មិន​មាន​ការ​ដោះស្រាយ​បាន​នៅ​ឡើយ?

នេះ គឺ​ជា​សំឡេង​ត្អូញត្អែរ​បង្ហាញ​ពី​ភាព​អស់​សង្ឃឹម​របស់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​តំបន់​របស់​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ស្រប​ពេល​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ពួក​គាត់​បែរ​ជា​គ្មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បាន​ដីធ្លី​មក​កាន់​កាប់​ដោយ​ស្រប​ច្បាប់​ទៅ​វិញ​នោះ។

ក្រុម​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ដែល​កំពុង​ក្រាញ​ននៀល​បន្ត​រស់នៅ​លើ​ដី​មាន​ទំនាស់​នៅ​ឡើយ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​រដ្ឋាភិបាល ជួយ​ដោះស្រាយ​យ៉ាង​ណា​ឱ្យ​ពួក​គេ​បាន​រួច​ផុត​ពី​ការ​គំរាម​កំហែង និង​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់។

តំណាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ហើយ​តវ៉ា​រឿង​ដីធ្លី គឺ​អ្នកស្រី សាត សាវឿន។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​ទិញ​ដី​មួយ​កន្លែង​ពី​ប្រធាន​អង្គការ​នោះ​តម្លៃ ៣.០០០​ដុល្លារ ហើយ​បាន​ចូល​ទៅ​រស់នៅ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក ក៏ប៉ុន្តែ បច្ចុប្បន្ន​គាត់​មិន​ទាន់​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​នោះ​ស្រប​ច្បាប់​នៅ​ឡើយ៖ «ថ្ងៃ​អង្គភាព​មក​ជាក់ស្ដែង​មក​វាស់​តែ​ដី​លោកស្រី សុម៉ាលី ហ្នឹង​ទេ អត់​មាន​វាស់​ឱ្យ​ប្រជាពលរដ្ឋ​ទេ។ ពួក​គេ​សុទ្ធ​តែ​ដឹក​ឡាន​លិចស៊ីស (Luxes) និស្សិត អ្នក​ណា​គេ​មាន​ផ្កាយ លោក​ខែ​អីចឹង​ទៅ គេ​ដឹក​ទៅ​វាស់​ឱ្យ​គេ ១ឡូ ២ឡូ អីចឹង​ទៅ។ គេ​ដឹក​និស្សិត​ពី​ហ្នឹង​ទៅ​វាស់ ១ឡូ ២ឡូ ទៀត​ទៅ ហើយ​ដល់​ពេល​ពួក​ខ្ញុំ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​រងគ្រោះ​នេះ អត់​បាន​វាស់​អី​បន្តិច​ទេ​អត់​សោះ»

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ប្រធាន​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ បាន​កើត​មាន​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៧ មក នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាប់​ផ្ដើម​ទាមទារ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ភូមិ ឃុំ នៃ​រដ្ឋាភិបាល​វិញ ដោយ​មិន​ចង់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​នោះ។

ការ​គំរាម​កំហែង បាន​កើត​មាន​ជាច្រើន​ករណី​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ បន្ទាប់​ពី​ពួក​គេ​ចង់​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​អង្គការ​នោះ​មក ដោយ​ធ្វើ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ហូរហែ។

លោក ចាន់ សុវ៉េត អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​អង្គការ​អាដហុក (Adhoc) បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា កន្លង​ទៅ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​សហការ​ជាមួយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​ចុះ​ទៅ​ស្រាវជ្រាវ​បញ្ហា​នៅ​ទី​នោះ​ជា​ថ្មី​ទៀត បន្ទាប់​ពី​មាន​ករណី​ជាច្រើន​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​នេះ ដើម្បី​ចង់​ដឹង​ថា អាជ្ញាធរ​បាន​ដោះស្រាយ​ដូចម្ដេច។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា បច្ចុប្បន្ន បញ្ហា​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ គឺ​ទំនាស់​ដីធ្លី។ សង្គម​ស៊ីវិល សូម​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​ស្រុក​ជាំក្សាន្ត ពន្លឿន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស៖ «សង្គម​ស៊ីវិល​ចុះ​ទៅ​ហ្នឹង គឺ​ចង់​ជំរុញ​ឱ្យ​មាន​ការ​វាស់វែង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​កាន់​កាប់​ដី​ស្រប​ច្បាប់ នៅ​ក្នុង​ដី​សង្គមកិច្ច​អង្គការ​អេដស៍​នេះ​ឯង។ ឥឡូវ​អង្គការ​អេដស៍​នេះ​លែង​គ្រប់គ្រង ក៏ប៉ុន្តែ គ្រួសារ និង​បក្ខពួក​លោក ប៉ែន លឹម ជាពិសេស​ប្រពន្ធ​របស់​គាត់​គ្រប់គ្រង​ដដែល ហើយ​ស្ថានភាព​គំរាម​កំហែង ការ​រឹបអូស​ពាក់ព័ន្ធ និង​រឿង​ដីធ្លី​ហ្នឹង ក៏​នៅ​តែ​កើត​មាន​ដដែល។ អីចឹង យើង​មើល​ឃើញ​អាជ្ញាធរ ក្រោយ​ពី​លោក ប៉ែន លឹម ដក​ខ្លួន​ហើយ​ក៏ដោយ ក៏​អត់​មាន​ប្រសិទ្ធភាព​អ្វី​ធ្វើ​ការងារ​ដោះស្រាយ គឺ​អាជ្ញាធរ​ចូល​អត់​ចុះ​ផង​ហ្នឹង»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​រក​ឃើញ​ថា ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​ទី​នោះ កំពុង​តែ​ច្របូកច្របល់ ដោយ​ដី​មួយ​ប្លង់​ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ជាន់​គ្នា។

ក្រុម​អ្នក​ភូមិ​ដែល​តវ៉ា​ដីធ្លី ប្រឆាំង​នឹង​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍​នោះ បាន​អះអាង​ថា ជាច្រើន​ឆ្នាំ​មក​នេះ ពួក​គេ​ទទួល​រង​ការ​ប្រមាថ គំរាម​កំហែង​ជាច្រើន​ពី​ក្រុម​មនុស្ស​របស់​អង្គការ​នោះ រហូត​ដល់​អ្នក​ខ្លះ​ភ័យ​ខ្លាច ឈប់​ហ៊ាន​រស់នៅ​ក៏​មាន។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក យ៉ាង​ហោច​ណាស់​ក៏​មាន​បណ្ដឹង​ព្រហ្មទណ្ឌ​ចំនួន​៦ ដែល​ប្ដឹង​ប្រឆាំង​លោក ប៉ែន លឹម ជា​ប្រធាន​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ និង​បក្ខពួក។ បណ្ដឹង​ទាំង​នោះ មាន​ដូច​ជា ករណី​វាយ​ដុំ​មនុស្ស ធ្វើ​ទារុណកម្ម ការ​គំរាម​កំហែង ការ​ចាប់​រំលោភ​ផ្លូវ​ភេទ និង​ការ​រំលោភ​ដីធ្លី ជាដើម ក៏ប៉ុន្តែ​រយៈពេល ៥​ឆ្នាំ​មក​នេះ គេ​នៅ​មិន​ទាន់​ឃើញ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ចាត់​ការ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ខ្លះ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​ទទួល​ផល​ប្រយោជន៍ បាន​ជា​ពិបាក​ដោះស្រាយ​បញ្ហា​រវាង​អ្នក​ភូមិ ជាមួយ​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ដែល​មាន​ខ្នង​បង្អែក​ជា​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ផង​នោះ។

ក៏ប៉ុន្តែ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​បែប​នោះ ដោយ​ថា​ជា​រឿង​មិន​ពិត។

អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស ថាវី បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ គឺ​ពិត​ជា​គាំទ្រ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​នៅ​ទី​នោះ ត្រូវ​ការ​ពេលវេលា ដោយសារ​តែ​រឿង​ដីធ្លី​នោះ​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​លក់​ដី​ប្លង់​តែ​មួយ​ទៅ​ឱ្យ​មនុស្ស​ច្រើន​នាក់​ជាន់​គ្នា៖ «ឥឡូវ​ដោះ​តាម​ដំណាក់​កាល តើ​ប្រជាពលរដ្ឋ​ណា​ខ្លះ​ដែល​គាត់​កំពុង​តែ​គ្រប់គ្រង​នៅ​លើ​ហ្នឹង? មាន​ប្រជាពលរដ្ឋ​ណា​ខ្លះ​ដែល​គាត់​មក​ពី​ខាង​ក្រៅ? ប្រជាពលរដ្ឋ​ណា​ខ្លះ​ដែល​គាត់​ទិញ​ពី​គ្នា​គាត់​នោះ? យើង​រក​អា​ហ្នឹង​ឱ្យ​ឃើញ​សិន បើ​អ្នក​ខ្លះ​សុទ្ធ ១៨០​ឡូ​ម្នាក់។ យើង​ដោះ​យ៉ាង​ម៉េច​នឹង​ចេញ ហើយ​មិន​ដឹង​ជា​គាត់​ទិញ​តាំង​ពី​ណា​ពី​ណី​មក ហើយ​គាត់​គ្រាន់​តែ​ទិញ​នៅ​តាម​ក្រដាស តែ​មិន​មាន​ការ​គ្រប់គ្រង​នៅ​លើ​ដី​ហ្នឹង​ជាក់ស្ដែង​ទេ»

អនុប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល គឺ​លោក ម៉ក់ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ណា​មួយ​ទេ។ មន្ត្រី​ដដែល បាន​បញ្ជាក់​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល បាន​បញ្ជូន​មន្ត្រី​មួយ​ចំនួន​ឱ្យ​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​នោះ ដើម្បី​ពិនិត្យ ហើយ​បើ​រក​ឃើញ​ថា​ពិត​ជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​មែន គឺ​រដ្ឋាភិបាល​នឹង​មាន​វិធាន​ការ៖ «រឿង​ហ្នឹង យើង​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង។ យើង​ពិនិត្យ​មើល ហើយ​បាន​យើង​វាយ​តម្លៃ ហើយ​បាន​យើង​ផ្ដល់​យោបល់​ក្រោយ។ ឥឡូវ​ខាង​ជំនាញ​អី កំពុង​ធ្វើ​ការងារ​របស់​គាត់»

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា យោង​ទៅ​តាម​បណ្ដឹង​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន ៣១៩​គ្រួសារ ដែល​កំពុង​មាន​បញ្ហា​ទំនាស់​ដីធ្លី​ទំហំ​ជាង ៥៥០​ហិកតារ ដែល​គ្រប់គ្រង​ដោយ​អង្គការ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍​នោះ ហើយ​គេ​កំពុង​តែ​ជំរឿន​ស្ថិតិ​នេះ​ឱ្យ​បាន​ពិត​ប្រាកដ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។