អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រិះគន់​យុទ្ធនាការ​វាស់​ដី​ថា​មិន​មាន​តម្លាភាព

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​ចោទ​ប្រកាន់​យុទ្ធនាការ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​សែន​គ្រួសារ​បាត់បង់​ដីធ្លី ដោយសារ​យុទ្ធនាការ​នេះ​មិន​មាន​តម្លាភាព និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ហើយ​សុំ​ឲ្យ​កែ​ទម្រង់ ឬ​ក៏​រំលាយ​ចោល​តែ​ម្ដង។

0:00 / 0:00

ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ​ថា អ្នក​សរសេរ​របាយការណ៍​នោះ​មិន​យល់​ពី​បច្ចុប្បន្ន​ភាព​កម្ពុជា។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ប្រចាំ​តំបន់​អាស៊ី ចុះ​ថ្ងៃ​ទី១២ មិថុនា បាន​រិះគន់​យុទ្ធនាការ​កម្មវិធី​វាស់​ដី​ជូន​ប្រជាពលរដ្ឋ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ថា​បង្កប់​ទៅ​ដោយ​អាថ៌កំបាំង អំពើ​ពុក​រលួយ គំរាម​កំហែង នយោបាយ និង​នាំ​ឲ្យ​មន្ត្រី​ខិល​ខូច និង​ឈ្មួញ​ទុច្ចរិត ឆ្លៀត​ឱកាស​យក​លេស​យុទ្ធនាការ​នេះ​បន្លំ​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ ជា​ពិសេស សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជាច្រើន បាន​បាត់​ដី​សហគមន៍​ដែល​ជា​ដី​ប្រពៃណី ដូច​ជា​ដី​សហគមន៍​សម្រាប់​ធ្វើ​ពិធី​សក្ការបូជា ដី​ផ្នូរ​សម្រាប់​កប់​សព​ជាដើម។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ៥​ទំព័រ បាន​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល ៧​សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ដោយ​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដោយសារ​ក្រុមហ៊ុន​ចិន និង​វៀតណាម រួម​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន ខណៈ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ចំណាយ​ពេល​ពីរ​ខែ​ចុះ​មូលដ្ឋាន​សិក្សា និង​ជួប​សម្ភាស​ប្រជាពលរដ្ឋ រួម​ទាំង​ជន​រងគ្រោះ​ដោយសារ​យុទ្ធនាការ​វាស់​ដី​នេះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​រិះគន់​ប្រធាន​ក្រុម​និស្សិត​វាស់​ដី​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មិន​ព្រម​វាស់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​អស់​ជាច្រើន​ដំណ​មក​ហើយ ហើយ​បាន​គំរាម​ចាប់​ពួក​គាត់​ដាក់​គុក​ទៀត បើ​អ្នក​ភូមិ​ហ៊ាន​ក្រោក​ឈរ​តវ៉ា។ ចំណែក​នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ក៏​មិន​ខុស​គ្នា​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ចោទ​ថា ក្រុម​និស្សិត រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​គំរាម​អ្នក​ភូមិ​ឲ្យ​បង់​ប្រាក់​សូកប៉ាន់​ជា​ថ្នូរ បើ​មិន​ដូច្នោះ​ទេ ក្រុម​និស្សិត​មិន​វាស់​ដី​ឲ្យ​ទេ ហើយ​មាន​ដី​ខ្លះ​ត្រូវ​បាន​វាស់វែង​ដោយ​គ្មាន​ម្ចាស់​ទៀត​ផង។ ក្រៅ​ពី​នេះ ចំពោះ​អ្នក​ភូមិ​ណា​ដែល​ចូល​បក្ស​ប្រឆាំង រឹត​តែ​ពិបាក​សុំ​ឲ្យ​ក្រុម​និស្សិត ឬ​អាជ្ញាធរ​វាស់​ដី​ឲ្យ​ពួក​គេ​ថែម​ទៀត ដោយសារ​ហេតុផល​នយោបាយ។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ប្រែដ អាដាម (Brad Adams) ត្រូវ​បាន​របាយការណ៍​នោះ​បាន​ស្រង់​សម្ដី​ថា យុទ្ធនាការ​វាស់​ដី​នេះ​មាន​ផល​វិជ្ជមាន​បន្តិចបន្តួច តែ​មាន​ផល​ប៉ះពាល់​ច្រើន ជា​ពិសេស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាត់​ដី​គ្មាន​អ្វី​ចិញ្ចឹម​ជីវិត​បន្ត​ទៅ​ទៀត។

សម្រង់​សម្ដី​នោះ​សរសេរ​ជា​ភាសា​អង់គ្លេស ដែល​បក​ជា​ភាសា​ខ្មែរ​ដូច្នេះ៖ «ខណៈ​ដែល​មាន​អ្នក​ខ្លះ​បាន​ទទួល​ប្រយោជន៍​ពី​យុទ្ធនាការ​នេះ មាន​ករណី​ផ្សេងៗ​ទៀត គឺ​គម្រោង​ការ​មិន​ល្អ​នេះ បាន​បង្កើន​ឲ្យ​មាន​ការ​រំលោភ​យក​ដី​ពី​អ្នក​មាន​អំណាច ដោយ​គ្មាន​ការពារ​ស្រប​ច្បាប់ ឬ​គ្មាន​ប្រភព​ធនធាន​សម្រាប់​អ្នក​រង​គ្រោះ​ដែល​បាត់​បង់​ដី​ក្នុង​ដំណើរ​ការ​នេះ។ យុទ្ធនាការ​នេះ​កំពុង​ប្រព្រឹត្ត​ដោយ​សម្ងាត់​មួយ និង​មាន​ចរិត​គំរាម​កំហែង ហើយ​អង្គការ​ឯករាជ្យ​នានា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ត្រួត​ពិនិត្យ​នូវ​បញ្ហា​ដែល​កំពុង​កើត​ឡើង​ទេ ហើយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​បាន​គេ​គំរាម​កំហែង បើ​ហ៊ាន​ក្រោក​ឡើង​តវ៉ា»

ការ​សិក្សា​នេះ ផ្ដោត​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​ពីរ ដែល​មាន​ជន​រង​គ្រោះ​ដោយសារ​យុទ្ធនាការ​នេះ​ច្រើន​ជាង​គេ គឺ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​ស្រុក​ពីរ គឺ​ស្រុក​ភ្នំស្រួច ស្រុក​ថ្ពង និង​ខេត្ត​កោះកុង មាន​ស្រុក​មណ្ឌលសីមា។ ប្រជាពលរដ្ឋ​ទាំង​នោះ​ប្រឈម​បាត់​ដី និង​រងគ្រោះ​ជាង​គេ ដោយសារ​ការ​រំលោភ​យក​ពី​សំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ចិន វៀតណាម ដែល​ឃុបឃិត​ដោយ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​ទាហាន ប៉ូលិស គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមហ៊ុន​ដែល​ស្និត​បក្ស​ប្រជាជន​កម្ពុជា។

នៅ​ពេល​ក្រុម​សិទ្ធិ​មនុស្ស និង​អ្នក​ភូមិ​ណា​ហ៊ាន​ក្រោក​ឈរ​តវ៉ា ត្រូវ​បាន​មន្ត្រី​ទាហាន ប៉ូលិស បង្ក្រាប​ដោយ​ហិង្សា​ភ្លាមៗ ហើយ​ចាប់​ដាក់​គុក ដោយ​របាយការណ៍​នោះ​បាន​លើក​រឿង​ទំនាស់​ដី​នៅ​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្លះ​បាត់​ជម្រក​រស់នៅ​ជា​ឧទាហរណ៍។

លោក ប្រែដ អាដាម បន្ត​ថា យុទ្ធនាការ​វាស់​ដី​នេះ​គួរ​តែ​លុប​ចោល ឬ​ក៏​កែ​សម្រួល ព្រោះ​ថា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ច្រើន​ណាស់៖ «ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់នៅ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​អាស្រ័យ​ដោយ​ធនធាន​ដី​ផ្ទះ ដី​ស្រែ​ចម្ការ​របស់​ខ្លួន ចុះ​តើ​ដំណើរ​ការ​នេះ​អាច​បន្ត​ទៅ​ទៀត​ម្ដេច​កើត បើ​វា​ជា​រឿង​ស្លាប់​រស់​ដូច្នេះ»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​នោះ នៅ​ថ្ងៃ​ទី១៣ មិថុនា ថា អ្នក​សរសេរ​រាយការណ៍​នោះ​មិន​ដឹង​អំពី​បច្ចុប្បន្ន​ភាព​កម្ពុជា។

យុទ្ធនាការ​នៃ​កម្មវិធី​វាស់​ដី​ជូន​ប្រជាពលរដ្ឋ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១២។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ជ្រើស​រើស​យុវជន​ចំនួន ៥​ពាន់​នាក់ ជួយ​ធ្វើ​កិច្ចការ​នេះ​ជា​ប្រវត្តិសាស្ត្រ ដោយ​ដាក់​ឈ្មោះ​ថា "វីរ​និស្សិត​ស្ម័គ្រចិត្ត​សម្ដេច​តេជោ" ដោយ​លោក​រំពឹង​ថា​នឹង​អាច​វាស់​ដី​បាន​ទំហំ​ជិត ២​លាន​ហិកតារ ជូន​ប្រជាពលរដ្ឋ​ចំនួន ៥​សែន​គ្រួសារ ដែល​ចំនួន​នេះ​អាច​ជួយ​កាត់​បន្ថយ​ជម្លោះ​ដី​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​បាន​ដោយ​ប្រសិទ្ធភាព។

ក៏ប៉ុន្តែ ផ្ទុយ​ទៅ​វិញ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​រិះគន់​ថា យុទ្ធនាការ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើ​ហិង្សា​ទៅ​វិញ ហើយ​បាន​ទទូច​ឲ្យ​បញ្ឈប់ បើ​មិន​ដូច្នេះ​ទេ​សុំ​ឲ្យ​ធ្វើ​ការ​កែ​ទម្រង់​កម្មវិធី​នេះ ដោយ​ស្នើ​ឲ្យ​ដាក់​បញ្ចូល​ចំណុច ៤​សំខាន់ គឺ​ទី​១ សុំ​ឲ្យ​មាន​ការ​ពិគ្រោះ​ជា​សាធារណៈ​គ្រប់​គ្រាន់។ ទី២ សុំ​ឲ្យ​ដំណើរ​ការ​មាន​តម្លាភាព បើក​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ដោយ​ឯករាជ្យ។ ទី៣ សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​សមរម្យ និង​ទី៤ សុំ​ឲ្យ​មាន​ការ​តវ៉ា​ដោយ​ឯករាជ្យ។

ស្រប​ពេល​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល​កម្ពុជា មួយ​នេះ បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​ផ្ដល់​ជំនួយ​នានា ឲ្យ​ដាក់​គំនាប​យុទ្ធនាការ​វាស់​វែង​ដី​នេះ ឲ្យ​ធ្វើ​ការ​កែ​ទម្រង់ ធ្វើ​ការ​ជា​អាជីព កុំ​ឲ្យ​យក​នយោបាយ​លាយ​ឡំ​ការងារ​នេះ ឬ​ក៏​សុំ​ឲ្យ​រំលាយ​ចោល​យុទ្ធនាការ​វាស់​ដី​នេះ។ គេ​មិន​ទាន់​ឃើញ​មាន​ចម្លើយ​អ្វី​ពី​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ និង​អង្គការ​សហប្រជាជាតិ អន្តរជាតិ ទាំង​នោះ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។