ព្រៃស្រោងប្រមាណ ២០ហិកតារ នៅចំណុចតំបន់រ៉ែដែក ក្នុងភូមិឆាគ្រៀង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានគេអាររំលំរួចហើយដើម្បីយកដីលក់។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចមានចម្ការនៅជាប់នឹងព្រៃដែលគេកំពុងកាប់រំលំ គឺលោក កាសល់ សុវណ្ណ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៣ ថា សកម្មភាពកាប់រានព្រៃនេះធ្វើឡើងចាប់ពីពាក់កណ្ដាលខែមេសា រហូតបច្ចុប្បន្ន។ អ្នកដែលពាក់ព័ន្ធរានព្រៃយកដីមានឈ្មោះ ទីង ស័ត ជាប្រជាពលរដ្ឋជនជាតិដើមនៅភូមិឆាគ្រៀង បានជួលកម្មករប្រដាប់ដោយម៉ាស៊ីនកាត់ឈើតូចៗពី ៤ ទៅ ៥គ្រឿង អាររំលំដើមឈើរៀងរាល់ថ្ងៃ ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានណាហាមឃាត់ និងបង្ក្រាបឡើយ។
លោកបន្តថា អ្នកភូមិដែលកំពុងលួចរានព្រៃស្រោងនោះ គឺមានការឃុបឃិតគ្នាតាំងពីក្រុមសហគមន៍ អាជ្ញាធរភូមិ និងអ្នកមានអំណាចផ្ដល់ប្រាក់ និងមធ្យោបាយដើម្បីរានព្រៃយកដីលក់៖ «មិនដឹងម៉េច? ខ្ញុំនៅព្រៃក្បែរនេះហើយ ចម្ការខ្ញុំ។ ចាត់តាំងគេមកស៊ើបសិនមើលបានដឹង បើថាខ្ញុំកុហក។ នៅនេះម៉ាស៊ីនបីបួនប្រាំគ្រឿងរំលំឈើ។ ថ្ងៃហ្នឹងគេកាប់តើ ជិតមួយខែហើយគេកាប់តើ!»។
ព្រៃស្រោងនៅតំបន់ឆាគ្រៀង ប៉ុន្មានឆ្នាំកន្លងទៅនេះ ត្រូវបានគេកាប់រានយកដីអនាធិបតេយ្យអស់រាប់ពាន់ហិកតារ តាមរយៈក្រុមសហគមន៍នៅតំបន់នោះលក់ដីចម្ការវិលជុំអ្នកភូមិជនជាតិដើមភាគតិចនៅជាប់នឹងព្រៃស្រោងទៅឲ្យក្រុមអ្នកទិញដីជាច្រើនក្រុម បន្ទាប់មកអ្នកទិញដីបានជួលកម្មករកាប់រានព្រៃស្រោងនោះពង្រីកយកដី ហើយអាជ្ញាធរភូមិ ឃុំចុះហត្ថលេខាលើឯកសារទិញលក់ដីព្រៃនោះទៀតផង។ បច្ចុប្បន្នព្រៃនៅតំបន់នោះនៅសេសសល់ប្រមាណ ២០០ ទៅ ៣០០ហិកតារ។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី១៤ ខែឧសភា មិនអាចទាក់ទងអ្នកភូមិឈ្មោះ ទីង ស័ត បំភ្លឺករណីនេះបានទេ។
ជំទប់ទី២ ឃុំកិចុង លោក រចំ ភឺន មានប្រសាសន៍បញ្ជាក់ថា លោកក៏បានទទួលព័ត៌មាននេះពីប្រជាពលរដ្ឋដែរ ប៉ុន្តែអាជ្ញាធរឃុំមិនឃើញប្រធានភូមិរាយការណ៍ពីករណីនេះនៅឡើយ៖ «ថ្ងៃមុនហ្នឹងខ្ញុំឮពីប្រជាពលរដ្ឋគេកាប់មែន ប៉ុន្តែអត់ឮមេភូមិរាយការណ៍ផង ប្រហែលជាគេត្រូវគ្នាមិនដឹង ខ្ញុំអត់ដឹងផង»។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភិន មានប្រសាសន៍បញ្ជាក់ថា មន្ត្រីជំនាញមិនទាន់បានទទួលព័ត៌មាននេះនៅឡើយ។ យ៉ាងនេះក្ដី លោកអះអាងថា នឹងចាត់មន្ត្រីជំនាញទៅពិនិត្យករណីនេះ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា នេះគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញព្រៃឈើ។
លោកបន្តថា ចាប់ពីឆ្នាំ២០០៣ រហូតបច្ចុប្បន្ននេះ ព្រៃឈើនៅក្នុងខេត្តនេះរាប់ពាន់រាប់ម៉ឺនហិកតារហើយត្រូវគេកាប់រានយកដី៖ «ដើមឆ្នាំនេះជារដូវប្រាំង យើងឃើញសកម្មភាពកាប់រានដីព្រៃសឹងតែគ្រប់កន្លែង។ ជួនកាលមានអ្នកកាងពីក្រោយខ្នង បុគ្គលអ្នកមានអំណាចមួយចំនួន ហើយជួនកាលអ្នកមានលុយបានបោះទុនឲ្យប្រជាសហគមន៍មូលដ្ឋានដើម្បីប្រព្រឹត្តបទល្មើស»។
យ៉ាងនេះក្តី លោក រចំ សុវណ្ណ មានប្រសាសន៍បញ្ជាក់ថា ប្រសិនជាមន្ត្រីព្រៃឈើមិនចុះទប់ស្កាត់ទាន់ពេលវេលាទេ សកម្មភាពបំផ្លាញព្រៃឈើនេះនឹងធ្វើឲ្យព្រៃឈើនៅសេសសល់ចុងក្រោយនៅតំបន់នោះ នឹងត្រូវវិនាសអស់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
