បន្ទាប់ពីរាជរដ្ឋាភិបាលចេញបទបញ្ជាលេខ០១ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការចាត់វិធានការការពារតំបន់ជុំវិញបឹងទន្លេសាប និងបន្ទាប់ពីក្រុមការងារចុះបោះបង្គោលព្រំកំណត់ដែនព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ រួចមក សកម្មភាពនៃការកាប់រានព្រៃលិចទឹកមានការថយចុះ។ ប៉ុន្តែ ថ្មីៗនេះ សកម្មភាពកាប់រានព្រៃលិចទឹកបានកើតមានឡើងវិញយ៉ាងស្ងាត់កំបាំង ដែលបណ្ដាលឲ្យដីព្រៃលិចទឹករាប់រយហិកតារ ត្រូវបាត់បង់។
ព្រៃលិចទឹក ឬហៅថាព្រៃរនាមរាប់រយហិកតារ កំពុងរងការកាប់បំផ្លាញ ដើម្បីយកដីធ្វើស្រែ និងចម្ការ ដែលស្ទើរតែគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចសោះឡើយ។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សុចែត បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ថា លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការកាប់រាន និងឈូសឆាយព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ លោកក៏បានសហការជាមួយអាជ្ញាធរជំនាញ និងអាជ្ញាធរដែនដី ចុះទៅពិនិត្យផ្ទាល់ ហើយពិតជាបានឃើញថាមានការកាប់បំផ្លាញព្រៃលិចទឹកជាទ្រង់ទ្រាយធំមែន។
លោក ឡុង សុចែត៖ «ក្រោយពេលដែលយើងចុះមកមើលហើយ យើងបានឃើញទាំងអស់គ្នានេះ បន្ទាប់មកគឺនៅថ្ងៃស្អែក យើងនឹងលើកយកអ្វីដែលយើងបានឃើញនេះ ទៅពិភាក្សាគ្នារកដំណោះស្រាយ ព្រោះយើងឃើញហើយថា ការបំផ្លាញព្រៃលិចទឹកនៅទីនេះមានទ្រង់ទ្រាយធំណាស់»។
ប្រភពពីអាជ្ញាធរជំនាញផ្នែកជលផលស្រុកកណ្ដៀង បានឲ្យដឹងថា មានប្រជាពលរដ្ឋជាជនជាតិចាម ចំនួន ៧៩គ្រួសារ បាននាំគ្នាកាប់រានដោយប្រើម៉ាស៊ីនគោយន្តឈូសឆាយព្រៃលិចទឹកនៅតំបន់ដីចន្លោះរវាងសហគមន៍នេសាទស្រីចឹក និងសហគមន៍នេសាទពោធិ៍របង។ ការឈូសឆាយនេះ ច្រើនធ្វើសកម្មភាពនៅពេលយប់។
ទាក់ទិនចំពោះបញ្ហាកាប់រានព្រៃលិចទឹកនេះ អាជ្ញាធរស្រុកកណ្ដៀង និងអាជ្ញាធរស្រុកក្រគរ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ការកាប់រានថ្មីមានតែបន្តិចបន្តួចទេ។
អភិបាលរងស្រុកកណ្ដៀង លោក ផាយ ឡេង មានប្រសាសន៍ថា ព្រៃដែលបាត់បង់រួចហើយនេះ ត្រូវបានប្រជាពលរដ្ឋជនជាតិចាម បានកាប់តាំងពីមុនការចុះកំណត់ព្រំដីតំបន់៣ មកម្ល៉េះ៖ «បំណងដែលយើងចុះមកថ្ងៃនេះ គឺដើម្បីពិនិត្យស្ថានភាពការរានយកដីនៅតំបន់ឫស្សីមួយរយគុម្ព។ ទី២ គឺយើងស្វែងរកប្រភព និងឫសគល់នៃការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់នេះ។ ទី៣ គឺយើងនឹងរិះរកមធ្យោបាយទប់ស្កាត់ការកាប់រាននេះ»។
ការចុះពិនិត្យជាក់ស្ដែង បង្ហាញថា ដីព្រៃលិចទឹកប្រមាណជាង ២០០ហិកតារ ត្រង់ចំណុចឫស្សីមួយរយគុម្ព ស្ថិតក្នុងឃុំកញ្ជរ ត្រូវបាត់បង់ដោយការកាប់រានឈូសឆាយ ដើម្បីយកដីកាន់កាប់ពីសំណាក់ប្រជាពលរដ្ឋដែលជាជនជាតិចាម។
ប្រភពពីអាជ្ញាធរជំនាញផ្នែកជលផលស្រុកកណ្ដៀង បានឲ្យដឹងថា កាលពីឆ្នាំ២០០៧ ស្ថិតិប្រជាពលរដ្ឋជនជាតិចាម នៅតំបន់នេះមានតែ ៣០គ្រួសារប៉ុណ្ណោះ។ ហើយពួកគេបានរុករានកាន់កាប់ព្រៃលិចទឹកតែចំនួន ៦៩ហិកតារទេ។ តែបច្ចុប្បន្ន ចំនួនប្រជាពលរដ្ឋជនជាតិចាម នៅតំបន់នេះបានកើនឡើងដល់ទៅ ៧៩គ្រួសារ ហើយពួកគាត់បានរុករានព្រៃបន្ថែមឡើងដល់ទៅជាង ២០០ហិកតារឯណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
