អ្នក​ភូមិ​នៅ​ស្រុក​អូរយ៉ាដាវ​បារម្ភ​ពី​សកម្មភាព​កាប់​រាន​ព្រៃ​ស្រោង​យក​ដី

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចារាយ រស់នៅ​ជាប់​តំបន់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ៧មករា ប៉ារីស (7 MAKARA PARIS) កំពុង​កាប់​រាន​ព្រៃ​យក​ដី​ដាំ​កៅស៊ូ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចូល​មក​បោះ​ទីតាំង​ដាក់​កម្មករ​នៅ​ក្បែរ​ភូមិ ដោយ​មិន​បាន​ផ្តល់​ដំណឹង ឬ​បង្ហាញ​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ច្បាប់​អនុញ្ញាត​ឲ្យ​កាប់​រាន​ព្រៃ​នោះ​មក​សហគមន៍​បាន​ឃើញ​ឡើយ។

អ្នក​ភូមិ និង​មន្ត្រី​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ នៅ​ថ្ងៃ​អង្គារ ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣ សម្ដែង​ក្តី​បារម្ភ​ថា ព្រៃស្រោង​ដែល​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​រស់​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ កំពុង​ត្រូវ​គេ​កាប់​រាន​យក​ដី។

ប្រធាន​សហគមន៍​ភូមិ​ភិ លោក សេវ អាង មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រមាណ ៣​សប្ដាហ៍​កន្លង​ទៅ​នេះ អ្នក​ភូមិ​បាន​ឃើញ​មេការ​ក្រុមហ៊ុន​ចូល​មក​បោះ​ទីតាំង​នៅ​ចម្ងាយ ៣០០​ម៉ែត្រ​ពី​ភូមិ ហើយ​ជួល​កម្មករ​ជា​ក្រុមៗ​កាប់​រាន​ព្រៃ​ដោយ​មិន​បាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ ការ​អនុញ្ញាត​ឲ្យ​កាប់​រាន​ព្រៃ​នោះ​ឡើយ។

លោក​បន្ត​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ​មួយ​ផ្នែក​ធំ ជា​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង ហើយ​មួយ​ផ្នែក​ទៀត​ជា​ដី​ចម្ការ​ប្រជាពលរដ្ឋ​បាន​ដាំដុះ​ជា​លក្ខណៈ​ចម្ការ​វិល​ជុំ៖ «ឥឡូវ វា​កាប់​ព្រៃ​កាប់​ហ្នឹង គេ​ម៉ៅ​មួយ​ហិកតារ ៩០​ម៉ឺន​រៀល។ សុទ្ធ​តែ​ត្រង់ស៊ីន័រ​កាំបិត។ សំណូមពរ​សហគមន៍​យើង​ទុក​ព្រៃ​បម្រុង ផ្លូវ​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់ កុំ​ឲ្យ​ប៉ះ​ចម្ការ​ចាស់​យើង»

ដូច​គ្នា​នេះ​ដែរ ជំទប់​ទី១ ឃុំ​សេសាន លោកស្រី រម៉ាស វឿន មាន​ប្រសាសន៍​បញ្ជាក់​ថា តំណាង​អាជ្ញាធរ​ឃុំ​មិន​បាន​ទទួល​ដំណឹង ឬ​ទទួល​ឯកសារ​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​កាប់​រាន​ព្រៃ​នោះ​ឡើយ។ លោកស្រី​បន្ត​ថា អ្នក​ភូមិ​កំពុង​ភ័យ​ព្រួយ​ខ្លាច​ក្រុមហ៊ុន​កាប់​រាន​អស់​ព្រៃ​ឈើ ដែល​អ្នក​ភូមិ​ថែ​រក្សា និង​អាស្រ័យ​ផល​តាម​លក្ខណៈ​ជំនឿ​ប្រពៃណី ហើយ​ក្រុមហ៊ុន​នឹង​កាប់​រាន​យក​ដី​ចម្ការ​វិល​ជុំ​ត្រៀម​បម្រុង​របស់​អ្នក​ភូមិ​បន្ត​ទៀត៖ «មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ ព្រោះ​គេ​ថា​អ្នក​ធំ​មក​ហើយ ៧មករា ហើយ​សហគមន៍​គេ​មិន​ព្រម​ទេ គេ​ថា​ម៉េច​អ្នក​ធ្វើ​ការ​មិន​គិតគូរ​ឲ្យ​អ្នក​ភូមិ​ផង មិន​ចាំបាច់​បោះឆ្នោត​ឲ្យ​ពី​ណា​ទេ ព្រោះ​ដី​យើង​ក៏​អស់ គេ​និយាយ​អ៊ីចឹង»

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​អត្តសញ្ញាណ​ក្រុមហ៊ុន​ចូល​មក​កាប់​រាន​ព្រៃ​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ព្រៃ​ដែល​ក្រុមហ៊ុន​កំពុង​កាប់​រាន​នោះ ស្ថិត​ក្នុង​តំបន់​ដី​រដ្ឋបាល​របស់​ស្រុក​អណ្ដូងមាស។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី៤ ខែ​មិថុនា មិន​អាច​ស្វែង​រក​អត្តសញ្ញាណ និង​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន សុំ​អធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ទេ។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​នោះ គឺ​ក្រុមហ៊ុន ៧មករា ប៉ារីស ហើយ​ក្រុមហ៊ុន ៧មករា ប៉ារីស គឺ​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​របស់​អតីត​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែល​ត្រូវ​បាន​បញ្ឈប់​សកម្មភាព៖ «ដី​ហ្នឹង​ដី​អណ្ដូងមាស ទេ អត់​មាន​ដី​ខាង​អូរយ៉ាដាវ ប៉ុន្តែ​អ្នក​ភូមិ​ភិ ហ្នឹង ធ្លាប់​ទៅ​អាស្រ័យ​ផល​នៅ​ហ្នឹង។ ដី​សម្បទាន​លាត​សន្ធឹង​ដល់​ទី​នោះ កាល​ពី​និស្សិត​ចុះ​វាស់វែង ខ្ញុំ​បាន​ផ្សព្វផ្សាយ​ទៅ​ខាង​មេ​ស្រុក​អូរយ៉ាដាវ ដែរ ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខាង​ភូមិ​ភិ ចុះ​ទៅ​ធ្វើ​សលាកបត្រ​ធ្វើ​ប័ណ្ណ​ណា»

យោង​តាម​ឯកសារ​ក្នុង​គេហទំព័រ​របស់​ក្រសួង​កសិកម្ម អតីត​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ទទួល​បាន​ដី​សម្បទាន​ជាង ៨​ពាន់​ហិកតារ នៅ​ស្រុក​អណ្ដូងមាស តាំង​ពី​ឆ្នាំ​២០០៦ ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម និង​ដំណាំ​ផ្សេង​ទៀត។ នាយិកា​ក្រុមហ៊ុន គឺ​លោកស្រី សៀង ចាន់ហេង។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា លោក​មិន​ប្រាកដ​ថា តើ​ក្រុមហ៊ុន ៧មករា ប៉ារីស ទទួល​បាន​អាជ្ញាប័ណ្ណ​បន្ត​ពី​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាម​រូបភាព​ណា​ទេ ហេតុ​នេះ​លោក​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ស៊ើប​អង្កេត​ករណី​នេះ និង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​ស្រោង ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន៖ «យើង​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង អភិវឌ្ឍន៍។ ឥឡូវ មាន​ក្រុមហ៊ុន​មួយ​ទៀត​មក​ជំនួស​ឲ្យ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ប្រជាពលរដ្ឋ​កំពុង​ប្រតិកម្ម»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ព្រៃ​ឈើ ជុំវិញ​អត្តសញ្ញាណ និង​សកម្មភាព​សម្បទាន​របស់​ក្រុមហ៊ុន ៧មករា ប៉ារីស បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។