សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងអំពាវនាវមន្ត្រីជំនាញបង្ក្រាបអ្នកកាប់ព្រៃរានយកដី
2015.08.02
សហគមន៍ការពារព្រៃឡង់ អះអាងថា គម្របព្រៃស្រោងជាប់ព្រៃឡង់ឋិតនៅស្រុកថាឡាបរិវ៉ាត់ ជាប់ព្រំប្រទល់ស្រុកសៀមបូក ត្រូវពលរដ្ឋចំណាកស្រុក និងជនជាតិចាម កាប់ទន្ទ្រានដើម្បីយកធ្វើជាដីកម្មសិទ្ធិ និងលក់បន្ត។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើបារម្ភថា ប្រសិនមន្ត្រីជំនាញនៅតែបណ្ដែតបណ្តោយ ព្រៃនៅតំបន់នោះនឹងក្លាយទៅជាទីវាល និងគ្រប់គ្រងជាកម្មសិទ្ធិឯកជនរបស់អ្នកមានប្រាក់ និងអ្នកមានអំណាច។
សហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១ សីហា អំពាវនាវឲ្យមន្ត្រីជំនាញ និងក្រសួងកសិកម្ម ស៊ើបអង្កេតករណីកាប់ទន្ទ្រានដីតំបន់ព្រៃស្រោង ដែលជាជម្រកសត្វព្រៃជាប់ព្រៃឡង់ជាបន្ទាន់ ដើម្បីចាត់វិធានការផ្លូវច្បាប់ដល់ជនបង្ក ដែលដឹកនាំកម្លាំងកម្មករកាប់ដើម្បីយកដីលក់បន្ត និងយកដីធ្វើជាកម្មសិទ្ធិឯកជន។
សហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង អ្នកស្រី ទន់ ឡាម ដែលបានចុះអង្កេតករណីនេះឲ្យដឹងថា ដីព្រៃស្រោងដែលជាជម្រកសព្វព្រៃជាប់តំបន់ព្រៃឡង់ ឋិតនៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ និងជាប់ព្រំប្រទល់ស្រុកសៀមបូក ត្រូវបានក្រុមឈ្មួញ ភាគច្រើនជាពលរដ្ឋចំណាកស្រុក និងជនជាតិចាម សម្រុកកាប់ទន្ទ្រានជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៣។ អ្នកស្រីបន្តថា ការកាប់ទន្ទ្រានដីព្រៃនេះ ធ្វើឡើងស្ទើរជាទម្លាប់ទៅហើយ បន្ទាប់ពីព្រៃឈើនៅឃុំអន្លង់ភេ ឃុំចម្ការលើ និងឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ត្រូវជនជាតិចាម កាប់ទន្ទ្រានរហូតមកដល់បច្ចុប្បន្នអស់ជាង ២ពាន់ហិកតារ នៅតែមិនទាន់មានការទប់ស្កាត់នៅឡើយទេ។ អ្នកស្រី ទន់ ឡាម បារម្ភថា សត្វជាច្រើនប្រភេទនៅតំបន់នោះនឹងត្រូវបាត់បង់ ចំណែកដើមឈើប្រមូលផលរបស់ជនជាតិដើមភាគតិច ក៏ត្រូវរងការកាប់បំផ្លាញផងដែរ៖ «ទ្រួសកាប់ឆ្ការជាលក្ខណៈម៉ាស៊ីនត្រង់ស៊ីន័រ ព្រៃជាជម្រកសត្វរស់នៅមាន ដំរី មានខ្លា មានឈ្លូស ប្រើស ទន្សោង សត្វជ្រូកតូចៗនៅទីជម្រកសត្វនៅទីនោះទាំងអស់»។
នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា ឲ្យដឹងនៅថ្ងៃទី១ សីហា ថា រយៈពេល ២ថ្ងៃនេះ មន្ត្រីជំនាញកំពុងមមាញឹកចុះល្បាតព្រៃនៅតំបន់នោះ ប៉ុន្តែលទ្ធផលសម្រេចបានយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ។ លោកថានឹងផ្តល់ដំណឹងដល់វិទ្យុអាស៊ីសេរី ប្រសិនបើរកឃើញជនបង្កជាក់ស្តែង៖ «ម្សិលមិញភ្លៀងផង ក៏ចុះធ្វើការដែរ ហើយនិងថ្ងៃនេះទៀត ហើយតំបន់ហ្នឹង គឺធ្វើហើយគ្រប់គ្រងយ៉ាងពិសេស»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា ការអនុវត្តច្បាប់ធូររលុងរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ គឺជាដើមចមបង្កឲ្យព្រៃឈើត្រូវបានកាប់បំផ្លាញ ដើម្បីយកដីកម្មសិទ្ធិ បន្ទាប់ពីកាប់យកឈើប្រណិតអស់។ លោកបារម្ភថា ដីព្រៃរាប់ពាន់ហិកតារ នឹងត្រូវក្លាយជាដីកម្មសិទ្ធិរបស់អ្នកមានប្រាក់ អ្នកមានអំណាច ប្រសិនបើមន្ត្រីជំនាញមិនទប់ស្កាត់ទេ។ លោកអំពាវនាវឲ្យក្រសួងកសិកម្ម រឹតបន្តឹងការអនុវត្តច្បាប់ព្រៃឈើឲ្យបានឆាប់ ប្រសិនបើធ្វេសប្រហែស ព្រៃឈើដែលនៅសេសសល់ចុងក្រោយនៅខេត្តស្ទឹងត្រែង នឹងរងការកាប់បំផ្លាញ ហើយសត្វព្រៃកម្រមួយចំនួនក៏ត្រូវប្រឈមហានិភ័យធ្ងន់ធ្ងរទៀតផង៖ «សំណូមពរទៅក្រសួងកសិកម្ម មេត្តាពិនិត្យជំនាញរបស់ខ្លួនតាមខេត្ត ដូចជាមិនមានចំណាត់ការ ឬមួយមិនធ្វើការអីសោះរាល់ថ្ងៃ ដើរយកតែលុយពីពួកឈ្មួញ»។
លោក ហូ សំអុល កត់សម្គាល់ថា បច្ចុប្បន្នការកាប់ទន្ទ្រានដីព្រៃយកមកធ្វើជាដីកម្មសិទ្ធិ មិនមែនកើតឡើងតែនៅស្រុកថាឡាបរិវ៉ាត់ ប៉ុណ្ណោះទេ គឺគ្រប់ស្រុកទាំង ៥ ក្នុងខេត្តស្ទឹងត្រែង ហើយថ្មីៗនេះ នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ព្រៃជាង ១០០ហិកតារ ត្រូវបានជនជាតិចាម ជួលកម្មករកាប់ទន្ទ្រានបន្តទៀត នៅពុំទាន់ឃើញមានមន្ត្រីជំនាញណាទប់ស្កាត់នៅឡើយទេ។
ដោយឡែកអ្នកភូមិនៅស្រុកថាឡាបរិវ៉ាត់ ឲ្យដឹងថា អ្នកមានប្រាក់ និងមានអំណាចមួយចំនួននៅស្រុកថាឡាបរិវ៉ាត់ មានដីកម្មសិទ្ធិផ្ទាល់ខ្លួនរាប់រយហិកតារ ដែលគេសង្ស័យថា ដីទាំងនោះភាគច្រើនជាដីដែលបានមកពីការកាប់ទន្ទ្រានព្រៃឈើកន្លងទៅ។ បន្ថែមពីលើនេះ អាជ្ញាធរខេត្តក៏កំពុងស៊ើបអង្កេតពីភាពមិនប្រក្រតីនៃកម្មសិទ្ធិគ្រប់គ្រងដីធ្លីរាប់រយហិកតាររបស់អ្នកមានប្រាក់ និងមានអំណាចនោះដែរ៕