សហគមន៍ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី យល់ព្រមទទួលសំណងផលប៉ះពាល់ដីស្រែចម្ការពីគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេសកូ ហ្គូល (Mesco Gold) ដើម្បីផ្តល់លទ្ធភាពឲ្យក្រុមហ៊ុននេះបញ្ចប់ការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ មុននឹងទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសពីក្រសួងរ៉ែ និងថាមពល។
ប្រជាពលរដ្ឋជនជាតិចារ៉ាយ ១៨គ្រួសារ យល់ព្រមទទួលសំណងជាប្រាក់ ១.៥០០ដុល្លារ សម្រាប់ដីមួយហិកតារ ដែលឋិតក្នុងគម្រោងធ្វើការដ្ឋានរបស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មេសកូ ហ្គូល នៅលើផ្ទៃដីសរុបចំនួន ២៨ហិកតារនៅភូមិពាក់។
ការសិក្សាផលប៉ះពាល់របស់ក្រុមហ៊ុន មេសកូ ហ្គូល មានដី ១៦ហិកតាររបស់ប្រជាពលរដ្ឋ ១៨គ្រួសារ និងដី ១២ហិកតារផ្សេងទៀតរបស់សហគមន៍ភូមិពាក់ ឋិតក្នុងគម្រោងសាងសង់ការដ្ឋានរបស់ក្រុមហ៊ុន។
ប្រធានភូមិពាក់ លោក សេវ ចិន បញ្ជាក់ថា ក្រោយជំនួបពិភាក្សារវាងសហគមន៍ ប្រជាពលរដ្ឋរងផលប៉ះពាល់ផ្ទាល់ ដោយមានការសង្កេតការណ៍ពីមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ មន្ត្រីអង្គការសង្គមស៊ីវិល កាលពីចុងសប្ដាហ៍នេះ ក្រុមសហគមន៍បានសម្រេចចិត្តរួមគ្នាទទួលយកសំណងថ្លៃដីជាលក្ខណៈគ្រួសារ និងសំណងផលប៉ះពាល់ដីរួមរបស់សហគមន៍។ លោកថា សំណងនេះធ្វើឡើងស្របទៅនឹងតម្លៃទីផ្សារជាក់ស្តែង ដែលសហគមន៍ និងប្រជាពលរដ្ឋរងផលប៉ះពាល់ ឯកភាពទទួលយកបាន៖ «ឯកសារគ្រប់គ្រាន់អស់ហើយ នៅតែគេមិនទាន់បើកលុយទេ។ គាត់ព្រមទាំងអស់គ្នាហើយ»។
ក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុននៃប្រទេសឥណ្ឌា ធ្វើអាជីវកម្មរ៉ែមាសនៅស្រុកអូរយ៉ាដាវ ទំហំ ១២គីឡូម៉ែត្រការ៉េក្នុងស្រទាប់ក្រោមដីជម្រៅ ៣០ម៉ែត្រ និងដី ៣៨ហិកតារបន្ថែមទៀតនៅផ្ទៃខាងលើ ដើម្បីសាងសង់ការដ្ឋានក្រុមហ៊ុនសម្រាប់រយៈពេល ៣០ឆ្នាំ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវសិក្សា និងដោះស្រាយផលប៉ះពាល់រួចរាល់ ទើបក្រសួងចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម។
ប្រជាពលរដ្ឋភូមិពាក់ លោក រម៉ាស់ លីន មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិ ១៨គ្រួសារ បានឯកភាពគ្នាទទួលយកដំណោះស្រាយផ្តល់សំណងនេះដោយគ្មានការបង្ខិតបង្ខំ។ លោករំពឹងថា ក្រុមហ៊ុននឹងចូលរួមអភិវឌ្ឍសហគមន៍បន្ថែមទៀតលើវិស័យអាទិភាព ដូចជា បញ្ហាទឹកស្អាត និងផ្លូវធ្វើដំណើរ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណវិនិយោគនៅតំបន់នេះ៖ «អត់មានជំទាស់ស្អីទេ មានតែម្នាក់ពីរនាក់ពីថ្ងៃមុន ឥឡូវគាត់ព្រមអស់ហើយ។ រួចពីហ្នឹងទៅ ចង់ឲ្យក្រុមហ៊ុនជួយទឹក ព្រោះទឹកវាសំខាន់ ប្រជាជនក៏និយាយអ៊ីចឹងដែរ»។
ក្រុមហ៊ុន មេសកូ ហ្គូល បានយល់ព្រមបង្កើតក្រុមការងារអភិវឌ្ឍន៍សហគមន៍ រួមមានតំណាងសហគមន៍ តំណាងក្រុមហ៊ុន មន្ត្រីអាជ្ញាធរ និងមន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាសិក្សារកបញ្ហាអាទិភាព ដើម្បីក្រុមហ៊ុនសិក្សាផ្តល់មូលនិធិអភិវឌ្ឍន៍នៅមូលដ្ឋាន ស្របតាមកិច្ចសន្យាវិនិយោគជាមួយរាជរដ្ឋាភិបាល។
ប្រធានក្រុមហ៊ុន មេសកូ ហ្គូល លោក រ៉ាជីវ មូតហ្គីល (Rjeev K Moudgil) ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនអនុវត្តបទដ្ឋានបច្ចេកទេសស្តង់ដារអន្តរជាតិ ដែលមិនរំលោភសិទ្ធិសហគមន៍ និងកិច្ចសន្យាវិនិយោគ។
ទាក់ទិនករណីនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា ហៅដំណោះស្រាយផលប៉ះពាល់ផ្ទាល់ជាមួយសហគមន៍នេះ ថាជាគំរូដំបូងសម្រាប់ក្រុមហ៊ុនវិនិយោគរ៉ែនៅប្រទេសកម្ពុជា។ លោកថា ការអភិវឌ្ឍយូរអង្វែងរបស់ក្រុមហ៊ុននៅមូលដ្ឋាន គឺជាជំហានទីពីរ បន្ទាប់ពីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម៖ «ការដែលយើងសហការជាមួយសហគមន៍មូលដ្ឋាន ការដែលយើងទៅពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋាន កសាងភាពជាដៃគូដើម្បីឲ្យមានផលប្រយោជន៍ទាំងអស់គ្នា ដោយស្មើភាព ដោយយុត្តិធម៌ហ្នឹង គឺយើងអាចធ្វើបាន»។
តាមការគ្រោងទុក មន្ត្រីអង្គការក្រៅរដ្ឋាភិបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ នឹងចូលរួមសង្កេតការណ៍ក្នុងពិធីផ្តល់សំណងផលប៉ះពាល់សហគមន៍នៅសាលារៀនភូមិពាក់ នៅថ្ងៃទី២២ ខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
