ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​ចោទ​ក្រុមហ៊ុន​៧​មករា​ផារី​ថា​ឈូស​ឆាយ​ព្រៃ​យក​ដី

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ នៃ​ខេត្ត​រតនគិរី សម្រេច​ឲ្យ​តំណាង​របស់​ពួក​គេ​ធ្វើ​ដំណើរ​មក​ភ្នំពេញ នាំ​យក​ញត្តិ​ដាក់​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ​ឲ្យ​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន​ឈ្មោះ ៧ មករា ផារី ដែល​កំពុង​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ និង​កាប់​យក​ឈើ​ក្នុង​ព្រៃ។ ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ពលរដ្ឋ​បាន​តវ៉ា​ជាច្រើន​លើក សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល។

សំឡេង​ពលរដ្ឋ៖ « ពួក​យើង​ខ្ញុំ​អស់​ដី​ហើយ សូម​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ពួក​ខ្ញុំ​ផង ! ខ្ញុំ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ៥​អាណត្តិ​ហើយ

នេះ គឺ​ជា​សម្រែក​របស់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ទាមទារ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​អ្នក​ភូមិ​ដែល​កំពុង​មាន​កង្វល់​ពី​ការ​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ និង​ព្រៃឈើ​ដែល​ពួក​គាត់​រស់​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​ភូមិ​ភិ រស់នៅ​ជាប់​នឹង​ដង​ទន្លេ​សេសាន​ដែល​ជា​ខ្សែ​បន្ទាត់​ខណ្ឌ​ព្រំសីមា​ជាមួយ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ចាប់​ពី​ឆ្នាំ​២០១៣ រហូត​មក អ្នក​ភូមិ​ជាង ១០០​គ្រួសារ​ប្រឈម​មុខ​ទៅ​នឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ៧ មករា ផារី ចូល​មក​បោះ​ទីតាំង និង​ហ៊ុមព័ទ្ធ​យក​ដី​នៅ​តំបន់​នោះ ក្រោម​ហេតុផល​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​កៅស៊ូ។

ពលរដ្ឋ​ឈ្មោះ សល់ តូច រៀបរាប់​ថា បញ្ហា​ប្រឈម​កើត​មាន​ឡើង ដោយសារ​ក្រុមហ៊ុន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ព្រំ​ដី​សម្បទាន ហ៊ុមព័ទ្ធ​ទៅ​លើ​ដី​ចម្ការ​វិល​ជុំ និង​ស្រែ​ចម្ការ​ពលរដ្ឋ​ដោយ​មិន​បាន​ជូន​ដំណឹង ឬ​ដោះស្រាយ​ចំពោះ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា អ្នក​ភូមិ​តវ៉ា​ជាច្រើន​លើក រួម​ទាំង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ​បញ្ឈប់​ការ​ឈូស​ឆាយ​លើ​ដី​ប្រជាពលរដ្ឋ​បាន​ឡើយ៖ « ប៉ះពាល់​សំខាន់​ជាង​គេ​ចម្ការ​វិល​ជុំ​ប្រជាពលរដ្ឋ ៦០០​ហិកតារ។ គេ​ថា​អត់​កាប់​ឈើ​ទេ ឥឡូវ​ឈើ​កាប់​អស់​រលីង​ហើយ ប្រជាពលរដ្ឋ​ពិបាក​ចិត្ត​ពេក​មក​ដល់​ភ្នំពេញ ទៅ​ដាក់​ដល់​សម្ដេច​តែ​ម្តង »

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា អ្នក​ភូមិ​ជាង ១០០​នាក់ បាន​ជួបជុំ​គ្នា​ជា​ថ្មី និង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​កង្វល់​របស់​ពលរដ្ឋ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា តំណាង​អ្នក​ភូមិ ៩​នាក់ កំពុង​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ មាន​រដ្ឋសភា ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​មហាផ្ទៃ និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​ពី​ការ​លំបាក​នេះ៖ « ឆ្នាំ​២០១៥ ក្រុមហ៊ុន​ដាំ​កៅស៊ូ​ដាំ​ពោត​ដំឡូង​ក្នុង​ដី​ហ្នឹង គេ​ដា​ដី​សម្បទាន »

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ រាជ​រដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​អនុបយោគ​ដី​ជាង ៦.៨០០​ហិកតារ (៦.៨៥៥​ហិកតារ) នៅ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ដើម្បី​ប្រែ​ក្លាយ​ដី​តំបន់​នោះ​ជា​ដី​ឯកជន​របស់​រដ្ឋ តាម​សំណើ​របស់​ក្រសួង​កសិកម្ម ដើម្បី​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បញ្ជាក់​ថា ក្រុមហ៊ុន ៧ មករា ផារី បាន​សុំ​ចុះ​បញ្ជី​ដី​នោះ​ជា​សម្បទាន​សេដ្ឋកិច្ច​តាំង​ពី​ឆ្នាំ​២០១៣ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន ការ​ដោះស្រាយ​ផល​ប៉ះពាល់​ទាក់ទិន​ដី​តំបន់​នោះ នៅ​មិន​ទាន់​ធ្វើ​រួច​រាល់​នៅ​ឡើយ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ថា ក្រសួង​កសិកម្ម មិន​ទាន់​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​នៅ​ឡើយ ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​សិក្សា​ផល​ប៉ះពាល់​ពាក់ព័ន្ធ​ការ​ផ្តល់​ដី​សម្បទាន​នេះ។ ចំណែក​នាយ​ផ្នែក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរយ៉ាដាវ លោក ឡេង យុគ កត់​សម្គាល់​ថា ក្រុមហ៊ុន ៧ មករា ផារី មាន​លិខិត​អនុញ្ញាត​ឈូស​ឆាយ​កំណត់​ព្រំ​ដី​សម្បទាន ក៏ប៉ុន្តែ​ដី​តំបន់​នោះ​កើត​មាន​បញ្ហា​ច្រើន​ជាមួយ​ពលរដ្ឋ​ដែល​អាជ្ញាធរ​ស្រុក​កំពុង​ដោះស្រាយ៖ « កន្លែង​ហ្នឹង​មាន​រឿង​ច្រើន ឧស្សាហ៍​ចុះ​ទៅ​ណាស់​គណៈកម្មការ​ខេត្ត »

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា មិន​បាន​ដឹង​រឿង​នេះ​ទេ។ ចំណែក​អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួល​ស្គាល់​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ពីរ​លើក​រួច​ហើយ ទាក់ទិន​បញ្ហា​ដីធ្លី​ដែល​ពលរដ្ឋ​អះអាង​ថា​ក្រុមហ៊ុន​រំលោភ​យក។ លោក​ថា ដី​ដែល​អ្នក​ភូមិ​តវ៉ា​ឋិត​ក្នុង​តំបន់​គ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក​អណ្ដូងមាស ហេតុ​នេះ​ការ​តវ៉ា​របស់​ពលរដ្ឋ លោក​កំពុង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បន្ត៖ « មួយ​សា​ទៅ​ហើយ មាន​សហគមន៍​ចូលរួម​ទាំងអស់​គ្នា ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច គាត់​សើរើ​ឡើង​វិញ។ រឿង​ហ្នឹង​វា​ធំ​ពេក ទាល់​តែ​ថ្នាក់​ខេត្ត​ថ្នាក់​ក្រសួង​បាន​អាច​សម្របសម្រួល​បាន »

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ការ​តវ៉ា​របស់​ពលរដ្ឋ ថា​ជា​រឿង​ត្រឹមត្រូវ និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើប​អង្កេត​រឿង​នេះ​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​ដី​ពលរដ្ឋ និង​កាប់​ឈើ​ខុស​ច្បាប់។ លោក​ថា តំណាង​ក្រុមហ៊ុន​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ទាក់ទិន​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​ជំរុញ​ឲ្យ​សួរ​រឿង​នេះ​ទៅ​អាជ្ញាធរ​ខេត្ត៖ « ដោយសារ​គាត់​ដាក់​ពាក្យ​បណ្ដឹង​អស់​ហើយ អត់​មាន​លទ្ធផល អត់​មាន​ដំណោះស្រាយ​ជូន​គាត់។ អ៊ីចឹង​គាត់​អត់​ដាក់​នៅ​ខេត្ត​ទៀត​ទេ គាត់​ដាក់​ទៅ​ថ្នាក់​ក្រសួង​តែ​ម្តង »

របាយការណ៍​អង្កេត​របស់​មន្ត្រី​អង្គការ​អាដហុក​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​អ្នក​ភូមិ​នៅ​តំបន់​នោះ​អស់​ប្រមាណ ៦០០​ហិកតារ រួម​ជាមួយ​កាប់​ឈើ​ប្រណិត​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ព្រំដែន​ខុស​ច្បាប់។

កាល​ពី​ដើម​ខែ​មិថុនា ពលរដ្ឋ​ភូមិ​ភិ បាន​ប្ដឹង​តំណាង​ក្រុមហ៊ុន ៧ មករា ផារី ថា​បាន​បាញ់​កាំភ្លើង​គំរាម​ប្រជាពលរដ្ឋ​ដែល​ដឹក​ឈើ​ចាស់​ក្នុង​ព្រៃ​លក់​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​ករណី​នេះ ក្រុមហ៊ុន​បាន​យល់ព្រម​ផ្តល់​ប្រាក់ ១​លាន ៤​សែន​រៀល និង​ជ្រូក ៨០​គីឡូក្រាម ជា​សំណង​សែនព្រេន​ប្រពៃណី​ដល់​អ្នក​ភូមិ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។