សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់គ្រឿងចក្រ ២គ្រឿងរបស់ក្រុមហ៊ុនចិន ស៊ីវ ហ្គិច (Saiv Hkech) កាលពីល្ងាចថ្ងៃទី១៤ មិថុនា។ សហគមន៍អះអាងថា ក្រុមហ៊ុនបានត្រៀមឈូសឆាយដីព្រៃអភិរក្សសហគមន៍ក្បាលរមាស។ ចំណែកតំណាងក្រុមហ៊ុនបដិសេធថា ក្រុមហ៊ុនត្រៀមឈូសឆាយព្រំដីលិចទឹកសម្រាប់ដាំដុះប៉ុណ្ណោះ។
ពលរដ្ឋជនជាតិដើមព្នង ឃុំក្បាលរមាស ជាង ៥០នាក់ នៅថ្ងៃទី១៥ មិថុនា ជួបជុំគ្នានៅទីតាំងស្រែគាស់ ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ដើម្បីរង់ចាំតំណាងក្រុមហ៊ុន ស៊ីវ ហ្គិច ដោះស្រាយ។ សហគមន៍អះអាងថា តំណាងក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានស្នាមមេដៃជាមួយសហគមន៍ច្បាស់លាស់ ទើបអ្នកភូមិសម្រេចប្រគល់គ្រឿងចក្រជូនក្រុមហ៊ុនវិញ។
តំណាងពលរដ្ឋ លោក កឹម ឌឺង រៀបរាប់ថា ពលរដ្ឋជនជាតិដើមភាគតិចបារម្ភខ្លាចក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ីវ ហ្គិច ឈូសឆាយដីព្រៃអភិរក្សរបស់សហគមន៍ ហេតុនេះពលរដ្ឋបានឃាត់គ្រឿងចក្រទុកជាមុន ដើម្បីការពារប៉ះពាល់ព្រៃឈើសហគមន៍អភិរក្សដែលនៅសេសសល់ចុងក្រោយសម្រាប់ក្មេងជំនាន់ក្រោយ៖ «ធ្វើការរៀបចំឲ្យលឿនបន្តិចកុំឲ្យពួកហ្នឹងវាឈូសឆាយ តែឈូសឆាយរួចវាថាមិនមែនដីយើង វាថាដីវាហើយ»។
ឆ្លើយតបការលើកឡើងនេះ អ្នកបកប្រែឲ្យក្រុមហ៊ុន ស៊ីវ ហ្គិច លោក ដួង វណ្ណី ឲ្យដឹងនៅថ្ងៃទី១៥ មិថុនា ថា ក្រុមហ៊ុនឈូសឆាយក្រវាត់ព្រំដីសម្រាប់សម្គាល់ទីតាំងជាដីទឹកលិច និងកំណត់ទីតាំងជាក់ស្តែងលើដីដែលក្រុមហ៊ុនវិនិយោគ។ លោកថា ក្រុមហ៊ុនមិនបានឈូសឆាយដីព្រៃសហគមន៍ដូចដែលពលរដ្ឋបានចោទប្រកាន់នោះឡើយ៖ «បោះព្រំទឹកលិច តែគេមិនមែនគាបសង្កត់ពលរដ្ឋណា! គ្រាន់ថាដល់ដីប្រជាពលរដ្ឋគេហ្នឹងទុកឲ្យហើយគេហ្នឹងរំលង»។
ទោះយ៉ាងណា ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ឃុំក្បាលរមាស លោក ស្រៀន ជឿន ប្រកាន់ជំហរថា តំណាងក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាផ្ដិតមេដៃជាមួយសហគមន៍ ថែមទាំងមានអាជ្ញាធរមូលដ្ឋានដឹងឮជាមុនសិន ទើបសហគមន៍សម្រេចប្រគល់គ្រឿងចក្រជូនក្រុមហ៊ុនវិញ។ បន្ថែមពីលើនេះ សហគមន៍ព្រមានថា នឹងបន្តសកម្មភាពការពារដីព្រៃអភិរក្សបន្តទៀត បើក្រុមហ៊ុនឈូសឆាយដីព្រៃសហគមន៍៖ «ដីនេះមិនឯកភាពជាមួយប្រជាពលរដ្ឋ»។
ប្រធានសហគមន៍អះអាងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ជាក្តីបារម្ភសម្រាប់សហគមន៍ជនជាតិដើមភាគតិច ដែលអាស្រ័យផលធនធានធម្មជាតិ ព្រោះក្រុមហ៊ុនឈូសឆាយដីព្រៃឲ្យទៅជាវាលសម្រាប់ដាំកៅស៊ូអស់ ១ម៉ឺនហិកតារទៅហើយ ជាឧបសគ្គចម្បងដល់ការប្រកបរបរចិញ្ចឹមជីវិតជនជាតិដើមភាគតិចអាស្រ័យផលព្រៃឈើ។
អនុក្រឹត្យរាជរដ្ឋាភិបាលស្ដីពីសម្បទានសេដ្ឋកិច្ច និងលក្ខខណ្ឌទូទៅសម្រាប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចមាត្រា៤ ចំណុចទី៥ ចែងថា ការផ្តល់សម្បទានសេដ្ឋកិច្ចអាចត្រូវផ្ដល់ចំពោះតែដីដែលមានលក្ខណៈវិនិច្ឆ័យដូចជា ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញាធរដែនដី និងពលរដ្ឋដែលនៅតំបន់នោះ។
ទោះជាយ៉ាងនេះក្តី សហគមន៍អះអាងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ច្រើនតែមិនពិគ្រោះយោបល់ជាមួយពលរដ្ឋនៅតំបន់នោះឡើយ ដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិធ្ងន់ធ្ងរ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង កត់សម្គាល់ថា រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគនៅតំបន់នោះ គឺជាប្រភេទដីព្រៃ សម្បូរដោយធនធានធម្មជាតិ។ តួយ៉ាងក្រុមហ៊ុន អានម៉ារ៉ាឌី ទទួលបានសិទ្ធិវិនិយោគនៅឃុំក្បាលរមាស បានកាប់ឈើប្រណិតអស់ រួចវិនិយោគបន្តឲ្យក្រុមហ៊ុន ស៊ីវ ហ្គិច។ សហគមន៍ចាត់ទុកថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាប្រភពចម្បងនៃការបាត់បង់ធនធានធម្មជាតិ។
មេឃុំក្បាលរមាស លោក វឿន សម្បត្តិ យល់ឃើញថា សហគមន៍ឃាត់គ្រឿងចក្រ គឺជាការបារម្ភខ្លាចបាត់បង់ព្រៃឈើ បើការឃាត់នោះគ្រាន់តែការស្វែងរកដំណោះស្រាយដោយសន្តិវិធី ជាការល្អ។ លោកថា សហគមន៍អាចមានការច្រឡំចំពោះសកម្មភាពក្រុមហ៊ុន ថាត្រៀមឈូសឆាយដីសហគមន៍ តែក្រុមហ៊ុនឈូសឆាយដីព្រំដីវិនិយោគនោះទេ៖ «គេឈូសទៅបើពលរដ្ឋទៅតវ៉ា គេដកគ្រឿងចក្រថយ យើងទៅធ្វើគេម៉េចកើត»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា អាជ្ញាធរខេត្ត និងតំណាងក្រុមហ៊ុន ត្រូវកំណត់ទីតាំងព្រំដីវិនិយោគជាក់លាក់ ដែលចូលរួមដឹងឮពីតំណាងសហគមន៍ត្រឹមណាឲ្យប្រាកដ។ លោកថា ការកំណត់ទីតាំងឈូសឆាយព្រំដីវិនិយោគរបស់ក្រុមហ៊ុន អាចមានភាពមិនប្រក្រតី បើអាជ្ញាធរ និងមន្ត្រីជំនាញ រួមទាំងសហគមន៍មិនបានចុះត្រួតពិនិត្យនោះទេ៖ «ចង់ឲ្យអាជ្ញាធរខេត្ត ឬមួយក៏សហគមន៍ហ្នឹង ធ្វើការសម្របសម្រួលណាមួយ។ ដីសហគមន៍ហ្នឹងឬមួយដីក្រុមហ៊ុនហ្នឹង ឲ្យវាច្បាស់លាស់មួយ»។
ប្រធានសហគមន៍អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ីវ ហ្គិច វិនិយោគដាំដំណាំឧស្សាហកម្មកៅស៊ូ ទទួលសិទ្ធិវិនិយោគបន្តពីក្រុមហ៊ុន អាន ម៉ារ៉ាឌី កាលពីឆ្នាំ២០១០ លើផ្ទៃដីចំនួន ១ម៉ឺនហិកតារក្នុងរយៈពេល ៩០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។