សហគមន៍​ព្នង​នៅ​មណ្ឌលគិរី​មិន​ទទួល​យក​ដំណោះស្រាយ​ដីធ្លី​នឹង​ក្រុមហ៊ុន​មេហ្គា​ហ្វើស

0:00 / 0:00

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ទទួល​យក​ការ​សម្រប​សម្រួល​កាត់​ដី​ដែល​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​មេហ្គា​ហ្វើស (Mega First Corporation Berhad) តាម​រយៈ​យន្តការ​របស់​អាជ្ញាធរ​ស្រុក​ឡើយ។

ចំណែក​មន្ត្រី​អាជ្ញាធរ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​យោគយល់​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។

ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​បាន​លទ្ធផល​ល្អ​ទេ ដោយសារ​តែ​អ្នក​ភូមិ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​លុប​ចោល​អាជ្ញាប័ណ្ណ​ផ្តល់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​មេហ្គា​ហ្វើស ដើម្បី​រក្សា​តំបន់​នោះ​ទុក​អភិរក្ស​សម្រាប់​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាត់​វិធានការ​ដោះស្រាយ​ញត្តិ​តវ៉ា​របស់​ពលរដ្ឋ​ភ្លាមៗ បន្ទាប់​ពី​អ្នក​ភូមិ​ដង្ហែ​ញត្តិ​ជាក់​ជូន​អាជ្ញាធរ​ខេត្ត កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា។ អាជ្ញាធរ​ស្រុក​អូររាំង និង​អាជ្ញាធរ​ឃុំ​ដាក់ដាំ បាន​អញ្ជើញ​តំណាង​អ្នក​ភូមិ​ប្រមាណ ៤០​នាក់​មក​ពី​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ប៊ូស្រា និង​បី​ភូមិ​ក្នុង​ឃុំ​ដាក់ដាំ មក​ប្រជុំ​គ្នា​នៅ​ភូមិ​ពូលេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា។

ក្នុង​កិច្ច​ជួប​ប្រជុំ​គ្នា​នេះ តំណាង​សហគមន៍ លោក ទឺយ ធិ អះអាង​ថា អាជ្ញាធរ​បាន​សម្រប​សម្រួល​ឲ្យ​តំណាង​ចាស់​ទុំ​សហគមន៍ ចង្អុល​បង្ហាញ​ទីតាំង​មាន​ផល​ប៉ះពាល់ ដើម្បី​កាត់​ចេញ​ពី​ដី​សម្បទាន ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់ស្រប​ទៅ​នឹង​យន្តការ​ដោះស្រាយ​បែប​នេះ​ឡើយ។ ចាស់​ទុំ និង​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ លុប​ចោល​អាជ្ញាប័ណ្ណ​ផ្តល់​ដី​នៅ​តំបន់​នោះ ប្រយោជន៍​រក្សា​ទុក​ព្រៃ​ឈើ ប្រភព​ទឹក និង​តំបន់​វប្បធម៌​អ្នក​ភូមិ​អភិរក្ស​ទុក​ជា​ប្រយោជន៍​ផ្នែក​បរិស្ថាន និង​ដើម្បី​រក្សា​វប្បធម៌​ប្រពៃណី និង​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​រស់​អាស្រ័យ​ផល​អនុផល​ព្រៃ​ឈើ​នៅ​តំបន់​នោះ៖ «អភិបាល​ស្រុក​គេ​មក​ពិភាក្សា​ព្រឹក​ហ្នឹង ទាំងអស់​គ្នា​និយាយ ចាស់ៗ​ទាំងអស់​និយាយ​ខ្លាំងៗ​ដែរ។ ប្រជាពលរដ្ឋ​មិន​ឲ្យ​ទេ​តំបន់​ហ្នឹង ឲ្យ​តែ​ជាប់​ភូមិ​ទាំង​ប៉ុន្មាន​ត្រង់​ហ្នឹង​មាន​ខ្មោច​ផង មាន​ព្រៃ​ត្រណម​ផង គេ​សែន​ព្រេន ការ​កូន​ចៅ កន្លែង​ហ្នឹង​គេ​អត់​ឲ្យ​ទេ»

ក្រសួង​បរិស្ថាន បាន​ផ្តល់​ដី​ជាង ៩​ពាន់​ហិកតារ​ពី​តំបន់​កង់រឡង់ ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀ រហូត​ទៅ​ទល់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ទៅ​ឲ្យ​ក្រុមហ៊ុន​មេហ្គា​ហ្វើស វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម ក៏ប៉ុន្តែ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​តំបន់​នោះ​អះអាង​ថា តំបន់​នោះ គឺ​ជា​អតីត​ភូមិ​ចាស់​បុរាណ​របស់​ពួក​គាត់​មាន​ប្រមាណ ១០​ភូមិ ដែល​បន្សល់​នូវ​ផ្នូរ​សព​ដូនតា ដំណាំ​ហូប​ផ្លែ និង​ដើម​រកា និមិត្តរូប​ប្រពៃណី​រៀបការ​ជនជាតិ​ដើម​ភាគ​តិច តំបន់​សែន​ព្រេន និង​ជាពិសេស តំបន់​នោះ​ជា​តំបន់​ព្រៃ​ស្រោង ជម្រក​សត្វ​ព្រៃ និង​មាន​អូរ​ធម្មជាតិ​ចំនួន​ពីរ ជា​ប្រភព​ទឹក​សំខាន់​សម្រាប់​ពលរដ្ឋ​ជនជាតិ​ដើម​ប្រើប្រាស់​ជាច្រើន​ភូមិ។

ទាក់ទិន​ករណី​នេះ មេ​ឃុំ​ដាក់ដាំ លោក សម វណ្ណី សម្ដែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​ការ​ជួប​ប្រជុំ​គ្នា​នេះ ពីព្រោះ​លោក​ថា មិន​ចេះ​ដោះស្រាយ​បញ្ហា​ជាមួយ​សហគមន៍​នោះ​ឡើយ៖ «អា​ហ្នឹង​រដ្ឋ​ជាមួយ​សហគមន៍ ខ្ញុំ​មិន​ចេះ​ឆ្លើយ​ទេ សុំ​ប៉ុណ្ណឹង»

ចំណែក​អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី ចាត់​ទុក​ការ​បដិសេធ​ដំណោះស្រាយ​សម្រប​សម្រួល​របស់​អាជ្ញាធរ ថា​ជា​ជំហាន​ដំបូង​ដែល​សហគមន៍​មិន​ទាន់​បាន​យល់​ដឹង​ស៊ី​ជម្រៅ​ពី​ផែនការ​អភិវឌ្ឍន៍ និង​លក្ខណៈ​បច្ចេកទេស​ដែល​រាជ​រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ឲ្យ​ក្រុមហ៊ុន។ លោក​ថ្លែង​ថា នឹង​ព្យាយាម​បន្ត​ជជែក​ជាមួយ​ចាស់​ទុំ​តំណាង​សហគមន៍ ផ្ដោត​ទៅ​លើ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បង្កើន​ការ​យល់យោគ​រវាង​ការ​អភិរក្ស​របស់​សហគមន៍ និង​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល៖ «គាត់​បាន​លើក​ឡើង​អ៊ីចឹង ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង ខ្ញុំ​ឲ្យ​គាត់​ពិចារណា និង​ជជែក​គ្នា។ ខ្ញុំ​នឹង​ព្យាយាម​ជួប​គាត់ ដើម្បី​ជជែក​គ្នា​ក្នុង​លក្ខណៈ​គ្រួសារ ក្នុង​នាម​ជា​អាជ្ញាធរ​ជាមួយ​ពលរដ្ឋ​ឲ្យ​មាន​ការ​ជិតដិត​គ្នា ហើយ​យោគយល់​គ្នា ដើម្បី​រក្សា​ផល​ប្រយោជន៍​ជូន​គាត់ រក្សា​ផល​ប្រយោជន៍​ជូន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដែល​គាត់​បាន​ចំណាយ​ទុន»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា នេះ​ជា​លើក​ដំបូង​ដែល​អាជ្ញាធរ​មូលដ្ឋាន​ឈរ​លើ​ដំណោះស្រាយ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​សហគមន៍ ស្ដីពី​ផល​ប៉ះពាល់​ទាក់ទិន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​ថា មិន​ទាន់​ហួស​ពេល​ទេ ព្រោះ​ក្រុមហ៊ុន​ទើប​ដំណើរ​ការ​ឈូស​ឆាយ។ ហេតុ​នេះ អាជ្ញាធរ​ត្រូវ​សុំ​គោលការណ៍​ផ្អាក​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ជា​បណ្ដោះអាសន្ន ហើយ​បន្ត​ពិភាក្សា​ជាមួយ​សហគមន៍​ដោយ​តម្លាភាព និង​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។