ជម្លោះ​ផ្ទៃក្នុង​របស់​អ្នក​ភូមិ​បឹងកក់

ខណៈ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បឹងកក់ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ក្រុម​អ្នក​បឹងកក់ បែរ​ជា​បែង​ចែក​ជា​ពីរ​បក្ខពួក​ប្រឆាំង​គ្នា​ទៅ​វិញ។ តើ​រឿងរ៉ាវ​ដ៏​ស្មុគស្មាញ​នេះ មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា​ទៅ? តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ជម្លោះ​ផ្ទៃ​ក្នុង​នេះ?

0:00 / 0:00

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដំណើរ​វិវឌ្ឍន៍​ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់ ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) បាន​បង្កើត​ជា​មន្ទិល​សង្ស័យ​ជាច្រើន​ដល់​សាធារណជន។ អ្នក​រងគ្រោះ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​បឹងកក់ បែរ​ជា​បែក​ខ្នែង​ជា​ពីរ​ក្រុម​ប្រឆាំង​គ្នា ខណៈ​ដែល​ដំណើរ​ការ​ស្វែង​រក​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ កំពុង​ជាប់​គាំង​រក​ច្រក​ចេញ​មិន​រួច។

ករណី​នេះ​បាន​ឈាន​ដល់​ការ​បែក​បាក់​សាមគ្គីភាព​រវាង​អ្នក​ភូមិ​បឹងកក់ ទាំង​នោះ ដោយ​ពួក​គេ​បាន​បែក​ចែក​ជា​ពីរ​ក្រុម។ ក្រុម​មួយ​ដឹកនាំ​ដោយ​អ្នកស្រី ទេព វន្នី ស្ត្រី​ឆ្នើម​ជ័យ​លាភី​ពាន​រង្វាន់​ស្ត្រី​ជា​មេ​ដឹកនាំ​ពិភពលោក នៃ​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices) និង​មួយ​ក្រុម​ទៀត​ប្រឆាំង​នឹង​អ្នកស្រី ទេព វន្នី ហើយ​កំពុង​អំពាវនាវ​ឲ្យ​សប្បុរសជន​បរទេស និង​អង្គការ​នានា បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ក្រុម​អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​ក្រុម​អ្នកស្រី លី មុំ ចោទ​ប្រកាន់​ថា ការ​ដែល​អ្នកស្រី​ក្រាញននៀល​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​នេះ គឺ​ដើម្បី​បាន​ថវិកា​ជំនួយ​ពី​សប្បុរសជន​នៅ​បរទេស និង​អង្គការ​នានា មក​បម្រើ​ផល​ប្រយោជន៍​របស់​បក្ខពួក​អ្នកស្រី ដោយ​មិន​បាន​ប្រើប្រាស់​ជំនួយ​ទាំងអស់​នោះ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ជន​រងគ្រោះ​ពិត​ប្រាកដ​នោះ​ទេ។ រីឯ​អ្នកស្រី ទេព វន្នី ប្រកែក​ថា ថវិកា​ដែល​ទទួល​បាន​ពី​សំណាក់​សប្បុរស​ជន​ទាំងអស់ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម​របស់​សហគមន៍។

អ្នកស្រី ទេព វន្នី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក លើក​ទី១ ដើម្បី​ទទួល​ពាន​រង្វាន់​ស្ត្រី​ជា​មេ​ដឹកនាំ​ពិភពលោក​នៃ​អង្គការ វ៉ាយថល វ៉យស៍ អ្នកស្រី​មិន​បាន​ទទួល​ជំនួយ​ជា​ថវិកា​អ្វី​ក្រៅ​ពី​ពាន​រង្វាន់​នោះ​ទេ។ ប៉ុន្តែ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី២​របស់​អ្នកស្រី តប​តាម​ការ​អញ្ជើញ​របស់​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ មិថុនា អ្នកស្រី​ពិត​ជា​បាន​ទទួល​ជំនួយ​សប្បុរស​ធម៌​ពិត​មែន តែ​អ្នកស្រី​អះអាង​ថា ថវិកា​ទាំង​នោះ​ត្រូវ​បាន​បែង​ចែក​សម្រាប់​សហគមន៍៖ «ខ្ញុំ​មាន​ក្រដាស​ដែល​គាត់​សរសេរ​មក​ពី​សហរដ្ឋ​អាមេរិក ហ្នឹង សរសេរ​ថា បាន​ទឹក​ប្រាក់​ប៉ុន្មាន​អី​ប៉ុន្មាន។ ហើយ​ឲ្យ​ទៅ​បុរីកីឡា ប៉ុន្មាន ហើយ​ជួយ​ដល់​អ្នកស្រី យ៉ោម បុប្ផា ប៉ុន្មាន ជួយ​ដល់​លោក​យាយ ញ៉ែត ខុន ប៉ុន្មាន​អ៊ីចឹង​ហ្អា៎។ អ្នកស្រី យ៉ោម បុប្ផា បាន ១៥០ លោក​យាយ ញ៉ែត ខុន បាន ៥០ ហើយ​បុរីកីឡា បាន ៧០០ ហើយ​សហគមន៍​បឹងកក់ បាន ៤.១៨៨​ដុល្លារ»

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​បាន​រួម​ដំណើរ​ជាមួយ​អ្នកស្រី ទេព វន្នី ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​លើក​ទី១ បាន​បញ្ជាក់​ថា អ្នកស្រី​មិន​ទទួល​បាន​ថវិកា​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ក្រៅ​ពី​ពាន​រង្វាន់។ រីឯ​ការ​ចាត់​ចែង​ថវិកា​ផ្សេង​ទៀត​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​នានា ត្រូវ​បាន​អ្នកស្រី​ចាត់​បញ្ចូល​ជា​ថវិកា​រួម​របស់​សហគមន៍៖ «ចំណែក​ណា​ដែល​គេ​ប្រគល់​មក​សហគមន៍ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នកស្រី ទេព វន្នី គាត់​តែង​តែ​បង្វិល​ចូល​ទៅ​ក្នុង​សហគមន៍​របស់​គាត់​នោះ​ណា៎ ដោយសារ​គាត់​មាន​គណនេយ្យ​អី​របស់​គាត់​អី​ហ្នឹង។ តែ​បើ​តាម​ធនាគារ ដូចជា​មិន​មែន​ទេ ហើយ​គាត់​មាន​អ្នក​កាន់​លុយ​មាន​អី​ត្រឹមត្រូវ គឺ​អ្នកស្រី ខែក ចាន់រស្មី»

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី លី មុំ ថា​អ្នកស្រី ទេព វន្នី មិន​បាន​យក​ថវិកា​នោះ​មក​ជួយ​ជន​រងគ្រោះ​ពិត​ប្រាកដ​នោះ​ទេ៖ «គាត់​ពុក​រលួយ គាត់​យក​បាន​លុយ​ហើយ គាត់​យក​ទៅ​ទិញ​អាត្រាក់ គាត់​យក​លុយ​ដាក់​នៅ​ធនាគារ ហើយ​គាត់​យក​ទៅ​ទិញ​ឡាន​បម្រើ​ផល​ប្រ​យោជន៍​ក្រុម​ពួក​គាត់ ហើយ​គាត់​ជប់​លៀង​សប្បាយ​ហ៊ឺហា​នៅ​ក្នុង​ផ្ទះ ព្រោះ​ផ្ទះ​ខ្ញុំ និង​ផ្ទះ​គាត់​គឺ​នៅ​ជិត​គ្នា»

អ្នកស្រី ទេព វន្នី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី លី មុំ ដោយ​មាន​ប្រសាសន៍​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ជា​ទ្រព្យ​ដែល​គ្រួសារ​អ្នកស្រី​រក​បាន និង​មួយ​ចំនួន​ជា​ទ្រព្យ​ដែល​ម្តាយ​ឪពុក​ក្មេក​អ្នកស្រី​ចែក​ឲ្យ៖ «ផ្ទះ​ខ្ញុំ​ដែល​បើក​សហគមន៍​ហ្នឹង គឺ​ជា​កន្លែង​ដែល​ខ្ញុំ​លក់​ដូរ​ឥវ៉ាន់​យ៉ាង​ណែន។ ហើយ​ផ្ទះ​ខ្ញុំ គឺ​ជា​សិប្បកម្ម​ធ្វើ​ស៊ុម​បោះ​ដុំ ជា​សិប្បកម្ម​របស់​គ្រួសារ​ខ្ញុំ​ផ្ទាល់។ អ៊ីចឹង ជីវភាព​ខ្ញុំ​អត់​ដែល​ពិបាក​ដូច​ឥឡូវ​ទេ។ ខ្ញុំ​ទើប​តែ​ពិបាក​ឥឡូវ​ទេ។ ហើយ​អា​ត្រាក់ទ័រ​ហ្នឹង បង​ប្អូន​ទាំងអស់​នៅ​សហគមន៍​បឹងកក់ ជួយ​ធ្វើ​ជា​សាក្សី ព្រោះ​អា​ត្រាក់ទ័រ​ហ្នឹង គឺ​ឪពុក​ម្តាយ​ក្មេក​ខ្ញុំ គាត់​ទិញ​តាំង​ពី​ខ្ញុំ​មិន​ដែល​ស្គាល់​អាមេរិក»

តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី លី មុំ ដើម​ឡើយ​នៅ​ពេល​ផ្ទុះ​បញ្ហា​ដីធ្លី​ក្នុង​ឆ្នាំ​២០០៧ គាត់​ជា​បុគ្គល​មុន​ដំបូង និង​លេចធ្លោ​ជាង​គេ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ទាមទារ​ឲ្យ​សាលា​រាជធានី​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ជាក់ស្តែង ហើយ​អ្នកស្រី​ទទួល​បាន​ប្លង់​នោះ​នៅ​ឆ្នាំ​២០១១។ អ្នកស្រី លី មុំ ត្រូវ​បាន​អ្នក​ភូមិ​បោះឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​ប្រធាន​សហគមន៍ តាំង​ពី​មុន​ពេល​អ្នកស្រី​ទទួល​បាន​ប្លង់​ម្ល៉េះ។ អ្នកស្រី​បាន​ចោទ​ប្រកាន់​អ្នកស្រី ទេព វន្នី ថា​អ្នក​ភូមិ​ដែល​តែង​តែ​ចេញ​ទៅ​ធ្វើ​ការ​តវ៉ា​ម្តងៗ ត្រូវ​បាន​អ្នកស្រី ទេព វន្នី ជួល​ឲ្យ​ចេញ​ទៅ​ធ្វើ​សកម្មភាព៖ «គាត់​យក​ប្រជាជន ជួល​ឲ្យ​ប្រជាជន​ម្នាក់​មួយ​គ្រួសារ ២​ម៉ឺន ទៅ ១០​ដុលា្លរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នកស្រី គង់ ចន្ថា ដែល​កន្លង​មក​តែង​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​សម​ហេតុផល​ទេ៖ «កុំ​មើល​ងាយ​គេ ផ្ទះ​សម្បែង​របស់​គេ​ជា​អាយុ​ជីវិត​របស់​គេ ដី​គេ​ផ្ទះ​គេ ជា​អាយុ​ជីវិត​ធំ​ជាង​លុយ​ណាស់។ អត់​មាន​យក​លុយ​ហ្នឹង​មក​ទិញ​អាយុ​ជីវិត​របស់​គេ​បាន​ទេ។ ដូចជា​ខ្ញុំ ខ្ញុំ​ប្រឈម​មុខ​រាល់​ថ្ងៃ​ជាមួយ​អាជ្ញាធរ។ ខ្ញុំ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ អត់​មាន​ធ្វើ​ដើម្បី​លុយ​បន្តិច​បន្តួច​ហ្នឹង​ទេ។ កុំ​មើល​ងាយ​ពួក​ខ្ញុំ»

ចំណែក​អ្នកស្រី ទេព វន្នី វិញ បាន​ចូលរួម​តវ៉ា​នៅ​ក្នុង​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ថ្វី​បើ​អ្នកស្រី​ទទួល​បាន​ប្លង់​រួច​ហើយ​ក៏ដោយ ក៏​អ្នកស្រី​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​សាលា​រាជធានី គោរព​តាម​អនុក្រឹត្យ​លេខ​១៨៣ របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១១ ដែល​សម្រេច​កាត់​ដី​ទំហំ ១២.៤៤​ហិកតារ ប្រគល់​ឲ្យ​អ្នក​ភូមិ​សេសសល់​ដែល​ពុំ​ព្រម​ចាក​ចេញ ដើម្បី​ឲ្យ​ពួក​គាត់​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​មាន​អ្នក​តវ៉ា​មួយ​ចំនួន​ទៀត រួម​មាន លោក ដួង គា និង​អ្នកស្រី ហេង មុំ ដែល​ធ្លាប់​តែ​សហការ​ជាមួយ​ក្រុម​អ្នកស្រី ទេព វន្នី ពេល​នេះ​បែរ​ជា​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុម​អ្នកស្រី ទេព វន្នី ហើយ​តែង​តវ៉ា​ប្រឆាំង​អ្នកស្រី​ឲ្យ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ទៅ​វិញ។ កាល​ពី​ពេល​លោក ដួង គា នៅ​ក្នុង​ក្រុម​ដឹកនាំ​ដោយ​អ្នកស្រី ទេព វន្នី លោក​ធ្លាប់​បាន​ពោល​កោត​សរសើរ​ពី​វីរភាព​របស់​អ្នកស្រី៖ «ខ្ញុំ​គិត​ថា ស្ត្រី​ខ្មែរ​យើង​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ដូចជា​អ្នកស្រី ទេព វន្នី អ៊ីចឹង។ គាត់​ប្រឈម​មុខ​នឹង​ការ​ចាប់​ចង ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន ប្រឈម​មុខ​នឹង​ការ​បាត់បង់​នូវ​ជីវភាព ប្រឈម​នឹង​ការ​បាត់បង់​ម្តាយ​កូន​ប្ដី ជីវភាព​របស់​គាត់ ដោយសារ​តែ​គាត់​មាន​ភាព​ស្មោះត្រង់»

ប៉ុន្តែ​ពេល​នេះ លោក ដួង គា អះអាង​ថា អ្នកស្រី ទេព វន្នី ជា​បុគ្គល​ពុក​រលួយ​ប្រកាន់​បក្ខពួក ហើយ​លោក​ត្រូវ​បាន​អ្នកស្រី ទេព វន្នី បោកប្រាស់​ឲ្យ​ទៅ​ចូលរួម​បាតុកម្ម​អស់​រយៈពេល ៥​ឆ្នាំ ដោយ​ពុំ​ឃើញ​មាន​លទ្ធផល​ទាល់​តែ​សោះ៖ «ការ​ដែល​ក្រុម​ពួក ទេព វន្នី ធ្វើ​បាតុកម្ម​នេះ ជា​រឿង​មួយ​ដែល​ធ្វើ​ជា​ពាណិជ្ជកម្ម ធ្វើ​ជា​ជំនួញ ដើម្បី​បាន​សិទ្ធិ​ទៅ​រស់នៅ​ក្រៅ​ប្រទេស ដើម្បី​យក​លុយ​មក​ដាក់​ហោប៉ៅ ចំណែក​ឯ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិត​ប្រាកដ គឺ​អត់​បាន​អី​ទាំងអស់»

គេ​នៅ​មិន​ទាន់​ដឹង​ថា ក្រុម​ថ្មី​ដែល​ប្រឆាំង​អ្នកស្រី ទេព វន្នី នេះ មាន​អ្នក​ណា​នៅ​ពី​ក្រោយ​នៅ​ឡើយ។ បើ​តាម​ការ​អង្កេត​កន្លង​មក សាធារណជន​ទាំង​ឡាយ​មិនធ្លាប់​បាន​ឃើញ​ស្ថានីយ​ទូរទស្សន៍​ណា​ចាក់​ផ្សាយ​ពី​សកម្មភាព​តវ៉ា​របស់​ក្រុម​អ្នកស្រី ទេព វន្នី នោះ​ទេ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ស្រាប់​តែ​គេ​ឃើញ​មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ជាច្រើន ដែល​គេ​ដឹង​ជា​ទូទៅ​ថា មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច បាន​ចាក់​ផ្សាយ​យ៉ាង​ផុលផុស​នូវ​សន្និសីទ​សារព័ត៌មាន​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ដឹកនាំ​ដោយ​អ្នកស្រី លី មុំ។

អ្នកស្រី ហេង មុំ ហាក់​ដូច​ជា​មាន​ទំនោរ​ទៅ​រក​បក្ស​កាន់​អំណាច ដោយ​ហេតុ​ថា អ្នកស្រី​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ៖ «ខ្ញុំ​យល់​ថា ចំពោះ​រដ្ឋាភិបាល​សព្វថ្ងៃ ទោះ​បី​គាត់​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ជម្រើស​ដល់​ពួក​ខ្ញុំ​យ៉ាង​ណា​ក៏ដោយ ក៏​ពួក​គាត់​ជា​រដ្ឋាភិបាល​ម្នាក់​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​ក្រោយ​បាន​ថ្កុំថ្កើង​រុងរឿង»

ទោះ​បី​យ៉ាង​នេះ​ក្តី អ្នកស្រី ហេង មុំ បាន​អះអាង​ថា សាលា​រាជធានី​មិន​នៅ​ពី​ក្រោយ​ការ​បំបែក​ខ្លួន​ចេញ​ពី​ក្រុម​អ្នកស្រី ទេព វន្នី នោះ​ឡើយ ហើយ​អ្នកស្រី​ឈឺ​ចាប់​ដែល​គេ​ចោទ​ប្រកាន់​ថា គាត់​លក់​ខ្លួន​ឲ្យ​សាលា​រាជធានី៖ «បើ​សិន​ជា​ខ្ញុំ​បាន​លក់​ខ្លួន ឬ​បាន​ទទួល​លុយ​ពី​អាជ្ញាធរ​ណា​ម្នាក់ ខ្ញុំ​អត់​ខ្លាច​ឲ្យ​គេ​ដើរ​បរិហារកេរ្តិ៍​ខ្ញុំ​ទេ តែ​ខ្ញុំ​អត់​បាន​ទទួល​សោះ។ ត្រង់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់ ខ្ញុំ​មាន​ការ​ផ្ទុះ​ឡើង​តវ៉ា​ប្រឆាំង​ដាច់​ខាត​ជាមួយ ទេព វន្នី»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ។

បន្ថែម​លើ​ការ​ចោទ​ប្រកាន់​អ្នកស្រី ទេព វន្នី នោះ អ្នកស្រី ហេង មុំ លោក ដួង គា និង​ក្រុម​របស់​លោក បាន​ចោទ​ប្រកាន់​កញ្ញា ឡុង គីមហៀង ដែល​ជា​មន្ត្រី​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ថា​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ក្នុង​សហគមន៍​បឹងកក់។

មន្ត្រី​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន កញ្ញា ឡុង គីមហៀង បាន​បដិសេធ​ថា កញ្ញា​មិន​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​កញ្ញា​យល់​ថា វា​ជា​រឿង​នយោបាយ៖ «ការ​ធ្វើ​សន្និសីទ​របស់​ពួក​គាត់​ហ្នឹង ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​ចាក់​ផ្សាយ​គ្រប់​ទូរទស្សន៍ វិទ្យុ​ទាំងអស់ នៅ​ក្នុង​ប្រទេស ហើយ​ដែល​យើង​បាន​ដឹង​ថា គ្រប់​ទូរទស្សន៍​ទាំងអស់​ហ្នឹង និង​វិទ្យុ​ហ្នឹង ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ហើយ​ឥឡូវ​នេះ យើង​មើល​ឃើញ​ទៀត​ថា ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​ពួក​គាត់​ហ្នឹង ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​មក​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ទៀត។ ដូច្នេះ ខ្ញុំ​ប្រាកដ​ថា វា​ជា​រឿង​នយោបាយ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​តែង​ចាត់​ទុក​ក្រុម​ទាំង​ពីរ​ជា​ជន​រងគ្រោះ​ដីធ្លី ថ្វី​បើ​ពួក​គេ​បែក​បាក់​គ្នា​ជា​បក្ខពួក​ក៏ដោយ។ លោក​មាន​មន្ទិល​ថា ហេតុ​អ្វី​បាន​ជា​កន្លង​មក​ស្ថានីយ​ទូរទស្សន៍​មិន​ធ្លាប់​ចាក់​ផ្សាយ​ពី​សកម្មភាព​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ ហើយ​បែរ​ជា​ផ្សាយ​ពី​សន្និសីទ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឆាំង​អ្នកស្រី ទេព វន្នី ទៅ​វិញ៖ «តាំង​ពី​រឿង​បឹងកក់ កើត​ឡើង​មក​ដល់​ពេល​នេះ មិន​ដែល​មាន​ការ​ចាក់​តាម​ទូរទស្សន៍​ទេ គ្រប់​ទូរទស្សន៍ ប៉ុន្តែ​ពេល​នេះ នៅ​ពេល​មាន​សន្និសីទ​កាសែត​នេះ​កើត​ឡើង ស្រាប់​តែ​ស្ទើរ​តែ​គ្រប់​ទូរទស្សន៍​ចាក់​នូវ​សន្និសីទ​កាសែត​ទាំងអស់​នេះ»

លោក អំ សំអាត បាន​បន្ថែម​ថា ទង្វើ​បែប​នេះ​ជា​វិធីសាស្ត្រ​របស់​អ្នក​នយោបាយ​ដែល​ចង់​បំបែក​កម្លាំង​តវ៉ា​របស់​សហគមន៍​បឹងកក់៖ «ខ្ញុំ​គិត​ថា ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង អ្នកស្រី ទេព វន្នី គាត់​ចូលរួម​ធ្វើ​បាតុកម្ម​ខ្លាំងក្លា​ពេក​ក្នុង​រដូវ​ឃោសនា​ហ្នឹង អ៊ីចឹង​ដើម្បី​ចង់​បន្សាប​ចំណាប់​អារម្មណ៍​ពី​មតិ​ប្រជាពលរដ្ឋ ឬ​សាធារណៈ អ៊ីចឹង​បាន​ជា​គាត់​យក​វិធីសាស្ត្រ គេ​ហៅ​ថា​យក​បន្លា​ឈូស​បន្លា​អា​ហ្នឹង»

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​បឹងកក់ រួបរួម​គ្នា​ឲ្យ​បាន​ខ្លាំងក្លា ទើប​អាច​ចៀស​ផុត​ពី​ការ​កេង​ចំណេញ​ពី​សំណាក់​អ្នក​នយោបាយ និង​ជន​ឱកាស​និយម​មួយ​ចំនួន ដែល​ប៉ុនប៉ង​បង្ក្រាប​សំឡេង​តវ៉ា​របស់​សហគមន៍​បឹងកក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។