ក្រុមហ៊ុន​ដូវទឺសៃហ្គន​ឈូស​ឆាយ​ដី​ព្រៃ​ការពារ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង

0:00 / 0:00

ក្រុមហ៊ុន​មួយ​បាន​យក​កម្លាំង​ប៉ូលិស និង​ក្រុម​សន្តិសុខ​របស់​ខ្លួន ចូល​ឈូស​ឆាយ​ដី​ព្រៃ​ការពារ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ខេត្ត​ក្រចេះ។ ពលរដ្ឋ​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​នេះ ស្មើនឹង​សម្លាប់​ពួកគេ ហើយ​ពេលនេះ​ពលរដ្ឋ​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល និង​ស្ថាប័ន​រដ្ឋ។

ត្រាក់ទ័រ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​ដូវទឺសៃហ្គន ឈូស​ឆាយ​លើ​ដី​ព្រៃ​ការពារ​ជនជាតិ​ដើម​ភាគតិច​ព្នង បើ​ទោះ​ជា​មានការ​តវ៉ា​ពី​ក្រុម​ប្រជាពលរដ្ឋ មិន​ឲ្យ​ឈូស​ឆាយ​ក្ដី។ ក្រុម​សន្តិសុខ​ចំនួន​១០​នាក់​របស់​ក្រុមហ៊ុន​ទទួល​បាន​កិច្ចការពារ​ពី​កម្លាំង​ប៉ូលិស បាន​យក​ត្រាក់ទ័រ​ពីរ​គ្រឿង មក​ឈួស​ឆាយ​ដី​នោះ បាន​ពីរ​ថ្ងៃ​មក​ហើយ គិតដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ផ្អែរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា កម្លាំង​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​នេះ មិន​ស្ដាប់​ការ​ទាមទារ​របស់​ពល​រដ្ឋ​ស្នើ​ឲ្យ​បញ្ឈប់​ឡើយ។ លោក​ថា ការ​រស់​នី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ប្រចាំថ្ងៃ​គឺ​ត្រូវ​ការ​ព្រៃឈើ​ជា​ចាំបាច់ ព្រោះ​អ្នកភូមិ​គ្មាន​អ្វី​ទីពឹង​ក្រៅពី​ព្រៃឈើ​ទេ៖ «អំពាវនាវ​សុំ​ឲ្យ​ជួយ​ផង ! អ្នកណា​អាច​ជួយ​បាន​ជួយ​ផង បើ​អស់​ព្រៃ​គឺ​អ្វី​អស់​អ្វីៗ​ទាំងអស់»។

ក្រុមហ៊ុន​ដូវទឺសៃហ្គន មាន​បញ្ហា​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៤ ដែល​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​៩ពាន់​ហិកតារ (ប្រាំបួន​ពាន់​ហិកតារ)។ ពលរដ្ឋ​ចំនួន​១៧៩ បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ចំពោះ​ការ​ឈូស​ឆាយ​នេះ មក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ។

ទោះ​បែបនេះ​ក្ដី ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​ពលរដ្ឋ តំណាង​ក្រុមហ៊ុន​ដូវទឺសៃហ្គន លោក កែវ សុវណ្ណ ថ្លែង​ថា ក្រុមហ៊ុន​មិន​ទាន់​បាន​ឈូស​ឆាយ​នៅ​លើ​ដី​ព្រៃ​នេះ​ទេ ដោយ​គ្រាន់តែ​ជា​ការ​កំណត់​ព្រំ​ដី​ប៉ុណ្ណោះ​។ ចំពោះ​ករណី​ដែល​ថា មាន​កម្លាំង​ប៉ូលិស ចុះ​មក​ការពារ​គ្រឿងចក្រ តំណាង​ក្រុមហ៊ុន​រូប​នេះ ថា​ក្រុមហ៊ុន​លោក​មិន​ដឹង​ឡើយ នេះ​ជា​ចំណាត់​ការ​អាជ្ញាធរ​ស្រុក៖ «អត់​មានការ​ឈូស​ឆាយ​ទេ គឺ​មាន​តែ​កាយ​ព្រំ យើង​មិន​បាន​ធ្វើ​អី​លើ​ដី​គាត់​ទេ»។

បន្ទាប់ពី​មានការ​ចូល​ឈូស​ឆាយ​នេះ ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា មក​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ក្រចេះ ប៉ុន្តែ​មិនបាន​ជួប​លោក​អភិបាល​ទេ ព្រោះ​ជា​ថ្ងៃ​សម្រាក។

យ៉ាង​ណា​ក៏​ដោយ អភិបាល​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ លោក សួន ញ៉ាក មាន​ប្រសាសន៍​ថា កម្លាំង​ប៉ូលិស​ដែល​ចុះ​អន្តរាគមន៍​នោះ គឺ​ខ្លាច​ក្រុម​ពលរដ្ឋ​ដុត​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដែល​ធ្វើ​សកម្មភាព​។ លោក​អភិបាលស្រុក​ថា កន្លងមក​អាជ្ញាធរ​ស្រុក បាន​ចុះ​ដោះស្រាយ​ចំនួន​០៩​ដង​មក​ហើយ។

លោក​បន្ត​ថា អាជ្ញាធរ​មិន​អាច​ផ្ដល់​ដី​ព្រៃ​ការពារ​បន្ថែម ដូច​ដែល​ពលរដ្ឋ​ទាមទារ​ឡើយ៖ «យើង​ខ្លាច​ពលរដ្ឋ​ទៅ​បំផ្លាញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន យើង​ភ័យ​ណាស់​ខ្លាច​មាន​អំពើ​ហិង្សា»។

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត ផ្ដល់​អាទិភាព​ជា​ចម្បង​ដល់​ជនជាតិ​ដើម​ភាគតិច ជាជាង​ការអភិវឌ្ឍន៍​ខ្វះ​ការ​អភិរក្ស។ អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក លោក ហេង ភារៈ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​គិតគូរ ជនជាតិ​ដើម​ភាគតិច​ទេ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ ប្រើ​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា។ លោក​ថា ការ​ឈូស​ឆាយ​នេះ នឹង​ធ្វើ​ឲ្យ​បាត់បង់​ទំនៀម​ទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច៖ «ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ខ្លាច​កើតមាន​អំពើ​ហិង្សា​ណាមួយ បើ​សិន​ដោះស្រាយ​បែប​នេះ»។

ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ដី​ព្រៃ​ការងារ​ពី​អាជ្ញាធរ​ស្រុក​ចំនួន​១ពាន់ ហិកតារ​បន្ថែម ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ផ្ដល់​ឲ្យ​បានតែ ៥៣០​ហិកតារ​ប៉ុណ្ណោះ។

ក្រុម​ជនជាតិ​ជន​ដើម​ភាគតិច​ព្នង​ដែល​មាន​បញ្ហា​ដីធ្លី លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ក្រចេះ​មិន​អាច​រក​ដំណោះស្រាយ​ជួន​ពួកគេ​បាន ពួក​គេ​នឹង​នាំគ្នា​មក​តវ៉ា​នៅ​ភ្នំពេញ រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។