ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​មាន​ទំនាស់

0:00 / 0:00

តំណាង​និង​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ដើម្បី​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ដែល​មាន​ទំនាស់​ជា​មួយ​ទាហាន​កង​កាំភ្លើង​ធំ​ប្រចាំ​ការ​នៅ​តំបន់​ស្លាត នៃ​ឃុំ​ក្រាំងស្គា តាំង​ពី​ចុង​ឆ្នាំ​២០១២ មក​នោះ។ ខាង​អាជ្ញាធរ​អះអាង​ថា ដី​ដែល​ពលរដ្ឋ​កំពុង​ទាមទារ​នោះ គឺ​ជា​ដី​ព្រៃ ប៉ុន្តែ​អាជ្ញាធរ​សន្យា​ថា នឹង​ចុះ​ពិនិត្យ​មើល​ជាក់​ស្ដែង​ប្រ​សិន​បើ​មាន​សំណើ​ពី​ប្រជា​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ជាង ៥០​នាក់ នៅ​ភូមិ​ដំណាក់អំពិល នៃ​ឃុំ​ក្រាំងស្គារ នាំ​គ្នា​ផ្ដិត​មេដៃ​ធ្វើ​ញត្តិ​ដាក់​ចូល​សាលា​ខេត្ត​កំពង់ឆ្នាំង និង​សមាគម ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទៅលើ​វិវាទ​ដីធ្លី​រវាង​កងទាហាន​កាំភ្លើង​ធំ និង​ពលរដ្ឋ​ចំនួន ៩៩​គ្រួសារ ដែល​មាន​ផ្ទៃដី​ទំនាស់​សរុប​ចំនួន ៥៦៧​ហិកតារ។

តំណាង​ប្រជាពលរដ្ឋ​លោក សុខ នួក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា នេះ​គឺ​ជា​លើក​ទី​១​ដែល​អ្នក​ភូមិ​រស់នៅ​ចំណុច ១០៤ នៃ​ភូមិ​ដំណាក់​អំពិល នាំ​គ្នា​ផ្ដិត​មេដៃ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ផ្លូវ​ការ​ទៅ​តាម​ស្ថាប័ន​នានា បន្ទាប់ពី​ក្រុម​ទាហាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចូល​ធ្វើ​ស្រែចម្ការ​តាំង​ពី​ចុង​ឆ្នាំ​២០១២ រហូត​មក​ដល់​បច្ចុប្បន្ន​​ ដោយ​អះអាង​ថា ដី​របស់​ពួកគាត់​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ។ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​សរុប​ចំនួន ៩៩​គ្រួសារ មាន​ពលរដ្ឋ​ចំនួន ៥៦​គ្រួសារ​ហើយ​ដែល​បាន​ផ្ដិត​មេដៃ និង​គ្រោង​បញ្ចប់​សកម្មភាព​ផ្ដិត​មេដៃ​នេះ​នៅ​មុន​ថ្ងៃ​ទី​១១ ខែ​មិថុនា។

លោក សុខ នួក៖ «ដី​ប្រជាពលរដ្ឋ​នៅ​លើ​ថ្នល់​ហ្នឹង​មាន​ដី​ស្រែ​មាន​ដី​ចម្ការ​តែ​ដល់​និស្សិត​ចុះ​វាស់​វា​មក​ពាក់ព័ន្ធ​ជាមួយ​ទាហាន ហើយ​ទាហាន​គេ​សុំ​ថា វាស់​ដី​ឲ្យ​ប្រជាពលរដ្ឋ​អា​ក្នុង​ប្លុក​ដែល​ប៉ះពាល់ ព្រោះ​ទាហាន​វា​ថា​មាន​ដី​ទាហាន​នៅ​ក្នុង​ហ្នឹង ដល់​ពេល​វាស់​ហើយ​កន្លែង​ណាៗ​ទៀត មាន​ចេញ​ប័ណ្ណ​អ៊ីចឹង​ទៅ ដល់​កន្លែង​អា​ចំណុច​ហ្នឹង​វា​អត់​ចេញ​ឲ្យ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មេបញ្ជាការ​កង​កាំភ្លើង​ធំ​លោក នួន វិចិត្រ និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង លោក កែវ សឿងសោភ័ណ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា។ ចំណែក​អភិបាល​រង​ទទួល​បន្ទុក​ក្នុង​រឿង​ដីធ្លី​នេះ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ដោក សុទ្ធា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​ដោយ​ប្រាប់​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​អាទិត្យ សម្រាក ម្យ៉ាង​អ្នកស្រី​មិន​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ​តែ​ម្ដង។

ទាក់ទង​បញ្ហា​នេះ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ថ្នាក់​ខេត្ត​នឹង​ចុះ​ពិនិត្យ​មើល​លើ​ទីតាំង​ប្រើប្រាស់​ដី​ជាក់​ស្ដែង ប្រសិន​បើ​មាន​សំណើ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​ថា កន្លង​មក​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ឃើញ​ថា ទីតាំង​​ដែល​កំពុង​មាន​បញ្ហា​នោះ គឺ​សុទ្ធតែ​ជា​ព្រៃ៖ «ចំណុច​១០៤ មាន​តែ​ក្បែរ​ថ្នល់​រទេះ​ភ្លើង​ហ្នឹង ប៉ុន្តែ​វា​មិន​មាន​អី​ដល់ ៤០០ ទៅ ៥០០​ហិកតារ​ទេ។ ខ្លាច​តែ​ទើប​នឹង​កាប់​ព្រៃ​ថ្មីៗ​ទេ​ដែល​គេ​មិន​ឲ្យ​នោះ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មើល​ឃើញ​ថា ទីតាំង​ដែល​កំពុង​មាន​ទំនាស់​នោះ​ពិត​ជា​មាន​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ខ្លះ​មែន ប៉ុន្តែ​មាន​អ្នក​ភូមិ​ចំនួន​បាន​ហួងហែង​កាន់​កាប់​ដី​ក្នុង​ទំហំ​​ធំៗ ដើម្បី​ទុក​ចែក​ទៅ​ដល់​កូន​ចៅ។

យ៉ាង​ណា​លោក​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​រដ្ឋាភិបាល​មិន​បាន​សិក្សា​លម្អិត​អំពី​ផល​ប៉ះពាល់​មុន​នឹង​ធ្វើ​សម្បទាន ឬ​កាត់​ដី​ទៅ​ឲ្យ​​យោធា​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​នោះ៖ «ដី​ដែល​អនុក្រឹត្យ​ប្រគល់​ឲ្យ​គេ​សម្រាប់​ដាក់​ទីតាំង​បាញ់​គ្រាប់​ផ្លោង​គេ​ហាម​ប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ទី​ហ្នឹង​ចូល​ទៅ​ធ្វើ​ស្រែ នោះ​វា​នឹង​ផ្ទុះ​ការ​ទាមទារ​កាន់​តែ​ខ្លាំង​ទៅ​២​ហើយ។ អ៊ីចឹង​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​ភាព​ជាក់​ស្ដែង ហើយ​មាន​តំបន់​ខ្លះ​នៅ​ក្នុង​ចំណោម​ដី​ដែល​បាន​ផ្ដល់​គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ»

ប្រជាពលរដ្ឋ​និង​តំណាង​សហគមន៍​អះអាង​ថា ដី​ស្រែចម្ការ​ដែល​អ្នក​ភូមិ​ធ្លាប់​កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៩៥ មក​នោះ ត្រូវ​បាន​កម្លាំង​ទាហាន​​គំរាមកំហែង និង​ដក​ហូត​យក​សម្ភារៈ​ធ្វើ​កសិកម្ម​របស់​ពួកគាត់​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក។ ក្រុម​ប្រជា​ពលរដ្ឋ​បារម្ភ​ថា ឆ្នាំ​នេះ​កង​ទាហាន​អាច​នឹង​រឹតត្បិត ឬ​គំរាម​កំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​ស្រែចម្ការ​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ដែល​រដូវ​វស្សា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។