អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងជំរុញឲ្យម្ចាស់ផ្ទះដែលមានផ្ទះលយចូលទៅក្នុងទន្លេផ្សារក្រោមជាង ២០០ខ្នង រុះរើទៅរស់នៅកន្លែងថ្មី ដើម្បីយកដីចំណីមាត់ទន្លេទៅអភិវឌ្ឍផ្លូវ និងសួនច្បារ។ ចំណែកពលរដ្ឋនៅអល់អែកក្នុងការចាកចេញ ដោយពួកគេអះអាងថា សំណើសុំសំណងរុះរើផ្ទះដែលពលរដ្ឋស្នើទៅអាជ្ញាធរខេត្តជាច្រើនលើកច្រើនសាហើយនោះ មិនទាន់មានចម្លើយវិជ្ជមានណាមួយនៅឡើយ។
អនុប្រធានភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ឲ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ថា ក្នុងចំណោមម្ចាស់ផ្ទះ ២១០ខ្នង មានតែ ៣០ខ្នងប៉ុណ្ណោះបានរុះរើផ្ទះចេញទៅកន្លែងថ្មី។ ចំណែកម្ចាស់ផ្ទះជាង ១០០ខ្នងទៀតនៅស្ទាក់ស្ទើរ ដោយចង់បានសំណងរុះរើផ្ទះបន្ថែមលើសំណងផ្ដល់ដីឡូត៍ទំហំ ៥ គុណនឹង ២០ម៉ែត្រនៅលើទីតាំងថ្មី។ ពលរដ្ឋមិនជំទាស់ការអភិវឌ្ឍអាជ្ញាធរឡើយ ប៉ុន្តែសុំឲ្យដោះស្រាយសមរម្យជាមុន។
អនុប្រធានភូមិចុងកោះ លោក យ៉ើ អ៊ីត បន្ថែមថា អ្នកភូមិខ្វល់ចិត្តរឿងពេលវេលារកស៊ី ការដឹកជញ្ជូនសម្ភារៈក្នុងផ្ទះ និងបញ្ហាឈើបាក់បែកពេលរុះរើផ្ទះទៅកន្លែងថ្មីទើបពលរដ្ឋសុំសំណងរុះរើ៖ «មិនមានការចម្រូងចម្រាសអីទេ គាត់គ្រាន់តែចាំមើល! គាត់ស្នើសុំនោះវាច្រើនដងហើយ វាអត់បាន។ ឥឡូវចាំមើលដល់ពេលរុះរើហ្នឹង គាត់នៅធ្វើការទាមទារ និងស្នើសុំម្ដងទៀត។ គាត់បារម្ភខ្លាចអត់បាន តែគាត់មិនដឹងធ្វើម៉េចដល់ពេលហ្នឹង ព្រោះគាត់អស់លទ្ធភាព»។
គម្រោងអភិវឌ្ឍន៍សួនច្បារ និងច្រាំងទន្លេផ្សារក្រោមមានរយៈពេល ៥ឆ្នាំ គឺគិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប៉ះពាល់ដល់ផ្ទះសម្បែង និងតូបលក់ដូរតាមមាត់ទន្លេជាច្រើន។ អាជ្ញាធរខេត្តបានសហការជាមួយក្រុមហ៊ុនវិនិយោគឯកជន ផ្ដល់ដីឡូត៍ ១ប្លង់ក្នុង ១គ្រួសារតែតម្រូវឲ្យបង់ថ្លៃចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចំនួន ១ពាន់ដុល្លារ ហើយអាចបង់រំលោះរយៈពេល ២ឆ្នាំ។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ច្រាំងទន្លេនេះ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា អាជ្ញាធរពុំមានលទ្ធភាពផ្ដល់សំណងរុះរើផ្ទះជូនពលរដ្ឋទៀតនោះទេ ព្រោះអាជ្ញាធរបានផ្ដល់ដីមួយប្លង់ក្នុងមួយខ្នងផ្ទះ ហើយអាជ្ញាធរត្រៀមកម្លាំងជួយដឹកជញ្ជូនគ្រឿងផ្ទះពលរដ្ឋទៀតផង។លោកនឹងជំរុញឲ្យពលរដ្ឋរុះរើចេញពីមាត់ទន្លេឲ្យអស់យ៉ាងយូរនៅដំណាច់ឆ្នាំ២០១៧ នេះ៖ «មកដល់ម៉ោងនេះភាគច្រើនហ្នឹង ៨០% ជាង គឺគាត់បានយកទៅតាមគោលការណ៍ដែលគាត់ព្រមព្រៀងយកដីធ្លីហ្នឹងហើយ។ សំណើដែលគាត់ដាក់មកឲ្យពួកខ្ញុំហ្នឹង ក៏ខ្ញុំបានពិនិត្យមើលហើយៗ អាហ្នឹងក្រុមការងារនឹងដោះ (ដោះស្រាយ) ដោយឡែក ប៉ុន្តែឥឡូវកំពុងដោះជូនបងប្អូនភាគច្រើននេះសិន»។
អាជ្ញាធរ និងពលរដ្ឋអះអាងថា បច្ចុប្បន្ននៅសល់ពលរដ្ឋប្រមាណ ៦គ្រួសារទៀត បដិសេធមិនទទួលយកលុយ ឬដោះដូរយកដីឡូត៍ ដើម្បីចាកចេញ ខណៈពលរដ្ឋប្រមាណ ១១គ្រួសារផ្សេងទៀត យល់ព្រមទទួលយកដីឡូត៍ ប៉ុន្តែពុំមានលទ្ធភាពរុះរើផ្ទះចេញពីលើដីចំណីមាត់ទន្លេនោះ។ គម្រោងធ្វើសួនច្បារ និងផ្លូវក្រាលកៅស៊ូនៅប្របមាត់ទន្លេ នឹងធ្វើហើយនៅឆ្នាំ២០១៨ បើពលរដ្ឋរុះរើផ្ទះចេញអស់តាមគម្រោងនៅដំណាច់ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
