ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ខេត្ត​កំពង់ឆ្នាំង​​មក​ដាក់​ញត្តិ​ជូន​ស្ថាប័ន​រដ្ឋាភិបាល

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថាប័ន​រដ្ឋាភិបាល ស្នើ​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ប្រើ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែល​កំពុង​ឈូស​ឆាយ​ទៅ​លើ​ដីធ្លី​ពលរដ្ឋ​ជិត ៩០​គ្រួសារ​នៅ​ឃុំ​តាជេស។

តំណាង​ពលរដ្ឋ​ឃុំ​តាជេស ប្រមាណ ៨០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៤។ ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តុលាការ​សាលាដំបូង និង​ក្រសួង​យុត្តិធម៌​ជាដើម។

​តំណាង​ពលរដ្ឋ​ឈ្មោះ លោក សៀង ហេង ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ត្រូវ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ និង​ធ្វើ​របង​ព័ទ្ធ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ជិត ៩០​គ្រួសារ៖ «បើ​គ្មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងៗ​ទេ គឺ​ពួក​ខ្ញុំ​មានតែ​ទៅ​កាន់​កាប់​នៅ​លើ​ដី​ផ្ទាល់ និង​ប្រឈម​ជាមួយ​ក្រុមហ៊ុន។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​នៅ​តែ​មានៈ​ធ្វើ​របង​ព័ទ្ធ»

​ពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត​ក៏​បាន​ទទូច​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ឈប់​សកម្មភាព​ចក្រ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ដែល​ត្រូវ​ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ឲ្យ​បាន​ឆាប់៖ «ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ខាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដើម្បី​ឲ្យ​ផ្អាក​ឈូស​ឆាយ និង​ធ្វើ​របង​នៅ​លើ​ដី​មាន​ទំនាស់។ ក្រុមហ៊ុន.ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ប្រពន្ធ​ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ខាង​ក្រុមហ៊ុន​ហ្នឹង​គេ​បាន​ធ្វើ​របង និង​ជីក​ប្រឡាយ​ហ៊ុមព័ទ្ធ​ដី​ពលរដ្ឋ​ពួក​ខ្ញុំ មាន​ផ្ទៃ​ដី​ជាង ៥០០​ហិកតារ»

​មន្ត្រី​តំណាង​ខុទ្ទកាល័យ​ប្រមុខ​ដឹកនាំ និង​មន្ត្រី​តុលាការ ឬ​ក្រសួង​យុត្តិធម៌​ជាដើម ចេញ​មក​ទទួល​យក​ញត្តិ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា នឹង​ដោះស្រាយ​នៅ​ពេល​ណា​ទេ។

ទាក់ទិន​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែ​មិថុនា។

​បន្ទាប់ពី​បាន​ដាក់​ញត្តិ​ជូន​ស្ថាប័ន​រដ្ឋាភិបាល តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​តាជេស ក៏​បាន​ដាក់​ញត្តិ​ជូន​ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​វិវាទ​នេះ​ជូន​ពួក​គាត់។

​តំណាង​ពលរដ្ឋ​ឃុំ​តា​ជេស ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម កើត​មាន​តាំង​ពី​ឆ្នាំ​២០០១ មក​ម្ល៉េះ។ ទំនាស់​នេះ​ប្រជាពលរដ្ឋ ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កំពង់ឆ្នាំង និង​ដាក់​ជូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទីស្ដីការ​គណៈរដ្ឋមន្ត្រី ស្ថាប័ន​ព្រះមហាក្សត្រ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួង​យុត្តិធម៌ ស្ថាប័ន​តុលាការ ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា សរុប​មាន​ចំនួន ១១០​បណ្ដឹង​រួច​មក​ហើយ ប៉ុន្តែ​ស្ថាប័ន​ទាំង​នេះ​មិន​បាន​ដោះស្រាយ​ជូន​ទេ​កន្លង​មក។ ផ្ទុយ​ទៅ​វិញ បើ​ជា​បណ្ដឹង​របស់​អ្នកស្រី ជា ខេង វិញ សូម្បី​តែ​តាម​ទូរស័ព្ទ ក៏​ស្ថាប័ន​ទាំង​នោះ​ចាត់ការ​ដោយ​ប្រញាប់ប្រញាល់​ដែរ។ ជាក់ស្ដែង​មាន​តំណាង ៧​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​រ និង​ពលរដ្ឋ​ចំនួន ១២​នាក់​ផ្សេង​ទៀត​ជាប់​បណ្ដឹង​នៅ​តុលាការ។​

​ពលរដ្ឋ​ឃុំ​តាជេស ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​តុលាការ និង​ស្ថាប័នរដ្ឋ​ខាង​លើ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រើសអើង​ក្នុង​ការ​ផ្តល់​យុត្តិធម៌​រវាង​អ្នក​មាន​និង​អ្នក​ក្រីក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។