អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ផឹក​ទឹក​សម្បថ​ប្ដេជ្ញា​ទាមទារ​ដី​ពី​ក្រុមហ៊ុន​ខេ.ឌី.ស៊ី

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់ នាំ​គ្នា​ធ្វើ​ពិធី​បួង​សួង​ផឹក​ទឹក​សម្បថ​ដើម្បី​ប្ដេជ្ញា​ចិត្ត​ទាមទារ​ដី​របស់​ខ្លួន​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា។

ពិធី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ដោយ​ចម្ពាមកៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម​បណ្ដាល​ឲ្យ​អ្នក​ភូមិ​រង​របួស​ចំនួន ១០​នាក់ និង​កម្លាំង​កម្មករ​របស់​ក្រុមហ៊ុន​ចំនួន ៦​នាក់​បាន​រង​របួស​ដែរ​នៅ​អំឡុង​ពេល​ដែល​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ។

ក្រុម​អ្នក​ភូមិ​ឡពាង បឹងកក់ និង​ភូមិ​សូវង្ស នៃ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ចាត់​ទុក​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង និង​កាប់​ព្រៃ​ឲ្យ​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​៤ និង​ទី​៥ ខែ​កក្កដា ថា​ជា​ល្បិចកល​របស់​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី គឺ​លោកស្រី ជា ខេង និង​អាជ្ញាធរ​មួយ​ចំនួន​ក្នុង​ការ​បំបែក​កម្លាំង​សាមគ្គី​ពលរដ្ឋ​ក្នុង​រឿង​តវ៉ា​​ដីធ្លី។ ពួក​គាត់​បន្ដ​ថា សកម្មភាព​នេះ​ធ្វើ​ឲ្យ​កម្មករ​និង​ពលរដ្ឋ​ដែល​ជា​អ្នក​ភូមិ​រស់នៅ​ក្បែរ​ខាងគ្នា​ក្លាយ​ជា​សត្រូវ និង​បាញ់​គ្នា​ទៅ​វិញ​មក ដោយ​គ្មាន​ការ​ហាម​ឃាត់​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ទេ។

ប្រជាពលរដ្ឋ​តវ៉ា និង​ជា​អ្នក​ដែល​ត្រូវ​គ្រាប់​ចម្ពាម​បែក​ក្បាល​ម្នាក់​មក​ពី​ភូមិ​បឹងកក់ អ្នកស្រី ពៅ ឌឿន ថ្លែង​បញ្ជាក់​ថា អ្នក​ភូមិ​អស់​ជំនឿ​លើ​អាជ្ញាធរ​ភូមិ​ឃុំ រហូត​ដល់​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ភូមិ ដូច្នេះ​ពួកគាត់​នឹង​តតាំង​ប្ដូរ​ស្លាប់​រស់​ដើម្បី​ដីធ្លី។

អ្នកស្រី​សូម​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​មើល និង​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ​ឲ្យ​បាន​ឆាប់៖ «ទេ! តែ​គេ​ធ្វើ​ពួក​ខ្ញុំ​បើ​មិន​ស្ដាប់​ទេ​ពួក​ខ្ញុំ​មាន​សកម្មភាព​ប្រឡូក​ទាំង​អស់​គ្នា​ហ្នឹង ហើយ​បើ​គេ​ធ្វើ​មក​លើ​យើង​អត់​ខ្លាច​ផង​យើង​ខ្ញុំ​តាំង​ចិត្ដ​ថា​អត់​ខ្លាច​ដែរ។ ហ្នឹង​សច្ចា​ទាំង​អស់​គ្នា​ឲ្យ​ស្មោះ​ត្រង់​ជា​មួយ​គ្នា ស្រុះគ្នា​ទាំង​អស់​គ្នា​តែម្ដង»

ក្រុម​អ្នក​ភូមិ​បាន​អុជ​ធូប​កាន់​គ្រប់ៗ​ដៃ និង​ស្រែក​បន្ទរ​ដាក់​បណ្ដាសា​ចំៗ​ទៅ​លើ​លោកស្រី ជា ខេង ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល និង​អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ពួកគាត់​គិត​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ និង​ធ្វើ​បាប​ប្រជា​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ការ​ដាក់​បណ្ដាសា​របស់​អ្នក​ភូមិ​ គឺ​មាន​ប្រសិទ្ធភាព​ដោយ​កន្លង​មកគេ​ឃើញ​អ្នក​ដែល​ត្រូវ​បណ្ដាសា​ទាំង​នោះ បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ដូច​ជា មេ​ឃុំ​តាជេស លោក សួស ស៊ីផៃ និង​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ទូច ម៉ារីម ជា​ដើម។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ត្រូវ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ជុំវិញ​បញ្ហា​នេះ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា​ជាប់​រវល់។ យ៉ាង​ណា​មេការ​គ្រប់គ្រង​កម្មករ​ដែល​កំពុង​ចុះ​អនុវត្ត​សកម្មភាព​ធ្វើ​របង និង​ឆ្ការព្រៃ​របស់​ក្រុមហ៊ុន​លោក ស៊ិន ឃីម ថ្លែង​បញ្ជាក់​ថា លោក​អាច​នឹង​បន្ថែម​កម្លាំង​កម្មករ​លើស​ពី​ចំនួន ៥០​នាក់​ដែល​មាន​ស្រាប់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ធ្វើ​ការងារ ឬ​ទប់ទល់​ជា​មួយ​ជា​មួយ​ក្រុម​អ្នក​ភូមិ ប្រសិន​បើ​នៅ​តែ​មាន​ការ​រំខាន។

លោក​ថា សកម្មភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​គឺ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ប៉ុន្តែ​សម្រាប់​លោក​គ្រាន់​តែ​ទទួល​បញ្ជា​ពី​ខាង​លើ ដើម្បី​អនុវត្ត​ការងារ​ទៅ​តាម​ទំហំ​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ចំនួន ៥១២​ហិកតារ៖ «ប្រសិន​ជា​ពួកគាត់​តវ៉ា​គឺ​តវ៉ា​ទៅ​តាម​ផ្លូវ​ច្បាប់​ទៅ ពី​ព្រោះ​អី​មាន​តុលាការ​ហាមឃាត់​ថា​នៅ​កន្លែង​ហ្នឹង​គឺ​ជា​ដី​មាន​ជម្លោះ អ៊ីចឹង​អត់​ឲ្យ​យើង​សាងសង់ អត់​ឲ្យ​យើង​ធ្វើ​ទេ អា​ហ្នឹង​ពួក​ខ្ញុំ​ក៏​អត់​ធ្វើ​ដែរ ពី​ព្រោះ​អី​ខ្ញុំ​យក​លុយ​ពី​គេ​ដើម្បី​ធ្វើ​ការ​ឲ្យ​គេ។ មាន​អង្គការ​នៅ​ពី​ក្រោយ​ខ្នង ទី​១ ​មាន​អាដហុក (Adhoc) និង​សហគមន៍​អភិវឌ្ឍន៍​ដីធ្លី ហើយ​ឥឡូវ​ហ្នឹង​ខ្ញុំ​ឃើញ​មាន​ខាង​ពួក​នយោបាយ​មក​ដែរ​ដូច​ជា​លោក ប៉ូច ទិតធានី»

ជម្លោះ​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​អូស​បន្លាយ​អស់​រយៈ​ជិត ១០​ឆ្នាំ​ហើយ។ បច្ចុប្បន្ន​មាន​អ្នក​ភូមិ​ចំនួន ៨៣​គ្រួសារ បាន​អះអាង​ថា ខ្លួន​គឺ​ជា​ជន​រងគ្រោះ និង​ប្ដឹង​ទាមទារ​ដី​ទំហំ​ជាង ១០០​ហិកតារ​ពី​ក្រុមហ៊ុន។ ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​ចំនួន ១៧​គ្រួសារ មិន​ទាន់​បាន​ដោះស្រាយ​ជា​សំណង​គោលនយោបាយ និង​ចំនួន ២៣​គ្រួសារ​ទទួល​បាន​សំណង​រួច​ហើយ ប៉ុន្តែ​ងើប​តវ៉ា​ទាមទារ​សំណង​បន្ថែម ចំណែក​ចំនួន ៤៣​គ្រួសារ​ទៀត គ្រោង​នឹង​ដាក់​ពាក្យ​ចូល​តុលាការ​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ២០១៤។

អាដហុក​ប្រតិកម្ម​តប​នឹង​ការ​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​ការ​តវ៉ា

ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​មេការ​គ្រប់គ្រង​កម្មករ លោក ស៊ិន ឃីម ដែល​ចុះ​អនុវត្ត​សកម្មភាព​ធ្វើ​របង និង​ឆ្ការព្រៃ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ីដែល​ថាសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ងើប​តវ៉ា​របស់​ពលរដ្ឋ​ភូមិ​ឡពាងខេត្ត​កំពង់ឆ្នាំងប្រឆាំង​នឹង​ក្រុមហ៊ុន​ក្នុង​បញ្ហា​ដីធ្លី​នេះ លោក ចាន់ សុវ៉េតអ្នក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុកប្រតិកម្ម​ថា លោក ស៊ិន ឃីម ទៅ​វិញ​ទេដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋនិង​កម្មករ​របស់​ក្រុមហ៊ុន​ខេ.ឌី.ស៊ី ដែល​មិន​អនុវត្ត​ការងារ​របស់​ខ្លួន​ស្រប​តាម​ច្បាប់។

លោក ចាន់ សុវ៉េតបន្ត​ថា សមាគម​អាដហុក ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​អំពី​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង ដែល​អូស​បន្លាយ​ជិត ១០​ឆ្នំាំ​មក​ហើយ​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ភាគី​ខាង​ណា​ជា​អ្នក​រំលោភ​ច្បាប់​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។