ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ប្រមាណ ៩០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយកងកាំភ្លើងធំ ស្នើឲ្យអាជ្ញាធរពន្លឿនការដោះស្រាយឲ្យបានឆាប់ៗ។ ឆ្លើយតបនឹងការស្នើនេះអភិបាលខេត្តកំពង់ឆ្នាំង សន្យាថា នឹងពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីនេះជូនប្រជាពលរដ្ឋ។
តំណាង និងពលរដ្ឋរស់នៅចំណុច ១០៤ នៃភូមិដំណាក់អំពិល ឃុំក្រាំងស្គា ស្រុកទឹកផុស បារម្ភបាត់ដីទៅឲ្យក្រុមឈ្មួញ និងកងកាំភ្លើងធំដែលមានជម្លោះតាំងពីចុងឆ្នាំ២០១៤ មិនទាន់ដោះស្រាយចេញ។ ក្រុមពលរដ្ឋអះអាងថា បច្ចុប្បន្នមានគ្រួសារថ្មីៗមួយចំនួន បានទន្ទ្រានដីព្រៃនៅចំណុចដែលកំពុងមានជម្លោះនោះ ហើយអ្នកភូមិដែលមានដីពិតប្រាកដ ខ្លាចអាជ្ញាធរបែងចែកដីមិនគ្រប់ជូនពួកគាត់វិញ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម ៦នាក់ គឺអ្នកស្រី យិន ចិន្ដា ថ្លែងនៅថ្ងៃទី៩ ខែសីហា ថា ក្រោយពីមានទំនាស់ដីធ្លីនេះភ្លាម អ្នកភូមិនៅចំណុច ១០៤ ចំនួន ៩០គ្រួសារ នាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរភូមិរហូតដល់ខេត្ត និងស្ថាប័នក្រៅរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីទាមទារដីក្នុងមួយគ្រួសារទំហំ ៥ហិកតារ។
អ្នកស្រីថា មកទល់ពេលនេះជម្លោះនៅតែមិនអាចដោះស្រាយចេញបើទោះបីជាពលរដ្ឋទាំង ៩០គ្រួសារ បានចូលកាន់កាប់ដីតាំងពីអំឡុងឆ្នាំ១៩៩៥ ហើយមានសលាកបត្រ និងខ្លះមានលិខិតស្នាមទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំផងនោះ៖ «...នៅប្លុកតានួក គឺសុទ្ធតែដីទើបរុករានទេ កាប់ឥឡូវៗហ្នឹងទេ! ប៉ុន្តែដល់គេអាងមានខ្នងអ៊ីចឹងណា គេកាប់បានម្នាក់ ៣០ ទៅ ៤០ហិកតារទៅ ហើយអាដីដែលពួកខ្ញុំកាន់កាប់តាំងពីឆ្នាំ៩០ ជាងមក អាហ្នឹងដីគេពិតប្រាកដមែន សុទ្ធតែកាន់កាប់ខ្លួនឯងធ្លាប់វេទនា ពិបាកងាប់កូនចៅអីនៅត្រង់ហ្នឹងហើយ»។
ឆ្លើយតបបញ្ហានេះអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បញ្ជាក់ថា អាជ្ញាធរបានយកចិត្តទុកដាក់ដោះស្រាយរឿងដីធ្លីជូនពលរដ្ឋ ហើយករណីនេះលោកនឹងពិនិត្យតួលេខនៃគ្រួសារប៉ះពាល់ដែលចេះតែកើនឡើង ព្រោះកន្លងទៅអាជ្ញាធរទទួលបានតែ ៧១គ្រួសារ ស្មើនឹងទំហំដី ២២០ហិកតារ។
លោកថា ករណីនេះនឹងបន្តដោះស្រាយជូនពលរដ្ឋទៅតាមទំហំដីជាក់ស្ដែង៖ «ខ្ញុំបានចាប់ផ្ដើមពិគ្រោះទៀត! ពិគ្រោះថា ឥឡូវដើម្បីឲ្យស្រួលយើងកាត់ដីមួយដុំមកទំហំ ២២០ហិកតារ ហើយយើងឈូសឲ្យស្អាត ហើយវាស់ជូនគាត់ទៅ នរណាមានដីប៉ុន្មានពីក្នុងនោះមកយើងលើកមក។ ឯកភាពគ្នាជាគោលការណ៍អ៊ីចឹងហើយ ប៉ុន្តែបញ្ហាដែលចោទនោះត្រង់ថា អ្នកដែលឈូសគឺខាងកាំភ្លើងធំ គាត់ថា អត់មានលុយឈូស ឥឡូវវាជាប់គាំងរហូតមក ប៉ុន្តែខ្ញុំគិតថា មិនជាបាត់អីទេ ព្រោះកាលនិយាយគ្នាបើយើងមិនឈូសដីហ្នឹងឲ្យប្រជាជនទេ ប្រជាជននៅតែកាន់កាប់អាដីដែលគាត់មាន»។
មន្ត្រីជំនាញ និងក្រុមគណៈអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឈួរ ច័ន្ទឌឿន បានបកស្រាយបញ្ហានេះជូនគណៈកម្មការទី១ ព្រឹទ្ធសភាកាលពីថ្ងៃទី៤ ខែសីហា។ អាជ្ញាធរបញ្ជាក់ថា ការជាប់គាំងនៃជម្លោះដីធ្លីរវាងកងកាំភ្លើងធំ និងពលរដ្ឋនៅភូមិដំណាក់អំពិល ដោយសារភាគីកងកាំភ្លើងធំមិនទាន់មានលទ្ធភាពឈូសឆាយព្រៃនោះ មុននឹងធ្វើការបែងចែកដីជូនពលរដ្ឋ ប៉ុន្តែនីតិវិធី និងការកំណត់ទំហំដីបានត្រៀមរួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។