អភិបាល​ស្រុក​រលាប្អៀរ​កោះ​ហៅ​តំណាង​អ្នក​មាន​បញ្ហា​ដីធ្លី​២២​គ្រួសារ

0:00 / 0:00

តំណាង​អ្នក​ភូមិ​នៃ​ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ២២​គ្រួសារ ដែល​មាន​ដី​ស្រែ​ប្រាំង​នៅ​ចំណុច​អូសទូក ឆ្ដោរ និង​ចំណុច​កន្ធរ បដិសេធ​មិន​ទទួល​យក​ដំណោះស្រាយ​របស់​អភិបាល​ស្រុក​ដែល​តម្រូវ​ក្រុម​ពលរដ្ឋ​ធ្វើ​លិខិត​ស្នាម​ខ្ចី​ដី​បង្កបង្កើន​ផល​ស្រូវ​ក្នុង ១​ឆ្នាំ​ម្ដង។ អាជ្ញាធរ​បញ្ជាក់​ថា សកម្មភាព​ធ្វើ​ស្រែ​របស់​ពលរដ្ឋ បាន​ប៉ះពាល់​ដល់​ធនធាន​មច្ឆាជាតិ និង​កន្លែង​អភិរក្ស​ជលផល។

ក្រុម​ពលរដ្ឋ​មក​ភូមិ​ទ្រនាមពេជ្រ និង​​អូរ​តាសេក នៃ​ឃុំ​គោកបន្ទាយ បាន​លើក​ហេតុផល​មួយ​ចំនួន​ដែល​ពួកគាត់​មិន​អាច​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ។ ហេតុផល​ទី​១ គឺ​ពួកគាត់​ថា បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​នោះ​តាំង​ពី​អំឡុង​ឆ្នាំ​២០០៥ គឺ​មុន​ជំនាញ​ជលផល​កំណត់​ដី​នោះ​ជា​តំបន់​អភិរក្ស ទី​២ ពួកគាត់​ពុំ​មាន​ដី​ស្រែ​កន្លែង​ផ្សេង និង​ទី​៣ ខ្លាច​គេ​ដកហូត​ដី​ដោយ​គ្មាន​ការ​ដោះដូរ។

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ទ្រនាមពេជ្រ លោកស្រី ពៅ មុំ មាន​ប្រសាសន៍​ថា គ្រួសារ​លោកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ស្រែ​ប្រាំង​នៅ​ទី​នោះ​រាល់​ឆ្នាំ ហើយ​អ្នក​ខ្លះ​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​២០០៤ ឬ​ឆ្នាំ​២០០៥ មក​ម្ល៉េះ៖ «ទាក់ទង​នឹង​គេ (អភិបាល​ស្រុក) និយាយ​មិញ​ខ្ញុំ​អត់​ព្រម​ទេ ព្រោះ​ថា ឲ្យ​ខ្ញុំ​ធ្វើ​មួយ​ឆ្នាំ​ខ្ចី​មួយ​ឆ្នាំៗ រួច​ដី​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​ឆ្នាំ​២០០៣ ឬ​២០០៤​មក។ ខ្លាច​គេ​ដក​វិញ ព្រោះ​ដី​ថា ខ្ចី​របស់​គេ​ចង់​គេ​ដក​ពេល​ណា​បាន​ពេល​ហ្នឹង។ (ជិន ជេដ្ឋា៖ ធ្លាប់​ធ្វើ​ស្រូវ​ប្រាំង​ទេ?) ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​កន្លែង​ឆ្ដោរ ហើយ​ខ្ញុំ​សុំ​ដី​ខ្ញុំ​ធ្លាប់​ធ្វើ​ប៉ុណ្ណា ខ្ញុំ​សុំ​ប៉ុណ្ណឹង​មក​វិញ ដី​ខ្ញុំ​មាន​ទំហំ ១​ហិកតារ ៨០​អារ»

អភិបាល​ស្រុក​រលាប្អៀរ លោក សោម វឺន បដិសេធ​មិន​អត្ថាធិប្បាយ​ពី​លទ្ធផល​នៃ​ជំនួប​នេះ​ទេ ដោយ​លោក​ថា រវល់​បន្ត​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ផ្សេង​មួយ​ទៀត។ ប៉ុន្តែ​កាល​ពី​ដើម​ឆ្នាំ​២០១៥ តំណាង​អាជ្ញាធរ​ភូមិ និង​ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត នៃ​ឃុំ​គោក​បន្ទាយ ធ្លាប់​កាន់​លិខិត​ភ្ជាប់​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ជាង ១០០​ស្នាម​មេដៃ ដាក់​ជូន​អាជ្ញាធរ​ខេត្ត និង​សមាគម​អាដហុក (ADHOC) ដើម្បី​ជំទាស់ និង​ដក​ហូត​ដី​ព្រៃ​លិច​ទឹក​របស់​ពលរដ្ឋ​ទាំង​ជាង ២០​គ្រួសារ មក​ទុក​ជា​តំបន់​អភិរក្ស​ត្រី​ពង​កូន​វិញ។ ក្រោយ​មក​អាជ្ញាធរ និង​ជំនាញ​ជលផល​បាន​កំណត់​ដី​ទំហំ ២៤​ហិកតារ ទុក​ជា​ជម្រក​ត្រី​ពង​កូន។

ទាក់ទង​បញ្ហា​នេះ អនុ​ប្រធាន​ភូមិ​អូរតាសេក នៃ​ឃុំ​គោកបន្ទាយ អ្នកស្រី សុខ ខាន់ ថ្លែង​ថា អ្នកស្រី​ពិបាក​ចិត្ត​ដោយ​ម្ខាង​ជា​ពលរដ្ឋ និង​ម្ខាង​ទៀត​ជា​ផល​ប្រយោជន៍​រួម ប៉ុន្តែ​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ចំណុច​អភិរក្ស​ជលផល​ទាំង​បី​ទីតាំង​អាច​ចំណាយ​កន្ទុយ​ដី​របស់​ខ្លួន​នៅ​អែប​មាត់​អូរ​ក្នុង​មួយ​គ្រួសារ​ចន្លោះ​ពី ៣០ ឬ ៤០​អារ ដើម្បី​ឲ្យ​មាន​ជម្រក​ត្រី​ពង​កូន​ផង និង​អាច​បន្ត​ធ្វើ​ស្រែ​បាន​ផង។ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​គាំទ្រ និង​ចង់​ដាក់​តំបន់​ដី​ព្រៃ​លិច​ទឹក​នោះ​ទៅ​ជា​ជម្រក​ត្រី​ពង​កូន៖ «គាត់ (មន្ត្រី​ជលផល) គ្រាន់​តែ​គម្រោង ប៉ុន្តែ​មិន​ទាន់​បោះ​បង្គោល​នៅ​ឡើយ​ទេ គេ​កំណត់​យក​ទំហំ ២៤​ហិកតារ​សិន បាន​គេ​ចុច (វាស់)​ យក​អា ១៥​ហិកតារ​ទៀត​មិន​ដឹង​ចេញ​ថ្ងៃ​ណា​ទេ ប៉ុន្តែ​បង្គោល​មន្ត្រី​ជលផល​ដឹក​ទៅ​អស់​ហើយ»

អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ខ្លះ​នៅ​ឃុំ​គោកបន្ទាយ អះអាង​ថា តំបន់​អូស​ទូក ឆ្ដោរ និង​តំបន់​កន្ធរ​​ គឺ​ជា​ជង្រុក​ត្រី​សាច់​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​គោក​បន្ទាយ ប៉ុន្តែ​ធនធាន​មច្ឆាជាតិ​បាន​ហិនហោច​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រោយ​ពី​មាន​សកម្មភាព​ចូល​កាប់​រាន ឬ​ដុត​ព្រៃ​លិច​ទឹក​ធ្វើ​ស្រែ​ប្រាំង និង​ប្រើ​ថ្នាំ​គីមី​ពុល​កាន់​តែ​ច្រើន​ឡើង ចាប់​តាំង​ពី​ឆ្នាំ​២០០៤ ​រហូត​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។