ពលរដ្ឋ​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​មេភូមិ​ដែល​រំលោភ​យក​ដី​រួម

ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ជា​ច្រើន​គ្រួសារ ជំរុញ​ឲ្យ​អាជ្ញាធរ​ក្នុង​ខេត្ត ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​ទៅ​លើ​មេភូមិ​របស់​ខ្លួន​ដែល​បាន​យក​ដី​រួម​ភូមិ​ទំហំ​ជាង ១​ហិកតារ​ទៅ​បែងចែក​ឲ្យ​បក្សពួក និង​លក់​ដូរ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា ក្រុម​អ្នក​ភូមិ​ទន្ទឹង​រង់ចាំ​ចម្លើយ ឬ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ទាំង​អស់​សង្ឃឹម ខណៈ​ដែល​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១០ មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ត្រពាំងត្រាច ចំនួន ៣៣​គ្រួសារ ដែល​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​មេ​ភូមិ​របស់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​រឿង​ដី​រួម​របស់​ភូមិ និង​ការ​និយម​បក្ស​ពួក កំពុង​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព បន្ទាប់​ពី​មេ​ភូមិ​ឈ្មោះ មាស សៀប បាន​គំរាម​ប្ដឹង​ប្រជាពលរដ្ឋ​ចាប់​ដាក់​គុក និង​ចោទ​ប្រកាន់​ពួកគាត់​ថា​ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣៣​គ្រួសារ លោក ថន ថៃ មាន​ប្រសាសន៍​ថា មេ​ភូមិ​បាន​ប្រើ​ពាក្យ​គំរាម​កំហែង​មក​លើ​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​ច្រើន​សា និង​បាន​ព្រមាន​ប្ដឹង​បក​ទៅ​ប្រជា​ពលរដ្ឋ​វិញ​ទាក់ទង​នឹង​រឿង​ដី​រួម​របស់​ភូមិ​នេះ៖ «នៅ​បុណ្យ​សង្ឃទាន​គេ​នៅ​ក្នុង​ភូមិ​ហ្នឹង ដល់​ពេល​គេ​ចប់​បុណ្យ​ពេល​ថ្ងៃ​ត្រង់ គាត់​លើក​ថា អ្នក​ដែល​ប្ដឹង​ហ្នឹង គឺ​ជា​គណបក្ស​ប្រឆាំង។ ហ៊ុន សែន អី ហេង សំរិន អី ជា ស៊ីម អី ខ្ញុំ​ធ្លាប់​ទៅ​គុយទាវ​ជា​មួយ​ហើយ អ្នក​ឯង​ប្ដឹង​អី​ប្ដឹង​ទៅ គាត់​ថា​អ៊ីចឹង។ គាត់​និយាយ​ហ្នឹង​គឺ​ខែ​៦ ឆ្នាំ​២០១៣»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០០៩ ខណៈ​ដែល​ខាង​មន្ត្រី​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង ចុះ​វាស់វែង​ផ្ដល់​ប្លង់​កម្ម​សិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ ស្រាប់​តែ​មេ​ភូមិ​ត្រពាំងត្រាច បែង​ចែក​ដី​រួម​ភូមិ ដែល​មាន​ទំហំ​ជាង ១​ហិកតារ​ជា ៥​ចំណែក​ទៅ​ឲ្យ​បក្សពួក​របស់​ខ្លួន ហើយ​ឃើញ​បែប​នេះ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​មិន​សុខ​ចិត្ត ក៏​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​មេ​ភូមិ​រូប​នោះ​ទៅ​អាជ្ញាធរ​ឃុំ រហូត​ដល់​ខេត្ត តាំង​ពី​ឆ្នាំ​២០១០ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេភូមិ​ត្រពាំងត្រាច លោក មាស សៀប ដើម្បី​សុំ​ការ​ពន្យល់​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ។ ចំណែក​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ដែរ ដោយ​ទូរស័ព្ទ​របស់​លោក​មាន​អ្នក​លើក​ជំនួស ហើយ​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់។

ទោះ​ជា​យ៉ាង​ណា អភិបាល​ស្រុក​រលាប្អៀរ លោក ឈឹម វុទ្ធា មាន​ប្រសាសន៍​បញ្ជាក់​ថា ករណី​នេះ​លោក​បាន​ចុះ​សិក្សា និង​បញ្ជូន​របាយការណ៍​ទៅ​សាលា​ខេត្ត​រួច​ហើយ ក៏​ប៉ុន្តែ​លោក​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្ដារ​ជុំវិញ​ករណី​នេះ​តាម​រយៈ​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ៖ «បាទៗ! អា​ហ្នឹង​យើង​កំពុង​តែ​ដោះស្រាយ​ហើយ ខ្ញុំ​កំពុង​រាយការណ៍​ជូន​ទៅ​ខេត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​ទីតាំង​កន្លែង​បេឡា​របស់​ភូមិ​ត្រពាំងត្រាច​ហ្នឹង ខ្ញុំ​ក្ដាប់​បាន​ហើយ។ យោង​តាម​ស្មារតី​ប្រជុំ​របស់​ខេត្ត​ពី​លើក​ទី ៥៤​ហ្នឹង គឺ​ឧត្ដម​អភិបាល​ខេត្ត​លោក​ឲ្យ​ខ្ញុំ​ចុះ​ស្រាវជ្រាវ ដើម្បី​រាយការណ៍​ជូន​ខេត្ត​វិញ ឥឡូវ​ខ្ញុំ​បាន​រាយការណ៍​ជូន​ខេត្ត​ហើយ អ៊ីចឹង​ចំណុច​ហ្នឹង​លោក​ចាំ​ទំនាក់​ទំនង​ទៅ​ខាង​ខេត្ត​ទៀត ដឹង​ហើយ​សាច់​រឿង​ហ្នឹង»

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះស្រាយ និង​យក​ដី​ដែល​ពួក​គាត់​កំពុង​ទាមទារ​នោះ​មក​ធ្វើ​សម្បត្តិ​រួម​វិញ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំងត្រាច ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។