អ្នកការពារផលប្រយោជន៍ព្រៃឈើសម្រាប់សហគមន៍នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទាមទារឲ្យមានការប្រគល់ទំហំព្រៃការពារច្បាស់លាស់ ខណៈមានមនុស្សប្លែកមុខចុះទៅចុច ជី.ភី.អេស (GPS) ក្នុងដីសហគមន៍ ដែលកំពុងការពារព្រៃឈើ ទុកជាសម្បត្តិសមូហភាព។
សហគមន៍ការពារព្រៃឈើឧត្តមស្រែពស់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចោទថា ក្រុមហ៊ុនដាំអំពៅនិងពោត អេច្ឆ.អិល.អេច្ឆ (HLH) និងអ្នកមានអំណាចរំលោភយកដីសហគមន៍។
ការចោទនោះបានធ្វើឡើងនៅគ្រាដែលមានអ្នកប្លែកមុខចុះចុច ជី.ភី.អេស ក្នុងដីសហគមន៍ក្រោយចូលឆ្នាំខ្មែរ បន្ទាប់ពីសហគមន៍នោះអះអាងថា ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ បានឈូសដីសហគមន៍យកអស់ ៣០០ហិកតារ ហើយអាជ្ញាធរសន្យាសងវិញ ប៉ុន្តែមិនមានឃើញដីផ្តល់ឲ្យ។
សមាជិកសហគមន៍ការពារព្រៃឈើឧត្តមស្រែពស់ លោក ឈន ធា ថ្លែងថា ពួកគាត់កំពុងរៀបចំដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានពីការបាត់បង់ដីសហគមន៍ម្ដងបន្តិចៗ ដោយការបំពានយកពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាច៖ «គេបំណងយកហ្នឹងហើយ ព្រោះកាលពីឆ្នាំ២០១៣ គេធ្វើអាររបៀបហ្នឹងរួចហើយ ឈូសឆាយយកដី កន្លែងគេវាស់អ៊ីចឹង!។
លោក ឈន ធា បន្តថា សហគមន៍បានកកើតតាំងពីឆ្នាំ២០០៣ មានការគាំទ្រពីមន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ឲ្យពួកគាត់គ្រប់គ្រងដីព្រៃទំហំ ២.៤៣៣ហិកតារ។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនដាំអំពៅនិងពោត ឈ្មោះ អេច្ឆ.អិល.អេច្ឆ បានឈូសចូលដីសហគមន៍ទំហំ ៣០០ហិកតារ។ សហគមន៍បានតវ៉ា អាជ្ញាធរខេត្ត ស្រុក និងមន្ត្រីបរិស្ថាន មកប្រជុំសន្យាជាមួយសហគមន៍ ផ្ដល់ដីឲ្យវិញនៅប៉ែកខាងជើងដីសហគមន៍។ ប៉ុន្តែការសន្យាមានតែមាត់ ចំណែកដីមិនប្រគល់ឲ្យតាំងពីឆ្នាំ២០១០ ស្រាប់តែក្រោយចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ អ្នកភូមិ ២នាក់ បាននាំមនុស្សថ្មីមកចុច ជី.ភី.អេស វាស់ដីព្រៃសហគមន៍ដែលនៅសេសសល់ ទើបសមាជិកសហគមន៍នាំគ្នាផ្ដិតមេដៃប្ដឹងទាមទារដីបាត់ និងប្ដឹងបុរស ២នាក់ ដែលនាំមនុស្សថ្មីមកចុច ជី.ភី.អេស ក្នុងដីសហគមន៍។ លោកថាការប្តឹងនោះ ព្រោះបារម្ភខ្លាចបាត់បង់ព្រៃសហគមន៍តែម្ដង។
សមាជិកសហគមន៍ព្រៃឈើឧត្តមស្រែពស់ មួយរូបទៀត លោក ម៉ៅ ម៉េត នៅឃុំត្រពាំងជោរ ថ្លែងថា ដីព្រៃសហគមន៍ ចេះតែមានអ្នកបង្ខិតចូលម្ដងបន្តិចៗ ធ្វើឲ្យអ្នកភូមិដែលខំការពារដីនិងព្រៃ ក្លាយជាជនរងគ្រោះទៅវិញ នៅពេលសត្វគោចូលទៅក្នុងអតីតដីសហគមន៍ បែរជាក្រុមហ៊ុនគេចាប់សត្វគោទុក ហើយឲ្យម្ចាស់សត្វបង់ប្រាក់លោះគោមកវិញ។ ហេតុនេះ គាត់ចង់ឲ្យអាជ្ញាធរ និងមន្ត្រីបរិស្ថានជួយពួកគាត់ផង៖ «ដែលក្រុមហ៊ុនមកព័ទ្ធអ៊ីចឹង ខ្ញុំនឹងវាទីខ្លីបាត់ទៅហើយ ដីតូច ក្របីគោខ្ញុំទៅប៉ះពាល់នៅក្រុមហ៊ុន គាត់មកសុំថ្លៃទៀត សុំថ្លៃពីក្របីគោខ្ញុំទៅប៉ះពាល់ជាមួយក្រុមហ៊ុន»។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ខេង កួន បំភ្លឺរឿងនោះថា សហគមន៍ការពារព្រៃឈើឧត្តមស្រែពស់ ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ត្រូវបានរដ្ឋាភិបាលទទួលស្គាល់នៅអំឡុងឆ្នាំ២០១២ ឲ្យគ្រប់គ្រងផ្ទៃដីព្រៃស្រោង តែជាង ៥០០ហិកតារទេ។ លោកថា អ្នកចូលទៅចុច ជី.ភី.អេស ក្នុងដីសហគមន៍នោះ គឺមន្ត្រីសុរិយោដីដែលគ្រោងនឹងចេញប្លង់ឲ្យសហគមន៍គ្រប់គ្រងត្រឹមត្រូវ។
លោក ខេង កួន៖ «ដីសហគមន៍ដែលគេផ្ដល់ឲ្យគ្មានអ្នកណាហ៊ានប៉ះពាល់ទេ ប៉ុន្តែរឿងហ្នឹងៗខាងសុរិយោដីគេទៅចេញប្លង់ដើម្បីបង្កើតជាវត្តឧត្តមស្រែពស់។ រួចពីហ្នឹងគ្មានអ្នកណាមានសិទ្ធិទៅរឹបអូស ឬក៏ទៅកាត់អីស្រេចចិត្តបានទេ អានេះរឿងថ្នាក់ក្រសួងគេសម្រេច មិនអាចម្នាក់ណាយកដីហ្នឹងទៅលក់ ឬក៏ទៅប៉ះពាល់ ក្រុមហ៊ុនរំលោភយកក៏អត់បានដែរ ឲ្យតែក្រសួងគេចេញឲ្យប៉ុណ្ណាគឺប៉ុណ្ណឹងហើយ»។
មេឃុំត្រពាំងជោរ លោក ទេព ណែម អះអាងថា សហគមន៍ការពារព្រៃឈើឧត្តមស្រែពស់ បង្កើតឡើងបានជួយការពារព្រៃឈើអំពីការកាប់បំផ្លាញព្រៃ និងការពារបានស្មៅសម្រាប់សត្វពាហនៈ។ លោកមិនបានដឹងអំពីទំហំដីព្រៃដែលសហគមន៍បានគ្រប់គ្រងទេ។ លោក ឈួន ខឿន សមាជិកសហគមន៍បានឲ្យដឹងថា ការជួយថែរក្សាព្រៃសហគមន៍ ហាក់ដូចជារក្សាដីនិងព្រៃសម្រាប់បម្រើផលប្រយោជន៍សាធារណៈ មិនគួរដីនិងព្រៃដែលសហគមន៍បានការពារជាមួយប្រជាពលរដ្ឋជាង ២០ភូមិ ក្នុងឃុំត្រពាំងជោរ ដីនោះបង្រួមពីទំហំដី ២.៤៣៣ហិកតារ មកនៅត្រឹមជាង ៥០០ហិកតារ ដោយសារតែផ្តល់ដីសម្បទានសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
