ពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ២១៦គ្រួសារ ក្នុងចំណោមពលរដ្ឋ ៣៦៧គ្រួសារដែលធ្លាប់មានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅរបស់ក្រុមហ៊ុន លោកឧកញ៉ា លី យ៉ុងផាត់ សម្រេចដកពាក្យស្នើអន្តរាគមន៍ពីអង្គការសមធម៌កម្ពុជា និងរដ្ឋសភា។ ការសម្រេចដកពាក្យប្ដឹងនេះ បន្ទាប់ពីពលរដ្ឋទាំងជាង ២០០គ្រួសារ មកពីភូមិចំនួន ១២នេះ បានទទួលសំណងពីក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី១៦ ខែឧសភា។
អតីតពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ២០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ជួបជុំគ្នានៅមុខអង្គការសមធម៌កម្ពុជា ដើម្បីដាក់លិខិតសុំបញ្ចប់ការស្នើអន្តរាគមន៍ពីអង្គការមួយនេះ។
នៅក្នុងលិខិតដែលពលរដ្ឋស្នើសុំដកឈ្មោះរបស់ពួកគាត់ទាំង ២១៦គ្រួសារ ចេញពីពាក្យបណ្ដឹងទាំងឡាយដែលអង្គការសមធម៌កម្ពុជា បានប្ដឹងទៅគ្រប់ស្ថាប័នជាតិ និងអន្តរជាតិកាលពីពេលកន្លងទៅ។
តំណាងពលរដ្ឋម្នាក់ គឺលោក ចេង សុភាព ថ្លែងបន្ទាប់ពីជំនួបជាមួយអង្គការសមធម៌កម្ពុជាថា ការសម្រេចដកពាក្យបណ្ដឹងនេះ ក្រោមហេតុផលតែមួយគត់គឺពលរដ្ឋទទួលបានសំណងសមរម្យ។ លោកបន្ថែមថា ចំពោះការផ្ដល់សំណង ៥០០ដុល្លារ ទៅឱ្យពលរដ្ឋទាំង ២១៦គ្រួសារនេះ ស្មើៗគ្នាដោយមិនគិតពីទំហំផ្ទៃដីដែលប៉ះពាល់ដោយសារតែដីទាំងនោះមិនមានឯកសារច្បាស់លាស់៖ «អត់បានគិតតាមទំហំដីទេ ដោយសារតែដីដែលពួកគាត់កាន់កាប់ហ្នឹងវាអត់ច្បាស់លាស់។ ទីមួយវាអត់មានឯកសារ អ៊ីចឹងតើយើងធ្វើម៉េចដឹងថា ដីគាត់មានទំហំប្រាំហិកតារដូចគាត់ថាមែន ពីព្រោះអង្ករវាក្លាយជាបាយទៅហើយ វាមានតែអំពៅ មិនដឹងគោលដៅយើងត្រូវវាស់ពីណា ចេញទៅណា អ៊ីចឹងវាអត់ច្បាស់អត់លាស់ទេកន្លែងហ្នឹង»។
អំឡុងឆ្នាំ២០១៥ ពលរដ្ឋបានស្នើឱ្យអង្គការសមធម៌កម្ពុជា ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) និងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) ដែលទទួលបានសិទ្ធិធ្វើវិនិយោគពីរាជរដ្ឋាភិបាល។
នាយកប្រតិបត្តិរបស់អង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ថ្លែងថា ដំណោះស្រាយបញ្ហាជូនពលរដ្ឋទាំង ២១៦គ្រួសារនេះ នៅមានភាពមិនប្រក្រតីនៅឡើយ តែទោះជាយ៉ាងណាលោកគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋក្នុងការសម្រេចដកពាក្យបណ្ដឹង។
លោកបន្ថែមថា អង្គការសមធម៌នៅតែបន្តស្វែងរកដំណោះស្រាយជូនពលរដ្ឋផ្សេងទៀតដែលមិនទាន់ទទួលបានដំណោះស្រាយ៖ «មានគ្រួសារច្រើនទៀតដែលមិនព្រមទទួលយកសំណងហ្នឹង អ៊ីចឹងអង្គការសមធម៌ ដរាបណាគាត់នៅធ្វើការពឹងពាក់អង្គការសមធម៌ យើងនៅតែបន្តចូលរួមធ្វើការជាមួយគាត់ ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីឈានទៅដល់ដំណោះស្រាយមួយសប្បាយរីករាយទាំងអស់គ្នា»។
ក្រៅពីដាក់លិខិតស្នើសុំបញ្ចប់ការអន្តរាគមន៍ដោះស្រាយទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅ របស់លោក លី យ៉ុងផាត់ ពីអង្គការសមធម៌រួចមក ក្រុមប្រជាពលរដ្ឋបន្តទៅស្នើសុំដកញត្តិអន្តរាគមន៍នេះពីរដ្ឋសភាជាតិជាបន្តទៀត។
ចំណែកមន្ត្រីសម្របសម្រួលបញ្ហាដីធ្លីរបស់ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ លោក ស៊ិន សត្ថា ថ្លែងថា ក្រុមហ៊ុននឹងដោះស្រាយបញ្ហាជូនពលរដ្ឋដែលនៅសេសសល់បន្ទាប់ពីក្រុមហ៊ុនធ្វើការសិក្សាទៅឃើញថា ពលរដ្ឋទាំងនោះពិតជារងផលប៉ះពាល់ពិតមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
