ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ត្អូញ​អំពី​ភាព​យឺតយ៉ាវ​នៃ​ការ​ដោះស្រាយ​បញ្ហា​ដី

0:00 / 0:00

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ប្រមាណ ៣០០​គ្រួសារ ត្អូញត្អែរ​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហា​កាប់ឆ្ការ​ព្រៃ​ដែល​ប៉ះពាល់​ដី​សហគមន៍។ ទោះ​យ៉ាង​ណា មន្ត្រី​សាលា​ខេត្ត​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នោះ ដោយសារ​អាជ្ញាធរ​មមាញឹក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ច្រើន​ពេក ដូច្នេះ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ណា​ដែល​ចាំបាច់​សិន។

ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​នោះ​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ជូន​ដំណឹង​នៃ​ការ​កាប់​ព្រៃ និង​ប៉ះពាល់​ដី​សហគមន៍​នោះ​ដល់​អាជ្ញាធរ​ខេត្ត​រួច​រាល់​ហើយ ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​ហាក់​មិន​អើពើ​ចំពោះ​កង្វល់​របស់​ពលរដ្ឋ​ឡើយ។

ពលរដ្ឋ​សុំ​មិន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា លោក ហ៊ុន ចូច ដែល​មាន​ឥទ្ធិពល​លើសលប់​នៅ​តំបន់​នោះ អះអាង​ថា លោក​ជា​ប្អូន​ធម៌​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់កាប់ និង​កាប់ឆ្ការ​ដី​ព្រៃ​របស់​សហគមន៍​មក​ទល់​ពេល​នេះ​កាប់​អស់​ដី​ចំនួន ២០​ហិកតារ។ ជាង​នេះ​ទៀត ពេល​ពលរដ្ឋ​ណា​សម្ដែង​ឥរិយាបថ​ប្រឆាំង​​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នោះ ត្រូវ​បុរស​រូប​នេះ​បាន​យក​កាំភ្លើង​គំរាម​ពលរដ្ឋ​ថែម​ទៀត។

ពលរដ្ឋ​ដដែល​ឲ្យ​ដឹង​បន្ត​ថា ដី​សហគមន៍​ជាង ៣​ពាន់​ហិកតារ​ដែល​ត្រូវ​លោក ហ៊ុន ចូច កាប់​ឆ្ការ​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​រស់​ភូមិ​ស្ដៅវស្សា ឃុំ​ទ័ពមាន ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ មន្ត្រី​សាលា​ខេត្ត​កំពង់ស្ពឺ ដែល​ចូល​កាន់​តំណែង​ថ្មី​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មន្ត្រី​សាលា​ខេត្ត​កំពុង​ដុតដៃដុតជើង​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ រី​ឯ​បញ្ហា​ដែល​នៅ​សេសសល់ អាជ្ញាធរ​ខេត្ត​នឹង​បន្ត​ដោះស្រាយ​នៅ​ពេល​បន្តបន្ទាប់។

មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​ជា​មន្ត្រី​ទើប​ឡើង​កាន់​តំណែង​ថ្មី ដូច្នេះ​លោក​មិន​ទាន់​ក្ដាប់​បញ្ហា​ដែល​កើត​មាន​នៅ​ខេត្ត​នេះ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ដូច្នេះ​លោក​សុំ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​បន្តិច​សិន ហើយ​ទុក​ឲ្យ​អាជ្ញាធរ​ចាត់ចែង​ដោះស្រាយ​បញ្ហា​នេះ​នៅ​ពេល​ខ្លី​ខាង​មុខ។

ពលរដ្ឋ​ជា​ច្រើន​បាន​មក​កាន់កាប់​ដី​ដែល​មាន​ជម្លោះ​តាំង​ពី​ឆ្នាំ​២០០៥ មក។ អ្នក​មាន​ឥទ្ធិពល​នៅ​តំបន់​មាន​ជម្លោះ​បាន​ប្រមូល​ដី​លក់​ឲ្យ​លោក ហ៊ុន ចូច។ លោក ហ៊ុន ចូច បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​តំបន់​នោះ។

បញ្ហា​ជម្លោះ​ដីធ្លី​តំបន់​នេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៣ មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។