តំណាងសហគមន៍ និងប្រជាពលរដ្ឋរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាច្រើនគ្រួសារ ព្រួយបារម្ភខ្លាចបាត់បង់ផ្ទះសម្បែង និងដីធ្លី ដោយសារគម្រោងអភិវឌ្ឍន៍ប្រឡាយមេចេញពីស្ទឹងច្រាំង។ ពួកគាត់អះអាងថា ប្រសិនបើគម្រោងនេះត្រូវបានគេអនុវត្តក្នុងពេលឆាប់ៗនោះ នឹងមានប្រជាពលរដ្ឋរាប់រយគ្រួសារ ទទួលរងនូវផលប៉ះពាល់។ ប្រជាពលរដ្ឋបានទាមទារឲ្យមានមន្ត្រីជំនាញ ឬអាជ្ញាធរចេញមុខដោះស្រាយឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋមកពីឃុំមួយចំនួននៃស្រុកបរិបូរណ៍ បានប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ថា ម្ចាស់ដី និងផ្ទះដែលគេបោះបង្គោលគ្រោងធ្វើប្រឡាយទឹកប៉ះចំលើដីពួកគាត់ នៅតែមានការភ្ញាក់ផ្អើល និងខ្លាចគេមិនផ្ដល់សំណងសមរម្យជូនពួកគាត់។ ក្ដីបារម្ភនេះ បានកើតមានជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ២០១៣ ដែលមានក្រុមកម្មករចិន និងខ្មែរជាច្រើននាក់ ដើរបោះបង្គោលឫស្សីចងក្រណាត់ក្រហម ដើម្បីសម្គាល់ប្លង់សាងសង់ប្រឡាយមេកាត់តាមមូលដ្ឋានពួកគាត់។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា សកម្មភាពបោះបង្គោលនេះនៅកន្លែងខ្លះបានប៉ះចំកណ្ដាលផ្ទះ និងក្បែរកាំជណ្ដើរផ្ទះ ក៏ប៉ុន្តែពួកគាត់មិនទាន់បានទទួលព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងបញ្ហានេះ។
តំណាងសហគមន៍ព្រៃឈើឃុំពេជ្រចង្វា អ្នកស្រី យិន ប៉ិច មានប្រសាសន៍ថា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ អ្នកស្រីបានជួបប្រជុំជាមួយប្រជាពលរដ្ឋនៅភូមិតាំងធ្នឹម និងភូមិតាំងត្រពាំង នៃឃុំពេជ្រចង្វា ដែលជាភូមិត្រូវប៉ះពាល់មុនគេ ហើយលើកយកបញ្ហានេះមកជជែក។ អ្នកស្រីបន្តថា នៅអំឡុងនៃកិច្ចប្រជុំនោះ ពួកគាត់ភាគច្រើនបានសម្ដែងការមិនពេញចិត្តចំពោះគម្រោងនេះឡើយ៖ «បើរដ្ឋាភិបាលសម្រេចចិត្តថានៅតែធ្វើ ទោះបីជាគាត់តវ៉ាមិនឲ្យធ្វើយ៉ាងម៉េច គេនៅតែធ្វើ យើងឲ្យគាត់គិតពីសំណងសមរម្យសងជាមុនសិន។ ហើយពួកគាត់ថា គាត់អត់ចង់បានសំណងទេ គាត់ចង់តែអត់ឲ្យធ្វើប្រឡាយហ្នឹង ព្រោះអីអ្នកដែលអត់ប៉ះពាល់គេទទួលបានផលប្រយោជន៍ អ្នកដែលប៉ះពាល់ គឺគាត់ហ្នឹងបាត់បង់ដីអ៊ីចឹងទៅណ៎ា»។
ចំណែកប្រជាពលរដ្ឋម្នាក់មកពីឃុំពពេល លោក ថៃ គន្ធា បញ្ជាក់ថា ដីចម្ការរបស់លោកស្ថិតនៅភូមិក្រាំងស្វាយ ត្រូវបានគេបោះបង្គោលសម្គាល់ខ្នងប្រឡាយមេនេះ ចូលទៅក្នុងដីរបស់លោកប្រហែល ២ម៉ែត្រ។ លោកទន្ទឹងរង់ចាំព័ត៌មានច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះពីអាជ្ញាធរថ្នាក់លើ ប៉ុន្តែដោយមិនអស់ចិត្ដ លោកក៏បានរត់ទៅសួរមេភូមិ និងមេឃុំ ហើយគេគ្រាន់តែប្រាប់ថា បង្គោលដែលបានបោះនោះ គឺជាគម្រោងធ្វើប្រឡាយទឹក។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ មានប្រសាសន៍ថា ការភ្ញាក់ផ្អើល ឬព្រួយបារម្ភជុំវិញបញ្ហានេះ គឺមានតែប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ពីព្រោះខាងអាជ្ញាធរបានចុះប្រជុំផ្សព្វផ្សាយច្រើនលើកច្រើនសាមកហើយ។ លោកថា ចំពោះចំនួនគ្រួសារដែលមានផលប៉ះពាល់ និងការផ្ដល់សំណងយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៖ «មិនមែនទេៗ ខ្ញុំប្រជុំពេលណាក៏ខ្ញុំលើក ពេលណាក៏ខ្ញុំជម្រាបគាត់ដែរ។ ផលប៉ះពាល់នៅទេ យើងគ្រាន់តែសិក្សាគម្រោងនៅឡើយទេ។ ប៉ះពាល់មានច្រើនដែរ ប៉ុន្តែវាមិនអីទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែកុម្ភៈ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានលើកឡើងថា កន្លងមកគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងក្រុមហ៊ុនមិនបានសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ជាមុនឡើយ រួចអនុវត្តការឈូសឆាយប៉ះពាល់ ឬមានបញ្ហាជាមួយប្រជាពលរដ្ឋត្រង់ណានោះ ទើបខ្លួនធ្វើការដោះស្រាយជាក្រោយ។ ប្រការនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងបារម្ភខ្លាចបាត់បង់ដីធ្លី។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ចមុន្នី ថ្លែងថា លោក និងក្រុមការងារបានចុះស៊ើបអង្កេតករណីនេះ និងបានជួបសម្ភាសប្រជាពលរដ្ឋចំនួន ៤គ្រួសារ។ ក្រោយពីសម្ភាសឃើញថា ពួកគាត់សុទ្ធតែមានផលប៉ះពាល់ដីស្រែ និងផ្ទះពីគម្រោងអភិវឌ្ឍន៍ប្រឡាយមេនេះ ហើយរហូតមកដល់ពេលនេះ ខាងអាជ្ញាធរនៅមិនទាន់បានគិតគូរថានឹងផ្ដល់សំណងរបៀបណាជូនពួកគាត់នៅឡើយ៖ «ដំណោះស្រាយដែលល្អគិតថា មុននឹងធ្វើការអភិវឌ្ឍ ត្រូវតែធ្វើការស្ទាបស្ទង់ជាមួយប្រជាពលរដ្ឋ ព្រោះថា គោលការណ៍អភិវឌ្ឍន៍ត្រូវការមានការចូលរួម។ ដូច្នេះហើយ ប្រជាពលរដ្ឋជាមនុស្សសំខាន់ដែលជាកម្មវត្ថុនៃការអភិវឌ្ឍ ហើយអភិវឌ្ឍដើម្បីប្រយោជន៍ដល់ប្រជាជនហ្នឹង»។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួន ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រឡាយមេនេះ នឹងត្រូវចំណាយទឹកប្រាក់ចំនួន ៤២លានដុល្លារ ជាជំនួយរបស់ចិន។ ប្រឡាយនេះមានប្រវែងប្រហែល ១៨គីឡូម៉ែត្រ គឺចេញពីស្ទឹងច្រាំង ស្ថិតនៅឃុំពេជ្រចង្វា ដែលត្រូវសាងសង់កាត់តាមឃុំទាំង៧ របស់ស្រុកបរិបូរណ៍ រហូតមកដល់ប៉ែកខាងក្រោមថ្នល់ជាតិលេខ៥ ស្ថិតនៅឃុំខុនរ៉ង នៃស្រុកបរិបូរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
