ក្រុមសង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធដីធ្លី បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលនៅជិតរាជធានីភ្នំពេញ ហើយក៏ជាខេត្តមានជម្លោះដីធ្លីមុនគេក្នុងការផ្តល់ដីសម្បទានផង អ្នកមានអំណាចផង និងអ្នកមកតាំងលំនៅថ្មីផង។ ជម្លោះដីទាំងនោះ ភាគតិចណាស់ដែលបានដោះស្រាយ ជម្លោះដីខ្លះមានបណ្ដឹងនៅក្នុងដៃតុលាការនៅឡើយ ជម្លោះដីខ្លះមិនទាន់ដោះស្រាយទាំងស្រុង។ អាជ្ញាធរខេត្តកំពង់ស្ពឺ ចាប់ផ្ដើមយកបញ្ហាដីធ្លីនោះដាក់ចូលក្នុងកិច្ចពិភាក្សារាស្ត្រ និងមន្ត្រី ស្វែងរកផ្លូវដោះស្រាយ។
អាជ្ញាធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អំពាវនាវឲ្យប្រជាពលរដ្ឋដែលភាគច្រើនមានទំនាស់ដីធ្លី ចូលរួមពិភាក្សាក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមីនា ខាងមុខ។
អភិបាលស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ថ្លែងថា ក្នុងវេទិកានោះប្រជាពលរដ្ឋអាចសម្ដែងនូវកង្វល់ទាំងឡាយ ហើយអាជ្ញាធរខេត្ត និងថ្នាក់ជាតិ រង់ចាំទទួលយកសំណូមពរ រួចស្វែងរកការដោះស្រាយនាពេលខាងមុខ៖ «តែបើរឿងធំៗទាល់តែថ្នាក់ជាតិ ព្រោះរឿងខ្លះមិនមែនថ្នាក់ក្រោមដោះស្រាយបានទេ»។
មន្ត្រីសាលាខេត្តកំពង់ស្ពឺ ចូលនិវត្ត លោក សំ តាំង ថ្លែងថា បច្ចុប្បន្នដីលំនៅឋាន និងចម្ការ ៥ហិកតារ នៅក្នុងភូមិលេខ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលភរិយាគាត់កាន់កាប់ពីឆ្នាំ១៩៨៦ កំពុងតែស្ថិតក្នុងប្លង់សមាគម និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច គូសប្លង់យកនៅឆ្នាំ២០១១។ លោកបន្តថា អ្នករស់នៅក្នុងឃុំត្រែងត្រយឹង ចាប់ពីគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៨ ដីទាំងអស់នោះ គឺនៅក្នុងប្លង់ក្រុមហ៊ុន និងសមាគម។ ពលរដ្ឋច្រើនភូមិបានតវ៉ាផង និងស្វែងរកអន្តរាគមន៍ផង តាំងពីរដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ប៉ុន្តែគ្មានដំណោះស្រាយបានមួយដុំណាទេ ច្រើនឆ្នាំមកនេះ។ ដូច្នេះ គាត់រំពឹងថា ការពិភាក្សាវេទិការាស្ត្រ និងមន្ត្រី នៅថ្ងៃទី២៦ ខែមីនា នោះ គឺអាចធ្វើឲ្យអាជ្ញាធររកឃើញដំណោះស្រាយជូនម្ចាស់ដីពិតប្រាកដ៖ «ឲ្យប្រជាជនហ្នឹងចេញពីលើដី ថាដីហ្នឹងសុទ្ធតែជាដីរបស់ចិន នោះទេ។ ដល់អ៊ីចឹង ប្រជាពលរដ្ឋនៅតាំងពីមិនទាន់កំលោះក្រមុំ រហូតដល់មានប្ដីមានប្រពន្ធ ការកូនទៅទៀតទៅហើយ ហើយធ្វើផ្ទះចង់ពុកទៀតទៅហើយ បើអ៊ីចឹងប្ដឹងនោះសែនប្ដឹងតវ៉ាទៅគ្រប់កន្លែង រួចចេះតែមិនមានការដោះស្រាយ»។
លោកស្រី សុខ គង់ នៅភូមិលេខ៣ ជាប់ភូមិចម្ការចេក ឲ្យដឹងថា ដីគាត់ ៧ហិកតារ មានដំណាំហូបផ្លែយូរអង្វែង ដូចជា ស្វាយ ខ្នុរ ធូរេន ដើមអាកាស្យា ប្រេងខ្យល់ ជាដើម គាត់ដាំតាំងពីឆ្នាំ១៩៨៨ មក។ ស្រាប់តែឆ្នាំ២០១១ សមាគមមួយបង្ហាញថា ដីគាត់នៅក្នុងប្លង់របស់គេ។ គាត់បានតវ៉ាបិទផ្លូវជាមួយប្រជាពលរដ្ឋ កាលពីចុងឆ្នាំ២០១១ គាត់ត្រូវបានគេប្ដឹងឡើងតុលាការ។ គាត់ឡើងតវ៉ាក្តីចុះឡើងៗ គាត់ចាយអស់ប្រាក់ ធ្វើឲ្យជីវភាពដុនដាប ដីនៅតែជាប់ជម្លោះ និងបណ្ដឹងដដែល៖ «កន្លែងណាក៏មានតែឈ្មោះគេ ដូចចែកគ្នាអង្កន់យកដីយ៉ាងម៉េច»។
ជំទប់ទី២ឃុំត្រែងត្រយឹង លោក សេង អឿន ឲ្យដឹងថា ក្នុងឃុំនោះមានដីទំហំជាង ៦ម៉ឺនហិកតារ។ លោកថា ក្នុងទំហំដីនោះ គឺមានជម្លោះដីដល់ទៅ ៥០% ហើយដែលមានប្លង់ដី ច្របូកច្របល់ដូចជាមានសមាគមកសិករ មានប្លង់ដី ១៦០ហិកតារ ប្លង់ដីក្រុមហ៊ុនចិន ច្រើនពាន់ហិកតារ ប្លង់ដី លោក អ៊ុក ឃន ច្រើនរយហិកតារ និងប្លង់ដីអ្នកមានអំណាចមួយចំនួនទៀត បានគូសប្លង់យកដោយដីអ្នកស្រុកកំពុងកាន់កាប់។ ចំណែកការសម្របសម្រួលរបស់អាជ្ញាធរឃុំក្នុងជម្លោះដីធ្លី គឺដោះស្រាយបានតែរឿងដីតូចតាច ដូចជា ទំនាស់ព្រំដីអី ជាដើម៖ «នេះទំនាស់ក្រុមហ៊ុនផង ក្រៅក្រុមហ៊ុនផង ខ្ញុំថាចូល ៥០% បាត់ទៅហើយ ទំនាស់បុគ្គល និងបុគ្គល អាទំនាស់ប្លង់ជាន់គ្នាពីមេឃុំចាស់ ស៊ីញេជាន់គ្នាអីផងហ្នឹងណា»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ស្ពឺ លោក រត្ថា វី ឲ្យដឹងថា ក្នុងខេត្តកំពង់ស្ពឺ មានករណីជម្លោះដីធ្លីកើតគ្រប់ស្រុក បន្ទាប់ពីរដ្ឋាភិបាលផ្តល់ដីវិនិយោគ។ ទន្ទឹមនោះ មានអ្នកប្រើអំណាច និងអ្នករត់ការទិញលក់ដី ក៏រួមចំណែកបង្កជម្លោះដីធ្លីរវាងអ្នករស់នៅផ្ទាល់ ដែលគ្មានប្លង់ដី តែមានភស្តុតាងដំណាំ និងផ្ទះ ឯអ្នកទិញមានតែប្លង់ដី តែមិនបានកាន់កាប់ដីនោះ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
