ពលរដ្ឋនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងប្រឈមបាត់បង់ដីធ្លាប់អាស្រ័យផល ដោយសារអាជ្ញាធរបង្វែរដីពួកគាត់ឱ្យក្លាយជាដីសម្បទានសង្គមកិច្ចសម្រាប់ជូនពលរដ្ឋនៅខេត្តកំពង់ចាម។ ក៏ប៉ុន្តែពលរដ្ឋទាំងនោះអះអាងថា នេះគ្រាន់តែជាហេតុផលរបស់ឈ្មួញ រួមជាមួយអាជ្ញាធរដើម្បីយកដីពលរដ្ឋដោយស្របច្បាប់ប៉ុណ្ណោះ ព្រោះសូម្បីតែដីពលរដ្ឋនៅក្រៅប្លង់សម្បទាន ក៏អាជ្ញាធរថាជាដីសម្បទានសង្គមកិច្ចដែរ។
ក្រោយពេលអាជ្ញាធរខេត្តកំពង់ធំ បានបញ្ជូនសំណើរបស់ពលរដ្ឋនៅខេត្តកំពង់ចាម ទៅអាជ្ញាធរថ្នាក់ជាតិដើម្បីស្នើសុំដីសម្បទានសង្គមកិច្ចជាង ១ពាន់ហិកតារ (១.៤២៧) សម្រាប់ពលរដ្ឋជាង ៣០០គ្រួសារ គឺធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋានជាច្រើនរយគ្រួសារ។ ពលរដ្ឋមូលដ្ឋានអាចបាត់បង់ដីធ្លាប់អាស្រ័យផល ដោយសារតែអាជ្ញាធរ និងតំណាងពលរដ្ឋមកពីខេត្តកំពង់ចាម ហាមឃាត់ពួកគាត់មិនឱ្យចូលធ្វើចម្ការលើដីនោះបាន។ លើសពីនេះទៀត សូម្បីតែដីរបស់ពលរដ្ឋខ្លះស្ថិតនៅក្រៅប្លង់ដីសម្បទានសង្គមកិច្ចទៅហើយ ក៏អាជ្ញាធរហាមឃាត់ដែរ។
ពលរដ្ឋនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឱ្យដឹងថា ពួកគាត់ជាង ៣០គ្រួសារ មានដីនៅខាងក្រៅផែនទីគម្រោងដីសម្បទានសង្គមកិច្ច កំពុងប្រឈមការបាត់បង់ដីធ្លាប់អាស្រ័យផល។ លោកបន្តថា អាជ្ញាធរហាមឃាត់ពួកគាត់មិនឱ្យចូលធ្វើអ្វីលើដីនោះទេ បើទោះបីជាពួកគាត់ធ្លាប់បានធ្វើចម្ការជាច្រើនឆ្នាំទៅហើយក្តី។
លោកបញ្ជាក់ថា ដីសម្បទានសង្គមកិច្ចថា ឱ្យទៅពលរដ្ឋនៅខេត្តកំពង់ចាម គឺមិនមានភាពច្បាស់លាស់ ពីព្រោះហេតុផលដែលអាជ្ញាធរប្រាប់ពលរដ្ឋ គឺមិនអាចទទួលយកបាន ប៉ុន្តែលោកថា អាចជាលេសដើម្បីយកដីរបស់ពលរដ្ឋទៅវិញទេ៖ «ការដែលគេឈូសឆាយដីហ្នឹង គឺជាការឈូសឆាយដោយឃុបឃិតគ្នាយកដីហ្នឹងជាសម្បត្តិផ្ទាល់ខ្លួនតែម្ដង»។
ប្រភពដដែលបន្តថា ពលរដ្ឋបានប្តឹងទៅអាជ្ញាធរជាច្រើនលើកច្រើនសាមកហើយ ក៏ប៉ុន្តែគ្មានដំណោះស្រាយទេ គឺមានតែហាមឃាត់ពួកគាត់មិនឱ្យធ្វើចម្ការលើដីដែលពួកគាត់ធ្លាប់ធ្វើទៅវិញ។
ជំទប់ទី១ឃុំមានរិទ្ធ លោក ស្រី សៀក មានប្រសាសន៍ថា ត្បិតតែដីពលរដ្ឋទាំងនោះស្ថិតនៅក្រៅប្លង់ដីសម្បទានសង្គមកិច្ចក៏ដោយ ប៉ុន្តែដីទាំងនោះ គឺពលរដ្ឋនាំគ្នាចូលកាន់កាប់ដោយខុសច្បាប់ ទើបអាជ្ញាធរខេត្តសម្រេចដកហូតដីនោះ ដើម្បីទុកសម្រាប់ពលរដ្ឋដែលខ្វះខាតបន្ថែមទៀត។
លោកបន្ថែមថា អាជ្ញាធរឃុំធ្វើតាមបញ្ជាពីអាជ្ញាធរស្រុក និងខេត្ត ដោយមិនអាចសម្រេចអ្វីបាន ក្រៅតែហាមឃាត់ពលរដ្ឋមិនឱ្យចូលដាំដំណាំលើដីនោះប៉ុណ្ណោះ៖ «នៅពេលគេឈូសឆាយមកដីមានប្លង់គេមិនប៉ះពាល់ទេ។ ប៉ុន្តែដែលពួកគាត់ត្រួសត្រាយក្រោយអនុសាសន៍សម្តេច អាហ្នឹងគេដកហូតយក»។
កាលពីដើមខែកុម្ភៈ សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ជូនទៅអភិបាលខេត្តកំពង់ធំ ដើម្បីឱ្យពិនិត្យឡើងវិញនូវគម្រោងដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅខេត្តកំពង់ចាម ពីព្រោះដីនោះធ្វើឱ្យពលរដ្ឋនៅឃុំស្រឹង ស្រុកបា្រសាទសំបូរ ជាង ៣០០គ្រួសារ (៣២៩) និងពលរដ្ឋនៅឃុំមានរិទ្ធ ជាច្រើនគ្រួសារផ្សេងទៀត ទទួលរងផលប៉ះពាល់ដោយសារមានពលរដ្ឋមកពីខេត្តកំពង់ចាម និងអាជ្ញាធររារាំងពួកគាត់មិនឱ្យចូលធ្វើស្រែចម្ការលើដីរបស់ខ្លួនបាន។
យ៉ាងណាអភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន ធ្លាប់មានប្រសាសន៍ថា ខាងលោកនឹងបង្កើតគណៈកម្មាធិការមួយដើម្បីចុះទៅពិនិត្យលើតំបន់ដីជម្លោះជាថ្មីទៀត មុននឹងឈានទៅសម្រេចថា ដោះស្រាយយ៉ាងណា។ លោកបន្តថា កន្លងមកអាជ្ញាធរខេត្តបានចុះសិក្សាវាយតម្លៃម្តងរួចហើយ ទើបឯកភាពបញ្ជូនសំណើរបស់ពលរដ្ឋនៅខេត្តកំពង់ចាម ទៅអាជ្ញាធរថ្នាក់ជាតិដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច ប៉ុន្តែលោកថា អាជ្ញាធរថ្នាក់ជាតិមិនទាន់សម្រេចយ៉ាងណាទេ។ លោកបន្ថែមថា ក្នុងអំឡុងពេលថ្នាក់ជាតិមិនទាន់សម្រេចដីនៅតំបន់នោះ គឺមិនទាន់ក្លាយជាដីសម្បទានសង្គមកិច្ចឡើយ ចំណែកពលរដ្ឋដែលធ្លាប់អាស្រ័យផលហើយ គឺពួកគាត់អាចធ្វើលើដីរបស់ខ្លួនបន្តទៀត។ដោយលោកបញ្ជាក់ថា អាជ្ញាធរ ហាមម្រាមតែពលរដ្ឋចូលទៅទន្ទ្រានថ្មីប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយពលរដ្ឋធ្លាប់អាស្រ័យផលនៅតែមិនអាចធ្វើអ្វីបានតាំងពីពេលគម្រោងដីសម្បទានសង្គមកិច្ចលេចចេញមក ចំណែកក្រុមឈ្មួញរត់ការរឿងដីតំបន់នោះ ចេះតែឈូសឆាយលើដីរបស់ពលរដ្ឋបន្តទៀត។ បន្ថែមពីនេះ ពួកគេក៏អាចប្រមូលកាប់ឈើពីក្រៅតំបន់ដីសម្បទានសង្គមកិច្ចថែមទៀតផង។
សមាជិកក្រុមប្រឹក្សាស្រុកសណ្ដាន់ មកពីគណបក្សសង្រ្គោះជាតិ លោក សៅ តក់ មានប្រសាសន៍ថា ដីតំបន់នោះគឺពលរដ្ឋធ្លាប់អាស្រ័យផលជាយូរណាស់មកហើយ ប៉ុន្តែនៅពេលក្រុមនិស្សិតចុះវាស់វែង គឺខកខានមិនបានវាស់ធ្វើប្លង់ជូនពលរដ្ឋ។
លោកបារម្ភថា ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅខេត្តកំពង់ចាម អាចមានតែឈ្មោះទេ ពីព្រោះលោករកឃើញភាពមិនប្រក្រតីមួយចំនួនរបស់ឈ្មួញកំពុងរត់ការជុំវិញរឿងដីនេះ៖ «គាត់ជួលកម្លាំងកម្មករទៅកាប់គល់នៅលើដីហ្នឹង ដើម្បីឱ្យផ្ដិតមេដៃជំនួសម្ចាស់ដីដែលទទួលបានដី ៤ ឬ ៥ហិកតារហ្នឹង»។
លោករីករាយនៅពេលឃើញពលរដ្ឋទទួលបានដីដោយស្មើភាពគ្នា និងប្រកបដោយតម្លាភាព ដោយមិនបង្កផលប៉ះពាល់ដល់ភាគីណាមួយ។ ជាងនេះទៀត លោកចង់ឃើញដីទាំងនោះបានទៅប្រជាពលរដ្ឋទូទៅ មិនមែនធ្លាក់លើដៃរបស់បុគ្គលណាម្នាក់ ឬក្រុមអ្នកមានអំណាចណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
