ពលរដ្ឋ​រស់​នៅ​លើ​ដី​សម្បទាន​ខេត្ត​កំពត​ថា​ពូក​គាត់​ត្រូវ​ក្រុមហ៊ុន​គំរាម​ឲ្យ​លក់​ដី​ថោកៗ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​លើ​ដី​អភិវឌ្ឍន៍​ដំរីផុង ក្នុង​ភូមិ​ព្រៃទាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​តវ៉ា​នៅ​ថ្ងៃ​អាទិត្យ​ទី​៤ មករា ថា ពួកគាត់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ដែល​អះ​អាង​ថា ស្គាល់​មន្ត្រី​ថ្នាក់​កំពូល ចុះ​មក​បង្ខំ​ពួកគាត់​ឲ្យ​លក់​ដី​ទៅ​ឲ្យ​ពួក​គេ​ថោកៗ ហើយ​ថែម​ទាំង​គំរាម​រឹបអូស​យក​ដី​ទទេ បើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​តវ៉ា ឬ​ជំទាស់​មិន​ព្រម​លក់។ ប្រជាពលរដ្ឋ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​បាត់​បង់​ដី​ផ្ទះ​និង​ដី​កសិកម្ម​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ពួក​គាត់ ​ជា​ដីសម្បទាន​សង្គមកិច្ច ដើម្បី​រស់​នៅ​សាង​ជីវភាព​ថ្មី​លើ​ដី​នេះ។

ប្រជាពលរដ្ឋ​រស់​នៅ​ដី​សម្បទាន​អភិវឌ្ឍ​ន៍​ដំរីផុង​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ទាំង​ភ័យ​ខ្លាច​ថា គាត់​សោកស្ដាយ​ដី​របស់​គាត់ និង​ដី​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​បាន​ចែក​ឲ្យ ហើយ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង បែរ​ជា​ពេល​នេះរង​ការ​គំរាម​ពីសំណាក់​ឈ្មួញ​លាក់​មុខ​យក​ឈ្មោះ​អ្នកធំ​បង្ខំ​​​ប្រជាពលរដ្ឋ​ឲ្យ​លក់ដី​​ក្នុង​តម្លៃ​ថោកៗ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​ចង់​លក់៖ «ចែក​ឲ្យ​ហើយ​ហ្នឹង ទាំង​ដី​កសិកម្ម ដី​លំនៅឋាន ត្រូវ​ក្រុមហ៊ុន​បំពារបំពាន​ឈូស​យក​ហើយ​ឲ្យ​តម្លៃ​ថោកៗ គឺ​ទទួល​សំណង​តិចតួច​បំផុត»

ចំណែក​លោក ហេង សឿន អតីត​មន្ត្រី​ក្នុង​មូលដ្ឋាន​អភិវឌ្ឍន៍​ដំរីផុង និង​ជា​តំណាង​អ្នក​​តវ៉ា​មួយ​រួប​ដែរ​នោះ បញ្ជាក់​ថា ប្រជាពលរដ្ឋ​មិន​បាន​ដឹង​អំពី​ឈ្មោះ​ក្រុមហ៊ុន​នោះ​ទេ គ្រាន់​តែ​ដឹង​ថា មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​ប្រជាពលរដ្ឋ​​ហៅ​ថា លោក​ជំទាវ ហៀង ឃុនឌី ជា​ប្រពន្ធ និង​ប្ដី​ជា​ឯកឧត្ដម ឈ្មោះ អាំ ផល្លីន ចុះ​មក​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ​ដោយ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​បាន​ប្រកាស​ថា ពួកគាត់​ចុះ​មក​ទិញ​ដី​ឲ្យ​មន្ត្រី​ថ្នាក់​កំពូល៖ «ដល់​ពេល​អ៊ីចឹង ប្រជាជន​អត់​លក់ តែ​គាត់​ថា សម្ដេច ជា ស៊ីម សម្ដេច​ ហេង សំរិន សុំ​មក​ទិញ​ដូរ​ដី​ហ្នឹង។ អ៊ីចឹង ដី​ហ្នឹង​គាត់​ទិញ​ដូរ​អត់​មាន​ស្របច្បាប់​ទេ បើ​តាម​ខ្ញុំ​ដឹង ដី​ហ្នឹង​ក្នុង​១​ហិកតារ ៣០០ ​៤០០​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​ណា​អត់​លក់​គាត់​ដក​យក​ទទេ ជា​សម្បត្តិ​រដ្ឋ»

លោក ហេង សឿន និយាយ​ថា មាន​ពាក្យ​ចចាមអារ៉ាម​ថា ដី​ដែល​គេ​ព្យាយាម​ទិញ​ពី​ប្រជាពលរដ្ឋ​ថោកៗ​នេះ គឺ​ចង់​លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន មួយ​ដើម្បី​ដាំ​ម្រេច។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ខុទ្ទកាល័យ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​បាន​នៅ​ថ្ងៃ​អាទិត្យ​ទី​៤ មករា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​អះអាង​នេះ។
រី​ឯ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​កំពត ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត លោក ម៉ម កេសី បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​អំពី​ការ​គំរាម ឬ​បង្ខំ​ប្រជា​ពលរដ្ឋ​ឲ្យ​លក់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ដំរី​ផុង​ទេ ហើយ​លោក​នឹង​ចុះទៅ​អង្កេត​រឿង​នេះ​នៅ​ពេល​ឆាប់ៗ។
បើ​តាម​ប្រជាពលរដ្ឋ តំបន់​អភិវឌ្ឍន៍​ដំរីផុង ដែល​មានដី​ទំហំ​ជាង ៥០០​ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ជូន​ជា​ដី​សម្បទាន​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ១០០​គ្រួសារ មក​ពី​ស្រុក​ពីរ គឺ​ស្រុក​ឈូក និង​ស្រុក​ទឹកឈូ ដោយ​ក្នុង​នោះ​មាន​ដី​សម្រាប់​សង់​សាលារៀន សង់​មណ្ឌល​សុខភាព និង​ដី​សម្រាប់​សង់​ទីផ្សារ និង​ធ្វើ​កសិកម្ម​ជាដើម ដែល​អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហ៊ូរ បាន​ចុះ​ហត្ថលេខា​ប្រគល់​ជូន​ប្រជាពលរដ្ឋ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។