ពលរដ្ឋ​នៅ​ឃុំ​តេជោអភិវឌ្ឍន៍​ថា​អាជ្ញាធរ​ខេត្ត​កំពត​មិន​ទាន់​វាស់ដី​ជូន​តាម​ការ​សន្យា

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពត បាន​អះអាង​ថា នឹង​ចុះ​វាស់ដី​ជូន​អ្នក​ភូមិ និង​អតីត​កម្លាំង​ប្រដាប់​អាវុធ​ជាង ២០០​គ្រួសារ នៅ​ឃុំ​តេជោអភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ជិត ៤០០​នាក់ ឡើង​មក​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។

អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ នៅ​ក្នុង​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក អះអាង​នៅ​ថ្ងៃ​១៥ ខែ​កញ្ញា ថា អាជ្ញាធរ​​ខេត្ត​កំពត មិន​បាន​ចុះ​វាស់ដី​ឲ្យ​ពួកគាត់​ដូច​ការ​សន្យា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា នោះ​ទេ។

តំណាង​អ្នកភូមិ​តវ៉ា​ដីធ្លី​នៅ​ឃុំ​តេជោអភិវឌ្ឍន៍ លោក លី គឹមហុង អះអាង​ថា ពួកគាត់​រង់ចាំ​ក្រុម​មន្ត្រី​ចុះ​វាស់ដី​តាំង​ពី​ព្រឹក​មក​ដល់​ល្ងាច​ថ្ងៃ​១៥ ខែ​កញ្ញា ប៉ុន្តែ​មិន​មាន​វត្តមាន​ក្រុម​ការងារ​ខេត្ត​ចុះ​វាស់ដី​ឲ្យ​ពួកគាត់​ដូច​ការ​សន្យា​ទេ៖ «ដី​សង្គមកិច្ច​នៅ​ទី​នោះ​អត់​មាន ១​ចំអាម​ណា​ទំនេរ​សម្រាប់​សង្គមកិច្ច​ទេ គឺ​សុទ្ធតែ​ដី​ពលរដ្ឋ។ គាត់​ចែង​អនុក្រឹត្យ​មក​ប្លន់​ដី​រាស្ត្រ​យក​ទៅ​ឲ្យ​សោធន​មួយ​ចំណែក​គ្រាន់​ជា​លេស​ទេ តែ​ការ​ពិត​គឺ​គាត់​ចង់​បាន​ឲ្យ​ក្រុមហ៊ុន»

​ដូចគ្នា​ដែរ​តំណាង​ពលរដ្ឋ​ភូមិ​តេជោក្បាលដំរី ឃុំ​តេជោអភិវឌ្ឍន៍ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​១៣ ខែ​កញ្ញា ពួកគាត់​ឡើង​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ស្រាប់តែ​អាជ្ញាធរ​ស្រុក​ឈូក និង​ខេត្ត​កំពត សន្យា​ថា នឹង​វាស់​ដី​ឲ្យ​នៅ​ថ្ងៃ​១៥ ខែ​កញ្ញា។ នៅ​ថ្ងៃ​នេះ គាត់​រង់ចាំ​មន្ត្រី​ថ្នាក់​ខេត្ត និង​ស្រុក​មក​វាស់ដី​ឲ្យ​គាត់ តែ​បែរ​ជា​មិន​ឃើញ​មក​ទៅ​វិញ។ លោក​ថា កន្លង​មក​មាន​ការ​វាស់ដី​អ្នក​ភូមិ​ដែល​ក្រីក្រ​ខ្វះខាត​មិន​បាន​រស់​នៅ​ក្នុង​ដី​ខ្លួន​ជាប់​លាប់ ត្រូវ​បាន​គេ​វាស់​ឲ្យ​អ្នក​ទិញ​ដី​ធ្វើ​ចម្ការ និង​ក្រុមហ៊ុន។

លោក​ថា ការ​វាស់ដី​ក្រោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដក​ទៅ​នោះ គឺ​វាស់​តាម​អនុក្រឹត្យ​ថ្មី​លេខ ២១៩ ដែល​បែងចែក​ដី​ឲ្យ​យោធិន​ពិការ និង​សោធន​និវត្តន៍ ដែល​វាស់​ប៉ះ​លើ​ដី​ពួកគាត់​រស់​នៅ​ភូមិ​ចាស់។ ពួកគាត់​ឡើង​ទៅ​តវ៉ា​នោះ គឺ​សុំ​ឲ្យ​អាជ្ញាធរ​វាស់ដី​តាម​អនុក្រឹត្យ​លេខ ២៥៩ ចេញ​ឆ្នាំ​២០១២ ដែល​ជា​អនុក្រឹត្យ​បញ្ជា​ឲ្យ​វាស់ដី​បែងចែក​ឲ្យ​អ្នក​ភូមិ​ក្នុង​ឃុំ​តេជោអភិវឌ្ឍន៍។

លោក​ថា នៅ​ក្នុង​ឃុំ​តេជោអភិវឌ្ឍន៍​នេះ គ្មាន​ដី​សង្គមកិច្ច​ទេ មាន​តែ​ដី​ពលរដ្ឋ​កាន់កាប់​អាស្រ័យ​ផល​ពី​ឆ្នាំ​២០០០ មក។ លោក​ថា ដី​គាត់​កាន់កាប់​ទំហំ ៣,៥​ហិកតារ ថ្មីៗ​នេះ​ត្រូវ​បាន​គេ​បោះ​បង្គោល​ថ្ម និង​បង្គោល​ឈើ​ចូល ទើប​ពួកគាត់​ឡើង​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ៖ «ប្រជាពលរដ្ឋ​ថ្មី​មក​ទិញ​ដី​ហ្នឹង​សុទ្ធតែ​មាន​ប្លង់​ពី​ភូមិ ពី​ឃុំ ដល់​ពេល​គេ​ទាក់ទង​តាម​រយៈ​ភូមិ ឃុំ​ហ្នឹង គេ​លក់​ដី​ឲ្យ​ហ្នឹង គេ​ធ្វើ​ប្លង់​ឲ្យ​តែម្ដង។ ដូច​ថៅកែ​ម្រេច គេ​រៀបចំ​លក់​ដី​ហ្នឹង​ទៅ គេ​ធ្វើ​ប្លង់​ឲ្យ​ទៅ។ដូច​ថៅកែ​មួយ​មក​ពី​កំពង់សោម មក​ទិញ​ដី​ហ្នឹង​ទៅ គេ​ធ្វើ​ប្លង់​ឲ្យ​អ្នក​ហ្នឹង គេ​បាន​ប្លង់​ទៅ។ ដល់​ប្រជាពលរដ្ឋ​ខ្ញុំ​រស់​នៅ​ពិត​ប្រាកដ រស់​នៅ​តាំង​ពី​មិន​ទាន់​បង្កើត​ភូមិ ឃុំ​ស៊ីញ៉េ​ទទួល​ស្គាល់​ពី​មេ​ឃុំ​ចាស់ លោក ទុំ គល់ ពី​មុន​មក​នោះ គេ​អត់​ធ្វើ​ប្លង់​ឲ្យ»

បន្ថែម​លើ​នោះ​តំណាង​អ្នក​ភូមិ​តេជោអន្លង់ក្មេងលេង មិន​បញ្ចេញ​ឈ្មោះ​ដែរ អះអាង​ថា គាត់​កំពុង​រង់ចាំ​អាជ្ញាធរ​ចុះ​មក​វាស់​ដី​បែងចែក​ឲ្យ​គាត់​កាន់កាប់​ទំហំ ១​ហិកតារ ប៉ុន្តែ​មិន​ឃើញ​ចុះ​មក​វាស់​ទេ៖ «បើ​តាម​អភិបាល​ស្រុក​ថា ថ្ងៃ​នេះ​គេ​នឹង​មក​វាស់វែង។ ដោយ​ឡែក​ប្រជាពលរដ្ឋ រង់ចាំ​មើល​ទល់​នឹង​ម៉ោង​នេះ​អត់​ទាន់​ឃើញ​គាត់​មក​ផង»

អភិបាល​ស្រុក​ឈូក លោក វ៉ែន ស៊ីថា ថ្លែង​ថា លោក​មិន​បាន​ចូលរួម​វាស់​ទេ ប៉ុន្តែ​ក្រុម​ការងារ​របស់​សាលា​ខេត្ត​កំពត កំពុង​វាស់​បែងចែក​ដី​រាល់​ថ្ងៃ។ លោក​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ថា ការ​ចុះ​​វាស់ដី​នោះ​បាន​ដល់​ភូមិ​ណា​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ក៏​មិន​ដឹង​ថា នៅ​ថ្ងៃ​ណា​ដែរ ទាល់​តែ​សួរ​ទៅ​ក្រុម​ការងារ​របស់​ខេត្ត»

ក្រុម​គណៈកម្មការ​វាស់វែង​ដី លោក ហេង វន្ថា ជា​អភិបាលរង​ខេត្ត​កំពត អះអាង​ថា អាជ្ញាធរ​កំពុង​ចុះ​វាស់ដី​ជូន​ពលរដ្ឋ​នៅ​ស្រុក​ឈូក។ ប៉ុន្តែ​នៅ​ថ្ងៃ​១៥ ខែ​កញ្ញា លោក​ឡើង​មក​រាយការណ៍​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដូច្នេះ​មិន​បាន​ចូលរួម​វាស់ដី​​នេះ​ទេ៖ «គេ​ចុះ​ធ្វើ​យូរ​ហើយ​តើ ពី​ថ្ងៃ​៧ (កញ្ញា) មក​គេ​ធ្វើ​រហូត»

​ប្រជាពលរដ្ឋ​ឃុំ​តេជោអភិវឌ្ឍន៍ ឲ្យ​ដឹង​ថា ដី​ដែល​ពលរដ្ឋ​បាន​រស់​នៅ និង​កាន់កាប់​ពី​ឆ្នាំ​២០០០ មក ហើយ​មិន​ទាន់​បាន​ប្លង់​ច្បាស់លាស់​នោះ គឺ​មាន​នៅ​ភូមិ​តេជោអន្លង់ក្មេងលេង ភូមិ​តេជោក្បាលដំរី និង​ភូមិ​តេជោអង្កាញ់។ ចំពោះ​ទំហំ​ដី​ទាំង ៣​ភូមិ មិន​ទាន់​បាន​ប្លង់ គឺ​ពួកគាត់​ដឹង​មិន​ច្បាស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។